(កណ្តាល)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល​ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការនៃស្នងការដ្ឋានសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានអនុគណៈកម្មការទី២។

ពិធីនេះក៏មានការចូលរួមពីឧត្តមសេនីយ៍ទោ ហ៉ឺម ភីរិន្ទ នាយករងទីចាត់ការបុគ្គលិកអគ្គបញ្ជាការ ជាអនុគណៈកម្មការទី២ និងឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងក្រុមការងារដែលមានការពាក់ព័ន្ធ និងនាយរងអាវុធហត្ថខេត្តកណ្តាលជាច្រើនរូបទៀត។

ឧត្តមសេនីយ៍ត្រី សំ តុលា បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ ប្រធាននិងអនុប្រធាន អនុគណៈកម្មាធិការ និងក្រុមការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ទាំងអស់ ដែលបានមកធ្វើបច្ចុប្បន្នភាព នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល។ ឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តរូបនេះ បានបន្តថា ក្រុមការងារត្រួតពិនិត្យចំនួនទ័ព-កូន បានធ្វើមួយជំហាននមុនរួចមកហើយ មុននឹងថ្នាក់ជាតិចុះមក ហើយគឺធ្វើនេះគឺធ្វើដោយហ្នត់ចត់បំផុត និងបានត្រៀមនូវរាល់ឯកសារពាក់ព័ន្ធ ព្រមទាំងឱ្យជំនាញចុះសិក្សាដោយផ្ទាល់ ដើម្បីរៀបចំការងារធ្វើបច្ចុប្បន្នភាពនេះ មានភាពរលួន និងប្រកបដោយជោគជ័យ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ ជួន ជឿន បានឱ្យដឹងថា ដោយមានការកំណែទម្រង់ស៉ីជម្រៅ ដែលជាយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្ររបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេ បានធ្វើកំណែកងរាជអាវុធហត្ថទម្រង់ដើម្បីឆ្លើយតបទៅ និងកំណែទម្រង់ដែលយុទ្ធសាស្ត្រអណត្តិទី៦នេះ ដើម្បីឱ្យកាន់តែមានប្រសិទ្ធិភាពក្នុងការដឹកនាំបញ្ជា ក្នុងកងយោធពលខេមរភូមិន្ទទាំងមូល។

ឧត្តមសេនីយ៍បន្តថា ថ្ងៃនេះក្រុមការងារបានមកធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន នៅកងរាជអាវុធហត្ថខេត្តកណ្តាល ហើយនាយ នាយរងអាវុធហត្ថទាំងអស់ត្រូវមានឯកសារមួយចំនួន ដើម្បីឱ្យក្រុមការងារធ្វើការត្រួតពិនិត្យរួមមាន៖ ឯកសារប្រវត្តិរូបចំនួនពីរ, សេចក្តីសម្រេចឋាននន្តរសក្តិ, សេចក្តីសម្រេចមុខងារ, អត្តសញ្ញាណបណ្ណកងទ័ព, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, សំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ។ ចំពោះឯកសារទាំងអស់ តម្រូវឱ្យមានគ្រប់ទាំងអស់ និងត្រូវតែច្បាស់លាស់ ហាមកោសលុប បើមានករណីបែបនេះ គឺក្រុមការងារមិនត្រួតពិនិត្យនោះទេ រួមទាំងការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវផងដែរ។

ដោយឡែក ចំពោះការចុះមកត្រួតពិនិត្យនេះ គឺគណៈកម្មាធិការគ្រាន់តែស្រង់ឱ្យដឹងថា មានខុសអ្វីខ្លះ ត្រូវអ្វីខ្លះ និងខុសមានចំនួនប៉ុន្មាន។ ចំពោះការកែតម្រូវ ឬមិនកែតម្រូវក្រុមការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន គ្មានសិទ្ធនោះទេ គឺដាក់ជូនថ្នាក់លើជាអ្នកសម្រេច៕