(ភ្នំពេញ)៖ លោកស្រី កែ ឡេង ដែលត្រូវបានប្រសិទ្ធនាមថា ជាវីរកីឡាការិនីប៉េតង់ដៃឯកកម្ពុជា បានថ្លែងថា ចាប់តាំងពីប្រកបអាជីព ជាកីឡាការិនីប៉េតង់ ពោលតាំងពីឆ្នាំ១៩៩៧ មកទល់ដើមឆ្នាំ២០១៩នេះ លោកស្រីបានឈ្នះមេដាយ សរុបចំនួន៥៥មេដាយហើយ។

វីរកីឡាការិនីប៉េតង់កម្ពុជា បានថ្លែងបែបនេះក្នុងឱកាសដែល នាយកដ្ឋានអប់រំ និងកីឡា បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការជ្រើសតាំងលោកស្រី ជាបេក្ខភាពនារីប៉េតង់ឆ្នើមពិភពលោកប្រចាំឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ។

ថ្លែងប្រាប់ Fresh News បន្ទាប់ពីសន្និសីទសារព័ត៌មាន លោកស្រី កែ ឡេង បានបញ្ជាក់យ៉ាងដូច្នេះថា «តាំងពីឆ្នាំ១៩៩៧ មកដល់ឆ្នាំ២០១៩នេះ គឺខ្ញុំទទួលបានមេដាយមាស២១ ដាយសំរឹទ្ធ១៧ និងមេដាយប្រាក់១៧ សរុបទាំងអស់៥៥មេដាយ»

កីឡាការិនីវ័យ៥៧ឆ្នាំរូបនេះ បានឱ្យដឹងបន្ថែមថា ក្រៅពីមេដាយដ៏ច្រើនខាងលើ លោកស្រីក៏តែងតែទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ពីរាជរដ្ឋាភិបាលកម្ពុជា គ្រប់ពេលត្រឡប់មកពីការប្រកួតផងដែរ ដែលនេះជាកត្តាជំរុញឱ្យលោកស្រី ត្រូវខិតខំប្រឹងស្វែងរកមេដាយជូនជាតិ ជាបន្តបន្ទាប់ទៀត។

គួរជម្រាបថា លោកស្រី កែ ឡេង ត្រូវបានជ្រើសរើសឱ្យឈរជាបេក្ខនារីប៉េតង់ឆ្នើមពិភពលោក សម្រាប់ឆ្នាំ២០១៨ តំណាងឱ្យប្រទេសកម្ពុជា ដើម្បីប្រកួតតាមរយៈការបោះឆ្នោត Online ក្នុងចំណោមបេក្ខភាពជាច្រើននាក់ មកពីជុំវិញពិភពលោក។ លោកស្រី គឺជាវីរកីឡាការិនីកម្ពុជាតែ១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយគឺ៖ ឆ្នាំ​២០១៣​ ​នៅ​ប្រទេស​បារាំង​, ឆ្នាំ​២០១៥​ នៅ​ប្រទេស​ថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។

សូម​គាំទ្រ​បេក្ខភាព​លោកស្រី កែ ឡេង ឱ្យឆ្លង​ផុត​ការ​ជម្រុះ​ជុំទី១ ដើម្បី​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​ កីឡាការិនីឆ្នើមពិភពលោក ប្រចាំ​ឆ្នាំ​២០១៨ តាមរយៈតំណរភ្ជាប់ ដូចតទៅ៖ ទី១៖ សូម​ចូល​ទៅ​កាន់៖ http://bit.ly/2QzVpD9 និងទី២៖ ចុច​ Vote លើ​រូប​អ្នក​ស្រី កែ ឡេង រួច​ចុច​លើពាក្យ registration ជាការ​ស្រេច។

ការ​បោះឆ្នោត​គាំទ្រ តាម​នីតិវិធី​នេះ​រាល់​២៤​ម៉ោង​ម្ដង ជា​រៀងរាល់​ថ្ងៃ។ ផុត​កំណត់​៖ ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៩ (ជុំទី១) និង​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ (បញ្ចប់​ជុំ)៕