(កំពង់ស្ពឺ)៖ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បាន​សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានចុះអង្កេតទីផ្សារចំនួន៣ទីតាំង គឺ​ផ្សារព្រៃផ្តៅ​, ផ្សារត្រពាំងអំពិល​, ផ្សារសាមគ្គី និងហាងលក់ទំនិញនានាតាមផ្លូវជាតិលេខ៤ ចំនួន៩ហាង។

ក្នុងប្រតិបត្តិការនេះមន្ដ្រីជំនាញ ​បានត្រួតពិនិត្យភាពអនុលោមតាមបទដ្ឋានបច្ចេក ទេសលើផ្លាកសញ្ញា ផលិតផលវេចខ្ចប់ស្រេចក្នុងគោលដៅធានាដល់ ការប្រកួតប្រជែងពាណិជ្ជកម្ម ប្រកបដោយសមធម៌ និងកិច្ចការពារអ្នកប្រើប្រាស់ និងឲ្យអាជីវករសន្យាបញ្ឈប់ការលក់នំចំណី អាហារ វេចខ្ចប់ស្រាប់ ទាំងឡាយណាដែលមានសំបកវេចខ្ចប់មិនមានម៉ាក យីហោ​ អាសយដ្ឋាន ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសនឹងប្រឈមមុខ ការដកហូត និងទទួលខុសត្រូវតាមច្បាប់ជាធរមាន។

បន្ថែមពីនេះ មន្ដ្រីជំនាញបានពន្យល់ណែនាំដល់អាជីវករឲ្យយល់ដឹងអំពី ផលវិបាកនៃការប្រើប្រាស់សារធាតុគីមីហាម ឃាត់ ទៅលើផលិតផលម្ហូបអាហារឬការកែច្នៃ ម្ហូបអាហារ ដែលធ្វើអោយគ្រោះថ្នាក់ដល់សុខភាព​។ យល់ដឹងពីលក្ខណៈអនាម័យ នៃការដាក់តាំងលក់ និងការទទួលខុសត្រូវចំពោះមុខច្បាប់ លើ​ផ្នែកសុវត្ថិភាពម្ហូបអាហារ និងប្រុងប្រយ័ត្នជៀសវាងការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទ ខូចគុណភាព និងទំនិញក្លែងបន្លំ។

ជាមួយគ្នានេះ ក្រុមការងារក៏បានធ្វើតេស្តបឋម នៅ​កន្លែងចំនួន១២គំរូ ក្នុងនោះរកសារធាតុគីមីបន្ថែម sodium hydrosolfit ម៉្សៅស លើទំនិញ​៖ សណ្តែកបណ្តុះ​, ស្ករត្នោត​, ត្រយ៉ូងចេកហាន់ហើយ​, ត្រកួនហាន់ហើយ។ រកសារធាតុគីមីបន្ថែម borax លើទំនិញ​៖ ប្រហិតសាច់គោ​, ប្រហិតសាច់មាន់​, ប្រហិតសាច់ក្តាម​, ប្រហិតសាច់ត្រី​។​ រកសារធាតុគីមីបន្ថែម fomarline លើទំនិញ​៖ បង្គារស្រស់​, មឹកស្រស់​ និងបបែលស្រស់ ដែលជាលទ្ធផល ពុំបានរកឃើញសារធាតុគីមី បន្ថែមណាមួយទេ។
យ៉ាងណាមិញ ក្រុមការងារជំនាញ បានដកហូតទំនិញ បន្លែកំប៉ុងចម្រុះ ចំនួន៥កំប៉ុង ដែលកំប៉ុងកំពិត ច្រេះ, ត្រីខកំប៉ុង​ ចំនួន១កំប៉ុង (ហួសកាលបរិច្ឆេទប្រើប្រាស់), ទឹកផ្លែឈើចម្រុះ ចំនួន៣កំប៉ុង (កំប៉ុង កំពិត ច្រេះ​), ឆៃពៅកំប៉ុង ចំនួន៤កំប៉ុង (ហួសកាលបរិច្ឆេទប្រើប្រាស់), ប័រកំប៉ុង ចំនួន១កំប៉ុង (ហួសកាល​បរិច្ឆេទប្រើប្រាស់) និងនំបុ័ងជ្រុង ចំនួន៣ថង់ ដែលខូចគុណ​ភាព៕