(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងស្រុកមុខកំពូល នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៏លើកទី៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ ០១ ១៩៧៩-៧ ០១ ២០១៩) និងផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណ:កម្មាធិការ កណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ សកម្មជន និងសមាជិកសមាជិកាគណបក្សនៅក្នុងស្រុកមុខកំពូលជាង១.៤០០នាក់។

អង្គពិធីទាំងមូលបានស្តាប់ដោយយកចិត្តទុកដាក់ ចំពោះសុន្ទរកថាទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងពិធីមីទ្ទីងរំលឹកខួប៤០ នៃទិវាជ័យជំនះ ៧ មករា ដែលបានអានដោយលោកអភិបាលស្រុកមុខកំពូល និងជាប្រធានគណៈកម្មាធិការបក្សស្រុកមុខកំពូល និងលទ្ធផល នៃសន្និបាតគណ:កម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានអានដោយលោកប្រធានក្រុមប្រឹក្សាស្រុកមុខកំពូល និងជាអនុប្រធានគណៈកម្មាធិការបក្សស្រុកមុខកំពូល។ អង្គពិធីទាំងមូល សូមចងចាំជានិច្ចនូវស្មារតី ៧ មករា ជាអមតៈ!។

នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីថា គណបក្សប្រជាជន គឺជាបក្សនយោបាយមានប្រវត្តិយូរលុង និងមានចំណាស់ជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា ព្រមទាំងជាគណបក្សដែលធំជាងគេ និងមានអ្នកគ្រាំទ្រច្រើនជាងគេបំផុត ថែមទាំងមានក្បាលម៉ាស៊ីនដឹកនាំ និងរចនាសម្ព័ន្ធចាត់តាំងរឹងមាំ ចាប់តាំងពីថ្នាក់កណ្តាល រហូតទៅដល់ថ្នាក់មូលដ្ឋាន។ ប្រការនេះ គឺជាឆ្លុះបញ្ចាំងឱ្យឃើញភាពខ្លាំង និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងបានរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ប្រុសស្រីក្មេងចាស់គ្រប់កាលៈទេសៈ។

លោកបានលើកឡើងបន្តថា កាលពី៤០ឆ្នាំមុន គណបក្សប្រជាជនកម្ពុជាបានសង្គ្រោះ បងប្អូនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ព្រៃផ្សៃ ដែលនេះគឺជាសច្ចៈធម៌នៃប្រវត្តិសាស្រ្ត។ លោកបានបន្តថា សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំកំពូលរបស់បក្ស គឺជាតួអង្គដ៏សំខាន់បំផុត នៅក្នុងដំណើរការបង្រួបបង្រួមជាតិខ្មែរ និងជាស្ថាបនិក នៃនយោបាយឈ្នះ-ឈ្នះ ដែលនាំទៅដល់ការបញ្ចប់សង្រ្គាមស៊ីវិល និងជំលោះរវាងខ្មែរ និងខ្មែរនៅចុងឆ្នាំ១៩៩៨ ហើយបានធ្វើឱ្យប្រទេសកម្ពុជាមានឯកភាពជាតិ និងឯកភាពទឹកដីជាលើកដំបូង នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនជាង៥០០ ឆ្នាំមកនេះ ពោលគឺបានធ្វើឱ្យប្រទេសកម្ពុជាទាំងមូល ស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រមួយអង្គ រដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។

លោក វង្សី វិស្សុត សូមឱ្យមន្រ្តីគណបក្សកុំស្កប់ស្កលនឹងជ័យជំនះ ហើយភ្លេចខ្លួនធ្លាក់ដៃក្នុងការបម្រើប្រទេសជាតិ និងប្រជាជន និងសូមបន្តធ្វើនូវអំពីល្អ ព្រោះអំពើអសកម្មមួយចំនួន ឬកំហុសរបស់បុគ្គលអាចបំផ្លាញដល់បក្សទាំងមូលបាន។ លោកបានគូសបញ្ជាក់ថា គ្មាននរណាអាចមកបំផ្លាញយើង ក្រៅពីខ្លួនយើងបាននោះទេ។

