(ប៉េកាំង)៖ ស្របពេលជាមួយនឹងប្រទេសកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី៤០ឆ្នាំ នៃទិវាជ័យជំនះ៧មករា នៅព្រឹកថ្ងៃទី៧ខែមករានោះ, នាល្ងាចថ្ងៃទី៦ ខែមករា សមាគមនិស្សិតសិក្សានៅប្រទេសចិន (ACSC) ក៏បានរៀបចំពិធីអបអរសាទរទិវាជ័យជំនះ៧មករានេះដែរ និងមានការរៀបចំពិធីអាហារសាមគ្គី ដោយមាននិស្សិតនិស្សិតប្រមាណ២០០នាក់ មកពីទីក្រុងប៉េកាំង និងមកពីក្រុងធានជីងចូលរួមផងដែរ។

ក្នុងពិធីនោះក៏មានការចូលរួមពីលោក អ៊ុំ វុទ្ធទី តំណាងគណៈកម្មាធិការគណបក្ស និងប្រធានក្រុមយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសចិន ព្រមទាំងជាប្រធានកិត្តិយសមាគមនិស្សិត, លោក ហេង ជិនហាក់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិត និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងប៉េកាំង និងទីក្រុងធានជីង និង កញ្ញា ជា ស្រីលី ប្រធានសមាគមនិស្សិតអាណត្តិទី២ រួមជាមួយបងប្អូននិស្សិតបញ្ញវ័ន្តខ្មែរ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងប៉េកាំង និងទីក្រុងធានជីង ប្រមាណ២០០នាក់។

លោក ហេង ជិនហាក់ បានលើកឡើងថា «ត្បិតពួកយើងជាយុវជនកើតមិនទាន់ជំនាន់ ប៉ុល ពត ក៏ពិតមែនតែយើងពិតជាដឹងច្បាស់ណាស់ ចំពោះប្រវត្តិសាស្ត្រដ៏សាហាវយង់ឃ្នងនេះ ប្រជាជនកម្ពុជាដែលបានឆ្លងកាត់របបវាលពិឃាត និងគុកឥតជញ្ជាំងពោរពេញទៅដោយទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានសម្លាប់មនុស្សជាច្រើន ហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម អ្នកប្រាជ្ញបញ្ញវ័ន្តខ្មែរជាច្រើននាក់ ត្រូវបានរបបនេះ សម្លាប់ទាំងដែលពួកគាត់មិនមានកុំហុស»

លោកបន្តថា «យ៉ាងដូច្នេះហើយទើបបានប្រជាពលរដ្ឋខ្មែរចាត់ទុក ថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ នៃការរស់ឡើងវិញរបស់ខ្លួន។ ជាការពិតណាស់ប្រសិនបើមិនមានថ្ងៃ៧ មករាទេនោះ ប្រទេសកម្ពុជា ក៏មិនមានសុខសន្តិភាព មានការអភិវឌ្ឍ និងរីកចម្រើន ហើយប្រជាជន ក៏មិនមានភាពសំបូរសប្បាយ ដូចសព្វថ្ងៃនេះដែរ ហើយពួកយើងទៀតសោត ក៏មិនមានវាសនាបានមកសិក្សា នៅលើប្រទេសមហាអំណាចពិភពលោកខាងផ្នែកសេដ្ឋកិច្ចដូច្នេះដែរ។ ដូច្នេះក្នុងនាមយើងជាយុវជនពិតជាចាំបាច់ណាស់ ក្នុងការចូលរួមរក្សាសន្តិភាព ប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍដូចសព្វថ្ងៃ។ យើងជាយុវជនពិសេសសុទ្ធតែជាបញ្ញវ័ន្ត ចាំបាច់ណាស់ក្នុងការចូលរួមទប់ស្កាត់ កុំឲ្យមានរបបដ៏សែនខ្មៅងងឹតនេះ កើតឡើងវិញបាន»

លោក អ៊ុំណ វុទ្ធទី បានក៏បានរំលេចអំពីអត្ថន័យទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា ដែលជាការលះបង់សាច់ស្រស់ ឈាមស្រស់របស់វីរជនជំនាន់មុន ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំតស៊ូ រដោះប្រទេសឲ្យរួមផុតរបបខ្មៅងងឹតមួយនេះ។

លើសពីនេះ លោក អ៊ុំ វុទ្ធទី បានរំលេចអំពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានសន្ថិភាពពេញលេញក្រោយឆ្នាំ១៩៩៨ ព្រមទាំងផ្សព្វផ្សាយអំពីសមិទ្ធផលរយៈពេល៤០ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា។ សមាគមនិស្សិតកម្ពុជានៅប្រទេសចិន បានប្តេជ្ញាបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា។​

សូមជម្រាបដែរថា ក្នុងពិធីដ៏មានអត្ថន័យនេះ សមាគមនិស្សិត ក៏បានរៀបចំចាក់បញ្ជាំងឯកសារស្តីពី «កម្ពុជា ២០ ឆ្នាំក្រោមសន្ថិភាព» ព្រមទាំងបានរៀបចំអាហារសាមគ្គីជួបជុំជាមួយនិស្សិត ដែលកំពុងសិក្សានៅទីក្រុងប៉េកាំង និងទីក្រុងធានជីង ជាពិសេស ក៏មានការឆ្លើយសំណួរពាក់ព័ន្ធអត្ថន័យ៧មករា និងនយោយឈ្នះ ឈ្នះ និងបានរៀបចំពិធីចាប់រង្វាន់ ច្រៀងរាំកំសាន្ត ដើម្បីញ៉ាំងឲ្យកម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយបរិយាយសប្បាយរីករាយក្រៃលែង៕