(កំពង់ចាម)៖ លោក ​គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ផ្លូវរបស់រដ្ឋបាលខេត្ត នៅក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

តាមន្រ្តីសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ការងារថែទាំជួសជុលផ្លូវសម្រាប់ឆ្នាំ២០១៩ របស់សាលាខេត្តកំពង់ចាម ក្នុងនោះ ដូចជាការថែទាំជួសជុលផ្លូវ ផ្លូវលំ ស្ពាន និងប្រព័ន្ធលូ។

ការងារចាក់កៅស៊ូប្រភេទ DBST ចាប់ពីផ្លូវជាតិលេខ៥ ចូលពន្ធនាគារថ្មី ក្នុងភូមិផ្កាយព្រឹក ស្រុកព្រៃឈរ បណ្ដោយប្រវែង៥១៥ម៉ែត្រ ទទឹង៧ម៉ែត្រ និងការងារចាក់កៅស៊ូប្រភេទ DBST ចាប់ពីកែងផ្លូវលេខ៤៧-៥ ទន្លេអ៊ុ ដល់រង្វង់មូលនាគព័ន្ធ ផ្លូវជាតិលេខ៧ ស្របផ្លូវទន្លេអ៊ុ ប្រវែង១២២០ម៉ែត្រ ទទឹង៧ម៉ែត្រ និងការងារជួសជុល ធ្វើផ្លូវបេតុងមេសសៃរដែក ស្ថិតក្នុង ភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ប្រវែង៩០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្ពស់០.១៥ម៉ែត្រ និងជួសជុលធ្វើផ្លូវបេតុង សរសៃដែក បំបែកចូលពីផ្លូវជាតិលេខ៧ ទៅសាលាបឋមសិក្សា ហ៊ុន សែន រោងចក្រ ឃុំអំពិល ស្រុកកំពង់សៀម ប្រវែង១២៣០ ម៉ែត្រទទឹង៦ម៉ែត្រ និងជួសជុលផ្លូវប្រភេទបេតុងសរសៃដែកនៅភូមិពាម ក្នុងឃុំព្រែកក្របៅ ស្រុកកងមាស ប្រវែង៤៥០ម៉ែត្រ ទទឹង៤ម៉ែត្រ៕