(ចិន)៖ នៅស្រុក ឡូប (Lop County) នៅតំបន់ស្វយ័តស៊ីនជាំងអួយក័រ ប៉ែកខាងជើងឆៀងខាងលិចប្រទេសចិន អាជ្ញាធរមូលដ្ឋាន បានជួយអ្នកភូមិក្នុងការបង្កើតទីផ្សារ សម្រាប់ចិញ្ចឹមព្រាប ដើម្បីចូលរួមបង្កើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋមូលដ្ឋាន។

ឮស្ថិតនៅខាងត្បូងវាលខ្សាច់ ថាឃ្លីម៉ាកាន់ ស្រុក ឡូប ស្ថិតនៅក្នុងបញ្ជីស្រុកដែលជាប់គាំងក្នុងភាពក្រីក្រថ្នាក់ជាតិរបស់ចិន។ ប៉ុន្តែ ដោយមានជំនួយពីឧបករណ៍និងបច្ចេកវិទ្យាទំនើបៗ កសិដ្ឋានចិញ្ចឹមព្រាបនៅស្រុកនេះ អាចបង្កើតកូនព្រាប រៀងរាល់៣៥ថ្ងៃម្ដង។

លោក អាដាក់ យ៉ាសិន លេខាទីមួយ គណៈកម្មការបក្សនៃភូមិខាល់វ៉ាប់ និយាយថា «បើសិនជាមួយគ្រួសារបង្កើតកូនព្រាបបានមួយ ការទប់ស្កាត់ជំងឹរាតត្បាត និង ការស្វែងរកទីផ្សារ នឹងមិនអាចបំពេញតាមតម្រូវការបានទេ។ ដូច្នេះ យើងក៏បង្កើតជាក្រុមមួយដែលមាន១៩គ្រួសារដែលជាប់គាំងក្នុងភាពក្រីក្រ ហើយយើងកំណត់ឱ្យមួយគ្រួសារនៃក្រុមនេះ ដឹកនាំការងារចិញ្ចឹមព្រាបនេះ»។

បើយោងតាមលោក យ៉ាសិន ភូមិនេះ កំពុងប្រើរូបមន្ដបង្កាត់ពូជព្រាប ជាលក្ខណៈសមូហភាព ព្រមទាំងបានបង្កើតក្រុមជំនួយ ការសមូហភាពជាច្រើនក្រុម ដើម្បីអភិវឌ្ឍកសិដ្ឋានចិញ្ចឹមព្រាប។ នៅក្នុងក្រុមនីមួយៗ មានអ្នកជំនាញជាច្រើននាក់ សម្រាប់រ៉ាប់រងការងារបង្កាត់ពូជព្រាប ចំណែកឯអ្នកភូមិវិញ អាចធ្វើការនៅកសិដ្ឋានបាន ឬ អាចក្លាយជាម្ចាស់ភាគហ៊ុននៃកសិដ្ឋានតែម្ដង ដើម្បីរកចំនូលបន្ថែមឱ្យបានកាន់តែច្រើន។

លោក អាមេត អ្នកភូមិខាល់វ៉ាប់ និយាយថា «ការងារបង្កាត់ពូជព្រាបនេះ ជួយឱ្យខ្ញុំមានប្រាក់ខែ១៤៦ដុល្លារក្នុង១ខែ ដែលស្មើនឹង១៧៥០ដុល្លារក្នុង១ឆ្នាំ។ ខ្ញុំបានយកលុយ១៤០០ដុល្លារ មកបណ្ដាក់ទុនទៅក្នុងក្រុមជំនួយការសមូហភាពនេះ ហើយឥឡូវ ខ្ញុំទទួលបានប្រាក់ពីការបណ្ដាក់ទុននេះពី៧ទៅ៩រយដុល្លារអាមេរិកក្នុង១ឆ្នាំ។ ខ្ញុំសប្បាយចិត្តណាស់ដែលអាចរកចំនូលបានច្រើនជាងមុនដូច្នេះ»។

ក្នុងភូមិ ខាល់វ៉ាប់ មាន១៦៦គ្រួសារ ដែលកំពុងជាប់គាំងក្នុងភាពក្រីក្រ ហើយភាគច្រើននៃគ្រួសារទាំងនេះ គឺជាម្ចាស់ភាគហ៊ុននៃកសិដ្ឋានចិញ្ចឹមព្រាប នាពេលសព្វថ្ងៃនេះ។ ក្រុមជំនួយសមូហភាព ក៏បានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុនចិញ្ចឹមព្រាបធំៗប្រចាំស្រុកផងដែរ ដោយក្រុមហ៊ុនគឺជាអ្នកទិញព្រាបពីកសិករ ហើយយកវាទៅលក់ជាលក្ខណៈសមូហភាព ដើម្បីធានាថាកសិករមានចំនូលទៀងទាត់។

លោក ចាង យីង អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនចិញ្ចឹមព្រាប ហ័រធានសៀរ ស្រុកឡូប និយាយថា «ក្រុមហ៊ុនរបស់យើង ទទួលខុសត្រូវលើការងារទប់ស្កាត់ការរាតត្បាតនៃជំងឺ ការបណ្ដុះបណ្ដាលបច្ចេកទេស និងផ្ដល់ការណែនាំជាលក្ខណៈរួមគ្នា។ តាមរយៈការបង្រួបបង្រួមទាំង៥យ៉ាង យើងអាចធានាបាននូវគុណភាពរបស់ព្រាបទាំងអស់ ដែលយើងដឹកចេញពីកសិដ្ឋាន និងអាចធានាបាននូវផលិតផលមួយដែលមានស្ដង់ដារនិងមានគុណភាពខ្ពស់»។

លោក ថាវ យ៉ុង អភិបាលរងស្រុកឡូប និយាយថា «សព្វថ្ងៃនេះ ស្រុក ឡូប របស់យើងផ្ដោតទៅលើការងារកសាងកសិដ្ឋានចិញ្ចឹមព្រាប ការងារដាំផ្សិត និងចិញ្ចឹមគោ។ តាមរយៈការអភិវឌ្ឍឧស្សាហកម្មទាំងបីប្រភេទនេះ យើងអាចធានាបានថា គ្រួសារដែលក្រីក្រជាង១ម៉ឺនគ្រួសារ នឹងអាចបង្កើនប្រាក់ចំនូលរបស់ពួកគាត់បានជារៀងរាល់ឆ្នាំ ដោយក្នុងមួយលើក ពួកគាត់អាចបង្កើនប្រាក់ចំនូលបានជាង៦០០ដុល្លារអាមេរិក ជាអតិបរមា»៕ (សារព័ត៌មាន CCTV របស់ចិន)