(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៣កើត ខែបុស្ស ត្រូវនិងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន២។

កិច្ចប្រជុំទី១ គឺកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្ដាខេត្តជាប់ព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលកាលពីឆ្នាំកន្លងទៅ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយនៅឆ្នាំនេះភាគីវៀតណាមបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវិញម្ដង។

កិច្ចប្រជុំទី២វិញ គឺកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើផែនការបន្តកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩ វាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ដែលភាគីទាំង២ ក៏តែងតែផ្លាស់ប្ដូរគ្នាទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ ៕