(ភ្នំពេញ)៖ នាយកមន្ទីរពេទ្យព្រះកុសុមៈ លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ បានថ្លែងថា អគារថ្មីនៃមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ដែលមានកម្ពស់១១ជាន់ មាន១៣២បន្ទប់នេះ បាននឹងកំពុងតែសាងសង់ជាបណ្ដើរៗហើយ បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨កន្លងមកនេះ ។

ការថ្លែងបែបនេះ របស់នាយកមន្ទីរពេទ្យព្រះកុសុមៈ ក្នុងឱកាស ចុះពិនិត្យការដ្ឋានសាងសង់នៃអគារថ្មីនេះ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ ដែលមានការអញ្ជើញចូលរួមពី តំណាងក្រសួងសុខាភិបាល និងម្ចាស់ជំនួយឥតសំណងរបស់ចិន។

លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ បា​នថ្លែងថា «សមិទ្ធផលរបស់យើង កំពុងតែបង្ហាញជាបណ្ដើរៗហើយចាប់ពីពេលដែលយើង បានបើកការដ្ឋានសាងសង់ ដែលមានរយៈពេលជិត៣ខែមកនេះ»។

លោកវេជ្ជបណ្ឌិតបន្ដថា អគារមន្ទីរពេទ្យថ្មីនេះ នឹងត្រូវចំណាយពេលសាងសង់រយៈពេល៤០ខែ តែភាគីចិន លោកសន្យាថា នឹងពន្លឿនការសាងសង់អគារនេះ ឲ្យរួចជាស្ថាពរ ក្នុងរយៈពេល៣៦ខែមុនកិច្ចសន្យា។

អគារមន្ទីរពេទ្យថ្មីនេះ ត្រូវសាងសង់មានកម្ពស់៥៣ម៉ែត្រ មាន១១ជាន់ មានបំពាក់នូវ ឧបករណ៍វេជ្ជសាស្ដ្រ និងសម្ភារបរិក្ខារផ្សេងៗព្រមទាំងការបណ្ដុះបណ្ដាល សម្រាប់ អាយុកាលនៃការប្រើប្រាស់៥០ឆ្នាំ, សម្របតាមអាកាសធាតុរដូវប្រាំង និងរដូវវស្សា, ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គិសនី និងប្រព័ន្ធបង្ហូរលូទឹកស្អុយ អនុវត្តតាមស្ដង់ដាប្រទេសចិន ស្របតាមស្ថានភាពជាក់ស្ដែង, បន្ទប់សរុប១៣២បន្ទប់, បង្គន់អនាម័យ២១៩បន្ទប់ និងទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកា​ប្រមាណជិត៨០លានដុល្លារអាមេរិក ។

នាយកមន្ទីរពេទ្យព្រះកុសុមៈ បានបន្ដថា ដើម្បីឆ្លើយតបទៅនឹងកំណើន និងតំរូវការចាំបាច់ផ្នែកថែទាំសុខភាពប្រជាពលរដ្ឋ ដែលចូលមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យនេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកគម្រោងស្នើសុំទៅរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានទទួលការយល់ព្រមសិក្សាពី គម្រោងនាចុងឆ្នាំ២០១៥កន្លងទៅ។ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ កម្ពុជា-ចិន បានចុះហត្ថលេខាពីគម្រោងសាងសង់ខាងលើនេះ និងបានចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅចុងខែតុលាថ្មីៗនេះតែម្ដង ហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ នឹងប្រារព្ធពិធីអបអរសាទរ គម្រប់ខួប១ឆ្នាំនៃការចុះហត្ថលេខាលើគម្រោងសាងសង់នេះ ។

សម្រាបជម្រាបថា អគារដែលត្រូវសាងសង់មានព្រលានយន្ដហោះ Helicopter ទម្ងន់មធ្យមពី៣ ទៅ៥តោននៅលើដំបូលអគារ ស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា ហើយអគារនេះត្រូវចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត។

មន្ទីរពេទ្យកុសុមៈ ជាមន្ទីរពេទ្យជាតិសាធារណៈមួយនៅក្នុងរាជធានីភ្នំពេញ ដែលបានកសាងឡើងនាឆ្នាំ១៩៥៣ និងបានសាងសង់រួចជាស្ថាពរ ព្រមទាំងចាប់ផ្ដើមដំណើរការនាឆ្នាំ១៩៥៦ ក្រោមព្រះរាជឧបត្ថម្ភដោយ សម្ដេចព្រះមហាក្សត្រីយ៉ានីព្រះកុសុមៈ ជាព្រះមាតារបស់ព្រះ បរមរតនកោដ្ឋ សម្រាប់ព្យាបាលជំងឺព្រះសង្ឃ និងបានដំណើរការដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មានឈ្មោះដើមថា «មន្ទីរសង្ឃពេទ្យកុសុមៈ» និងបានអាក់ខានដំណើរការក្នុងរបបប៉ុល ពត។

មន្ទីរពេទ្យនេះ បានចាប់ផ្ដើមដំណើរការឡើងវិញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៧៩ ដោយក្រសួងសុខាភិបាល បានកែសមមរួលពីមន្ទីរពេទ្យ សម្រាប់ព្យាបាលព្រះសង្ឃ មកជាមន្ទីរពេទ្យពហុព្យាបាលប្រជាជន និងព្រះសង្ឃ ជាពិសេសជំងឺដែលត្រូវការវះកាត់ដោយក្រសួងតម្រូវឲ្យមន្ទីរពេទ្យរៀបចំជា ២០០គ្រែចែកចេញជាផ្នែក។

បច្ចុប្បន្នមន្ទីរពេទ្យលោកសង្ឃ មានគ្រែព្យាបាលចំនួន៣៥០ និងមានបុគ្គលិកសរុបទាំងអស់ ចំនួន៥៦៣នាក់ ក្នុងនោះស្ដ្រី ចំនួន​២៣១នាក់, បុគ្គលិកជាប់កិច្ចសន្យាចំនួន៤០នាក់ និងកម្មករ ចំនួន៧៤នាក់៕​