ទន្ទឹមនឹងនេះ លោកថា បញ្ហាភូមិសាស្រ្តនយោបាយ និងការប្រកួតប្រជែងឥទ្ធិពលគ្នារវាងប្រទេសមហាអំណាច កំពុងបង្កឱ្យមានភាពស្មុគ្រស្មាញ និងការលំបាកមួយចំនួនដល់ប្រទេសកម្ពុជា ដែលជាប្រទេសតូច។ ជាមួយគ្នានេះ សេដ្ឋកិច្ចពិភពលោកក៏កំពុងស្ថិតនៅលើកំណាត់ផ្លូវមួយដែលមិននឹងនរ ហើយអាចជះឥទ្ធិលអវិជ្ជមានជាយថាហេតុមួយចំនួនមកលើសេដ្ឋកិច្ចកម្ពុជា ដែលជាសេដ្ឋកិច្ចពឹងផ្អែកលើកត្តាខាងក្រៅខ្លាំង។ ម្យ៉ាងវិញទៀត ការវិវត្តន៍រីកចម្រើនដ៏ឆាប់រហ័សនឹកស្មានមិនដល់របស់វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ក៏អាចប៉ះពាល់ផងដែរដល់ សេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន គួបផ្សំនឹងកត្តាប្រែប្រួលអាកាសធាតុដែលកាន់តែធ្ងន់ធ្ងរឡើងជាលំដាប់។

លោក វង្សី វិស្សុត បានណែនាំដល់មន្រ្តីគណបក្សត្រូវ បន្តតស៊ូជំនះនូវរាល់គ្រប់ឧបសគ្គ ជាពិសេសមជ្ឈដ្ឋានប្រឆាំងខ្លះ និងមេក្លោងរបស់ពួកគេ ដែលនៅតែចិញ្ចឹមចិត្តមានមហិច្ឆតា ចង់ផ្តួលរំលំយើងនៅឡើយ។ យើងនឹងបន្តធ្វើកិច្ចការនេះ ដោយឈរលើមូលដ្ឋានយកផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាធំ។ យើងចង់បង្កើនមិត្តនិងបើកចំហរចំពោះការពិភាក្សា ទាំងឡាយណា ដែលរក្សាបានឯករាជ្យភាព និងភាពជាម្ចាស់របស់កម្ពុជា។

ទន្ទឹមនឹងនេះ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភាពដែលមានអាយុកាលទើបតែ ២០ឆ្នាំនេះ ឱ្យស្ថិតស្ថេរគង់វង្សចិរកាលយូរអង្វែងតទៅមុខទៀត ដើម្បីកុំឱ្យសង្គមជាតិខ្មែរយើង ត្រូវបែកបាក់សារជាថ្មីម្តងទៀត។ មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តវប្បធម៌សាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ និងត្រូវខិតខំបម្រើប្រជាជន ដោយស្មោះត្រង់ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា អាចបន្តឈរជើងជាគណបក្សនាំមុខ, នៅតែជាគណបក្សដែលខ្លាំង និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់គ្រប់កាលៈទេសៈ ហើយអាចបន្តដឹកនាំប្រទេសតទៅមុខទៀតបានយូរអង្វែង។
យើងក៏ត្រូវបន្តធ្វើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់ជឿនលឿនថែមទៀត ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូលកាន់តែខ្ពស់ និងមានជីវភាពរស់នៅកាន់តែធូរធារ និងស្រួលជាងមុនជាលំដាប់។ ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹងការផ្តល់សេវាសារធារណៈគ្រប់ប្រភេទ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ដូចជាសេវាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, សេវារដ្ឋបាលគ្រប់ប្រភេទ, សេវាសង្គម ដូចជាសេវាអប់រំ និងសុខាភិបាល, សេវាហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទឹក ភ្លើង ភ្លូវ ប្រឡាយទឹក ទំនប់ទឹក និងសេវាយុត្តិធម៌ជាដើម។

លោកក៏បានស្នើឱ្យមានការយកចិត្តទុកដាក់ និងការគិតគូរផងដែរដល់ការបន្តវេន នៅក្នុងការងារដឹកនាំគណបក្សនៅគ្រប់កំរិតនៅមូលដ្ឋាន ដើម្បីអាចធានាបាននូវភាពខ្លាំង និងភាពដឹកមុខរបស់បក្ស សម្រាប់រយៈពេលវែង។ លោកក៏បានផ្តល់ការណែនាំដល់មន្រ្តីគណបក្សទាំងអស់ត្រូវបន្តពង្រឹងបញ្ហាអភិបាលកិច្ចជាប់ជាប្រចាំ៕