(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួច​០៤នាក់ ទៅតុលាការ​ដើម្បីផ្តន្ទាទោស ក្នុងនោះមាន​០៣នាក់ជាចោរលួចម៉ូតូ និង​ម្នាក់​ជាចោរលួចអាគុយឡាន។​

ពួកគេទាំង​០៤នាក់​នេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ​រាជធានីភ្នំពេញ ស្រាវជ្រាវ និងឃាត់ខ្លួនជាក់ស្តែងបាន កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ រួមមាន ទី១៖ឈ្មោះ ជុំ បូរ៉ា អាយុ​២៥ឆ្នាំ​, ទី២៖ឈ្មោះ វណ្ណី នុត ហៅវិត អាយុ​១៧ឆ្នាំ​, ទី៣៖ឈ្មោះ លី មករា​ អាយុ​៣១ឆ្នាំ និងទី៤៖​ឈ្មោះ សេន សាគី ​អាយុ​១៨ឆ្នាំ។​

ពួកគេទាំង​០៣នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានកាលពីវេលាម៉ោង០៥៖៣០នាទី បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចម៉ូតូ​០១គ្រឿងម៉ាក MSX ពណ៌ស ស្លាកលេខ​តាកែវ​1K-3226 ជារបស់ជនរងគ្រោះឈ្មោះ ចាន់ វាស្នា ភេទប្រុស អាយុ​២៦ឆ្នាំ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច​ក្នុងការដ្ឋានសំណង់មួយកន្លែង ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ជនរងគ្រោះ​ក្រោយពេលដឹងថា ម៉ូតូរបស់ខ្លួនត្រូវចោរលួចបាត់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដើម្បីជួយស្វែងរក ទើបសមត្ថកិច្ចអាវុធហត្ថបានស្រាវជ្រាវតាមវិធានការជំនាញរហូតឈានដល់ការឃាត់ខ្លួនពួកគេទាំង​០៣នាក់នេះ នៅចំណុច ក្រុម៤ ភូមិដំណាក់ធំ១ និងផ្ទះគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ១ ខណ្ឌមានជ័យ២ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញ​របស់សមត្ថកិច្ចនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈ្មោះ ជុំ បូរ៉ា និងឈ្មោះ វណ្ណី នុត ហៅវិត បានសារភាពថា រូបគេទាំង​០២នាក់ ពិតជាបានលួចម៉ូតូ​ម៉ាក MSX (តៃវ៉ាន់) ពណ៌ស ស្លាកលេខ​តាកែវ​1K-3226 ជារបស់ជនរងគ្រោះ​ខាងលើ ពិតប្រាកដមែន ហើយថែមទាំងលួចយកសម្ភារមួយចំនួនទៀតដូចជា កង្ហារ​, ចង្ក្រានហ្កាស​, ឆ្នាំដាំបាយ និងអង្ករមួយការ៉ុង។ ចំណែកម៉ូតូ ដែលរូបគេលួចបាន​គឺយកទៅឲ្យឈ្មោះ លី មករា ដើម្បីយកទៅលក់​ក្រោយមកឈ្មោះ លី មករា បានយកម៉ូតូនោះទៅលក់នៅខេត្តកំពង់ស្ពឺ ឲ្យឈ្មោះ ហួរ ភេទប្រុស អាយុប្រហែល​៣០ឆ្នាំ បានតម្លៃ​២០ម៉ឺនរៀល។ លុះដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ពួកគេទាំង​០៣នាក់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង។

ដោយឡែកជនសង្ស័យម្នាក់ទៀត ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបាន​កាលពីវេលាម៉ោង១១៖៣០នាទី នៅចំណុច​ក្នុងការដ្ឋានមួយកន្លែង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ​បានធ្វើសកម្មភាពលួចដោះអាគុយអាប៊ុលឈូសដី នៅក្នុងការដ្ឋានមួយកន្លែង ចំណុចខាងលើ​ក្នុងពេលរូបគេធ្វើសកម្មភាពនោះ ស្រាប់តែមានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃើញក៏ធ្វើការឃាត់ខ្លួនតែម្តង។

ក្រោមវិធានការជំនាញ នៃការសាកសួររបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ​ខាងលើ​បានសារភាពឲ្យដឹងថា នៅថ្ងៃកើតហេតុរូបគេបានជិះម៉ូតូ​០១គ្រឿងម៉ាកនិច ពណ៌ខ្មៅ ស្លាកលេខ​ស្វាយរៀង​1L-0182 ទៅដល់ដីឡូតិ៍មួយកន្លែង នៅចំណុចខាងលើ​ស្រាប់តែឃើញអាប៊ុលឈូសដីមួយគ្រឿង ទុកចោលគ្មានមនុស្សនៅក្បែរ ដោយរូបគេឃើញឱកាសល្អ ក៏ធ្វើសកម្មភាពលួចដោះអាគុយ ចេញពីអាប៊ុលឈូសដីនោះ ស្រាប់តែពេលនោះ​ស្របពេលអាវុធហត្ថខណ្ឌសែនសុខ ល្បាតឃើញក៏ធ្វើការឃាត់ខ្លួនតែម្តង។

រូបគេបានបញ្ជាក់បន្ថែមទៀតថា កន្លងមករូបគេធ្លាប់ធ្វើសកម្មភាពលួចអាគុយឡានបានសម្រេចចំនួន​០៧លើក មកហើយ​ជាមួយបក្ខពួកឈ្មោះ សូត្រ ហើយអាគុយដែលលួចបាននោះ រូបគេយកទៅលក់នៅម្តុំផ្សារតូច បានពីតម្លៃ៨ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ហើយរូបគេក៏ប្រើបា្រស់គ្រឿងញៀន ប្រភេទម៉ាទឹកកក ជាប្រចាំផងដែរ៕

Advertising