(ភ្នំពេញ)៖ សាលាអាយឃីដ នៃកម្មវិធី UCMAS នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធី ប្រគល់រង្វាន់ដល់សិស្សឆ្នើមចំនួន៥១រូប ដែលជាប់ជ័យលាភីថ្នាក់អន្តរជាតិ លើកទី២៣ នៅទីក្រុងកូឡាឡាំពួរ ក្នុងចំណោមកុមារ UCMAS ជាច្រើនមកពី៨០ប្រទេស ជុំវិញពិភពលោក ហើយក៏មានការអបអរសារទដល់គ្រូបង្រៀនឆ្នើម និងម្ចាស់អាជ្ញាប័ណ្ណនៃកម្មវិធី UCMAS កម្ពុជាផងដែរ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយ លោក បឺតណាត វង្ស នាយកប្រតិបត្តិនៃ UCMAS កម្ពុជា និងជាទីប្រឹក្សាអប់រំមកពី UCMAS អន្តរជាតិ, កញ្ញា ហេង រចនា នាយិកាគ្រប់គ្រង UCMAS កម្ពុជា,
ម្ចាស់អាជ្ញាប័ណ្ណ, លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សជ័យលាភីសរុបចំនួន២៥០នាក់។

លោក បឺតណាត វង្ស បានសំណេះសំណាលទៅកាន់សិស្សជាប់ជ័យលាភី និងអាណាព្យាបាលថា ការប្រឡងថ្នាក់អន្តរជាតិលើកទី២៣ នៅទីក្រុងកូឡាឡាំពួរ កន្លងផុតទៅនេះ ជាលទ្ធផលសិស្សកម្ពុជា បានទទួលជ័យលាភី ៥១នាក់ក្នុងចំណោមកុមារ UCMAS ឆ្លាតវៃជាច្រើនមកពី៨០ប្រទេស ជុំវិញពិភពលោក ដែលជាលទ្ធផលល្អមួយចំពោះការខិតខំប្រឹងប្រែងរបស់សិស្សកម្ពុជាផងដែរ។

លោកបានបន្តថា ក្នុងនាមជានាយកប្រតិបត្តិ នៃកម្មវិធី UCMAS កម្ពុជាពិតជាមានអារម្មណ៍រំភើប និងត្រេកអរក្រៃលែងចំពោះកុមារកម្ពុជា ដែលបាននាំមកនូវមោទភាពដ៏អស្ចារ្យសម្រាប់ UCMAS កម្ពុជា
និងក្រុមគ្រួសារព្រមទាំងប្រទេសជាតិទាំងមូលផងដែរ។

លោកបានបញ្ជាក់ឲ្យដឹងថា សាលា អាយឃីដ កម្មវិធី UCMAS កម្ពុជា និងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រឡងថ្នាក់អន្តរជាតិលើកទី២៤ នៅទីក្រុងភ្នំពេញ ដោយលោកបានរំពឹងទុកថា នឹងមានសិស្ស UCMAS កម្ពុជាចន្លោះពី ៣,០០០-៤,០០០នាក់ ចូលរួមក្នុងការប្រកួតនេះជាមួយសិស្ស UCMAS មកពីប្រទេសនានាជុំវិញពិភពលោកប្រមាណ ២,០០០-៣០០០នាក់ នឹងចូលរួមក្នុងកម្មវិធីប្រឡងដ៏ធំមួយនេះ ដែលនឹងប្រព្រឹត្តទៅនាខែធ្នូ ឆ្នាំ២០១៩។

លោកក៏បានផ្ដាំផ្ញើផងដែរថា សិស្ស UCMAS កម្ពុជាទាំងអស់ ត្រូវតែខិតខំសិក្សាអនុវត្តបន្ថែម និងត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងថ្នាក់អន្តរជាតិលើកទី២៤ នៅក្នុងប្រទេសកម្ពុជា នាចុងឆ្នាំ២០១៩ខាងមុខនេះផងដែរ៕