(កណ្តាល)៖ ប្រជាពលរដ្ឋមិនតិចរយគ្រួសារនោះឡើយ ស្ថិតនៅតាមភូមិក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានធ្លាក់ខ្លួនចាញ់បោកក្រុមឈ្មួញដីធ្លី ដោយលួងលោមពួកគេឲ្យថតចម្លង (Copy) អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ដើម្បីផ្តិតមេដាយទៅលើឯកសារ ដែលក្រុមឈ្មួញ ឬហៅថាមេខ្យល់ដីធ្លីនេះ បានរៀបចំទុកដាក់រួចជាស្រេចទៅហើយនោះ។

ក្រុមមេខ្យល់បានប្រាប់ និងកុហកប្រជាពលរដ្ឋរងគ្រោះទាំងអស់ថា នៅពេលពួកគេបានផ្តិតមេដាយរួចនោះ ពួកគេនឹងបានដីធ្លីមួយកន្លែង រហូតបានក្លាយជាម្ចាស់សកម្មសិទ្ធិទៀតផង ដែលខាងក្រុមហ៊ុន (មិនស្គាល់ឈ្មោះ) បានរៀបចំចាត់ឲ្យនោះ។

ចំពោះសកម្មភាពអនាធិបតេយ្យទាំងនេះ ក៏បានកើតឡើងកាលពីពេលកន្លងទៅផងដែរ ប៉ុន្តែក្រោយមានចំណាត់ការរបស់អាជ្ញាធរ និងសមត្ថកិច្ច ក៏បានស្ងប់ស្ងាត់ទៅវិញ ស្រាប់តែនៅចុងខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ សកម្មភាពល្មើសមួយនេះ បានកើតឡើងវិញនៅឃុំកំពង់ភ្នំ ឃុំព្រែកទម្លាប់ និងឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ យ៉ាងណាក៏ដោយ ទាំងអាជ្ញាធរ និងសមត្ថកិច្ច រួមទាំងអភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ បាននិងកំពុងធ្វើការទប់ស្កាត់ មិនឲ្យកើតឡើងមានទៀតឡើយ។

យោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋមូលដ្ឋានខ្លះទៀតបានឲ្យដឹងផងដែរថា កាលពីថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០១៨ មានមេខ្យល់បានធ្វើសកម្មភាពបំផុសបំផុលយ៉ាងគគ្រឹកគគ្រេង ឱ្យលុយពលរដ្ឋផ្តិតមេដៃលើឯកសារ៥សន្លឹក និងថតចម្លងអត្តសញ្ញាណប័ណ្ណ ដើម្បីយកប្រាក់៥០ដុល្លារ យល់ព្រមលក់ដីបឹងនៅខាងលិចផ្លូវជាតិលេខ១ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

សកម្មភាពនេះ មិនត្រូវបានអើពើ និងទប់ស្កាត់ពីអាជ្ញាធររដ្ឋគឺលោក នៅ ទូច មេឃុំកំពង់ភ្នំ អាជ្ញាធរស្រុកលើកដែកក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ ដោយនិយាយថា ពលរដ្ឋណាផ្តិតមេដៃយកប្រាក់ គឺទទួលខុសត្រូវដោយខ្លួនឯង។ ពលរដ្ឋនៅភូមិអំពិលទឹក ភូមិកំពង់ពោធិ៍ និងភូមិក្បាយជ្រោយ នៃឃុំកំពង់ភ្នំ នាំគ្នានិយាយថា គេយកលុយមកឲ្យ ចេះតែនាំគ្នាផ្តិតមេដៃយកទៅ។

ពលរដ្ឋម្នាក់ដែលកំពុងតែភ័យខ្លួន លើការចាញ់បោកក្រុមឈ្មួញទាំងនេះ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា លោករស់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ក៏បានទទួលលុយចំនួន៥០ដុល្លារ ពីមេខ្យល់នេះផងដែរ ដោយបានថតចម្លងអត្តសញ្ញាណប័ណ្ណ ហើយទៅផ្តិតមេដាយលើឯកសាររបស់គេ ដោយសារតែមេខ្យល់ប្រាប់ថា នឹងឈរឈ្មោះជាម្ចាស់ ដីបឹង ដោយគ្មានបញ្ហាអ្វីនោះឡើយ ដោយសារតែខាងក្រុមហ៊ុន បានរៀបចំរួចជាស្រេច។ នៅពេលខាងមុខ ក្រុមហ៊ុននឹងធ្វើប្លង់ជូនទៀតផង។

