(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលទើបជាប់ឆ្នោតថ្មី បានអំពាវនាវឲ្យអ្នករកស៊ីគួកជេដីធ្លី ទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលនៅក្រៅប្រព័ន្ធ មកទទួលការបណ្ដុះបណ្ដាលជំនាញ ឲ្យបានច្បាស់លាស់ នៅក្នុងវិស័យអចលនទ្រព្យនេះ។

ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក ច្រឹក សុខនីម ចូលរួមក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍»​ ក្រោមប្រធានបទ «តើវិស័យអចលនទ្រព្យនៅកម្ពុជា ឆ្នាំ២០១៩ នៅតែមានកំណើនបន្តទៀត ឬយ៉ាងណា?»។

លោក ច្រឹក សុខនីម បានឲ្យដឹងថា «កម្ពុជា គឺជាប្រទេស បាននឹងកំពុងអភិវឌ្ឍ...សម្រាប់វិស័យអចលនទ្រព្យ ជាពិសេសភ្នាក់ងារអចលនទ្រព្យ ដែលមានអ្នកមួយចំនួននៅខ្វះបទពិសោធន៍ ចំណេះដឹង និងជំនាញ ពីព្រោះថា កម្ពុជាមិនទាន់មានសាលា សម្រាប់បណ្ដុះបណ្ដាល នៅលើជំនាញអចលនទ្រព្យនេះនៅឡើយ»

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា សព្វថ្ងៃនេះ អ្នកដែលចេះដឹងរកស៊ី ក្នុងវិស័យអចលនទ្រព្យនេះ ភាគច្រើនគឺចេះតាមគ្នា ដោយពួកគាត់បានអនុវត្ដការងារនេះ ពីមួយជំនាន់ទៅមួយជំនាន់។

លោកបានលើកឡើងថា «ក្នុងនាមជាសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ខ្ញុំចង់លើកកម្ពស់ឲ្យសមាជិក ដែលគាត់នៅខាងក្រៅប្រព័ន្ធ (អ្នកគួកជេដីធ្លីមិនក្រៅប្រព័ន្ធ) ឲ្យមកធ្វើការសិក្សារៀនសូត្រ ដើម្បីឲ្យគាត់យល់ដឹង អំពីវិស័យអចលនទ្រព្យ និងឲ្យគាត់យល់ដឹងអំពីការធ្វើការងារជាក្រុម និងការរួបរួមក្នុងវិស័យអចលនទ្រព្យ»

ជាមួយគ្នានោះ លោក ច្រឹក សុខនីម បានបន្ថែមថា នៅពេលដែលពួកគាត់ មានជំនាញច្បាស់លាស់ នឹងធ្វើឲ្យការអនុវត្ដរបស់ពួកគាត់ មានក្រមសីលធម៌ប្រកបទៅដោយវិជ្ជាជីវៈ និងធ្វើឲ្យការអនុវត្ដ របស់ពួកគាត់មានភាពជឿជាក់ និងរកប្រាក់ចំណូលបានច្រើន ខុសពីអ្នកដែលអត់មានឯកទេស និងជំនាញច្បាស់លាស់៕