(បន្ទាយមានជ័យ)៖ នៅព្រលប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នេះ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា បានដាក់ផែនការតឹងបន្តឹង ការនាំយកមុខម្ហូបអាហារ សាច់ស្រស់ បន្លែស្រស់ និងផ្លែឈើស្រស់នាំចេញពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សាន វិជ្ជាសារ៉ាវុធ បានប្រាប់ថា បានបង្កើនសកម្មភាពត្រួតពិនិត្យផលិតផលទំនិញនាំចូលតាមច្រកសំខាន់ៗក្នុងខេត្ត ដោយបានយកគំរូបន្លែ និងផ្លែឈើមួយចំនួន មកវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូចផងដែរ។ លទ្ធផល នៃការត្រួតពិនិត្យ មន្ត្រីជំនាញពុំបានរកឃើញភាពមិនប្រក្រតីនៅលើទំនិញទាំងនោះឡើយ។

លោកប្រធានបន្តថា ថ្នាំពុល ​(គីមី) ​ទាំងអស់​នោះ​អាច​ឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់ ​ដល់​កសិករ​ផ្ទាល់​ ដូចជា ​ធ្វើឲ្យ​វិលមុខ​ ធេងធោង​ ក្អួតចង្អោរ​ ខូច​ក្រពះ​ តម្រងនោម​ ជំងឺ​សើស្បែក​ និង​ធ្វើឲ្យ​សុខភាព​ចុះ​ខ្សោយ​ជាដើម​ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដោយ​ប្រយោល​ចំពោះ​អ្នក​ទទួលទាន​ផង​ដែរ​ ជាពិសេស ​គឺ​ប្រភេទ​ថ្នាំពុល​គីមី​ដែល​អាច​ជ្រៀត​ចូល​ទៅ​ក្នុង​បន្លែ​ និង​ផ្លែឈើ​។

ផលប៉ះពាល់ចំពោះកសិករ អ្នកដាំដុះផ្ទាល់អាចមានជំងឺរ៉ាំរ៉ៃ នៅពេលប៉ះពាល់ជាមួយថ្នាំពុល។ ចំណែកហូបអាចបណ្តាលឲ្យក្អួត ឬដល់ថ្នាក់សន្លប់ បើសុខភាពខ្សោយ។

មន្ត្រីកាំកុងត្រូលខេត្ត បានប្រមូលបន្លែ ផ្លែឈើ រួមមាន៖ អំពិលទំ, ស្ពៃក្តោប, ផ្លែប៉េងប៉ោម, ក្រូចខ្វិត, ផ្លែពុទ្រា, ផ្លែមាន, ផ្លែប៉ោម, ផ្លែទំពាំងបាយជូ, ផ្លែជម្ពូ, ផ្លែសារី, ម៉ើមខ្ចី, ផ្លែប៉េងបោមទុំ, ដើមខាត់ណា, ផ្លែត្រសល់ និងផ្លែននោង៕