ពលរដ្ឋម្នាក់នេះ បានបញ្ជាក់ទៀតថា សកម្មភាពទាំងនេះ មិនត្រឹមតែកើតឡើងទៅលោកម្នាក់នោះទេ តែក៏មានប្រជាពលរដ្ឋរាប់រយគ្រួសារទៀត ក៏បានទៅទទួលលុយ៥០ដុល្លារ និងបានផ្តិត មេដាយផងដែរ នៅផ្ទះមេខ្យល់ម្នាក់ សូយ សាមុ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ដោយធ្វើនៅថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០១៨ ធ្វើទាំងថ្ងៃទាំងយប់តែម្តង។

ជុំវិញករណីនេះ អភិបាលខេត្តកណ្តាល លោក​ម៉ៅ ភិរុណ ក៏បានបញ្ជាក់ផងដែរថា «ចាំខ្ញុំត្រួតពិនិត្យករណីនេះសិន»។ ដោយឡែក អភិបាលស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយបាននៅឡើយទេ ដោយទូរស័ព្ទរបស់លោកតេមិនចូល។

យ៉ាងណាក៏ដោយ លោក ទូច ចន្ថា អធិការនគរបាលស្រុកលើកដែក ក៏បានបញ្ជាក់ផងដែរថា ពិតជាមានករណីនេះកើតឡើងមែន នៅក្នុងដែនដីរបស់លោក ប៉ុន្តែលោកបានចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ និងទប់ស្កាត់មិនឲ្យកើតមានតទៅទៀតទេ រហូតក្តាប់បានមុខសញ្ញាទាំងនេះរួចហើយ។

មេឃុំព្រែកដាច់ ស្រុកលើកដែក លោក ខ្មៅ រ៉ន ក៏បានឲ្យដឹងថា កន្លងទៅថ្មីៗនេះ ពិតជាមានមេខ្យល់មកចង់ធ្វើសកម្មភាពនៅក្នុងឃុំរបស់លោក ប៉ុន្តែខាងនគរបាលប៉ុស្តិ៍ និងអាជ្ញាធរ មិនបានអនុញ្ញាតឲ្យនោះឡើយ និងក៏បានទប់ស្កាត់សកម្មភាពទាំងនេះ មិនកើតឡើងទៀតដែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលទទួលបានលុយ៥០ដុល្លារ ពីក្រុមឈ្មួញដីធ្លីទាំងនេះ ពិតជាបានបង្ហាញអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ខ្លួន ដែលបានជ្រុលទៅហើយនោះ និងថា ការដែលបានជ្រុលផ្តិតមេដាយបែបនេះ ក៏មានគំនិតខ្លី ជាពិសេសនោះមិនបានមើលខ្លឹមសារឯកសារដែលត្រូវផ្តិតនោះឡើយ ដោយគិតតែម្យ៉ាង គឺចង់បានលុយ និងដីតែប៉ុណ្ណោះ។

នៅពេលសួរថាតើ រហូតមកដល់ពេលនេះ ត្រូវធ្វើអ្វីបន្តទៀត ពលរដ្ឋរូបនេះ​អះអាងថា ក្រុមប្រជាពលរដ្ឋកំពុងពិភាក្សាគ្នា ដើម្បីគ្រោងសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរផងដែរ ចំពោះការធ្វេសប្រហែលរបស់ខ្លួន។

សូមបញ្ជាក់ថា កាលពីចុងខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ មេក្លោងចំនួន២នាក់ ដែលបានប្រើរូបភាពដើរទិញទឹកចិត្តប្រជាពលរដ្ឋ ដើម្បីប្រមូលអត្ដសញ្ញាណប័ណ្ណ ចុះកិច្ចសន្យាទិញលក់ដីខ្យល់ នៅស្រុកលើកដែក ខេត្តកណ្តាល ក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងហៅទៅធ្វើកិច្ចសន្យាអប់រំ ឲ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ផងដែរ។

តាមព័ត៌មាន មូលហេតុដែលក្រុមឈ្មួញ បានបង្កើតចលនាអនាធិបតេយ្យបែបនេះ ដោយសារតែពួកគេបានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនចិន ក្នុងការរៀបចំទិញដីធ្លី នៅតំបន់ទាំងនោះរួចហើយ ដល់ពេលចុះទៅទិញស្រាប់តែទិញមិនបាន ដោយសារម្ចាស់ដីមិនលក់ទើបឲ្យពួកគេខកពាក់កណ្ដាលផ្លូវ និងត្រូវប្រឈមជាមួយក្រុមហ៊ុនចិនទៀតនោះ បានជាបង្កើតល្បិចថ្មី ទិញទឹកចិត្តពលរដ្ឋ ធ្វើជារនាំងបង្កើតកិច្ចសន្យាលក់ដីខ្យល់តែម្ដង៕