(ក្រចេះ)៖ កម្លាំងជំនាញនគរបាលខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយទោ លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត នាថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ​ពាក់ពន្ធ័ករណីប្រើប្រាស់ខុសច្បាប់នូវសាធាតុញៀន នៅចំណុចភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ។

មន្រ្តីនគរបាលបានឱ្យដឹងថា ទាំង៦នាក់ខាងលើរួមមានទី១៖ ឈ្មោះ លីវ ម៉ាដែន អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២៖ ឈ្មោះ ស៊ុន ស៊ឹង អាយុ២៨ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ) មុខរបរមិនពិតប្រាកដ អ្នកទាំងពីរ រស់នៅភូមិ-ឃុំកើតហេតុ ដោយដកហូតវត្ថុតាងរួមមាន៖ ឧបករណ៍សម្រាបជក់គ្រឿងញៀនមួយចំនួន។

បន្ទាប់ពីធ្វើការសួរចម្លើយរយៈពេលជាច្រើនម៉ោង ជនសង្ស័យឈ្មោះ ល៊ីវ ម៉ាដែន រហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់បន្ថែមទៀត រួមមាន៖ ទី១៖ ឈ្មោះ ម៉ៅ វង អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២៖ ឈ្មោះ សុខ នឿ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមេផ្ទះអ្នកទាំងពីរ ជាប្ដីប្រពន្ធរស់នៅ ភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ, ទី៣៖ ឈ្មោះ ឈួន រតនា អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៤៖ ឈ្មោះ ចាន់ ភឿក អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ អ្នកទាំងរស់នៅសង្កាត់រការកណ្ដាល ក្រុងក្រចេះ។
ដកហូតវត្តុតាងម្សៅក្រាមពណ៌ស ចំនួន២កញ្ចប់។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