(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរយ៉ាងក្លៀវក្លាខួប ៤០ឆ្នាំនៃទិវាជ័យជម្នះ ៧ មករា ដែលត្រូវប្រជាពលរដ្ឋកម្ពុជាប្រសិទ្ធនាមជាថ្ងៃកំណើតទី២របស់ខ្លួននោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្តេជ្ញាអនុវត្តនូវកិច្ចចម្បងចំនួន៤ ដើម្បីធានាដល់វឌ្ឍនភាពរបស់ជាតិ នាំមកនូវសេចក្តីសុខ និងជីវភាពកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

នៅមុខមហាជនរាប់ម៉ឺននាក់ដែលបានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍នៃការរស់រានមានជីវិតឡើងវិញរបស់ប្រជាពលរដ្ឋនៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពនៅកម្ពុជា បានគូសបញ្ជាក់ថា សមិទ្ធិផលដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប្រមាណ ៤០ឆ្នាំក្រោយការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ត្រូវបានកសាងឡើងមកដោយលំបាកជាទីបំផុតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការរួមគ្នាពីប្រជាពលរដ្ឋខ្មែរទាំងមូល។

ដើម្បីរក្សាឲ្យបាននូវសមិទ្ធិផលដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៤០ឆ្នាំមកនេះ ក៏ដូចជានាំមកនូវវឌ្ឍនភាពសម្រាប់ជាតិ និងភាពសុខដុមសម្រាប់ប្រជាពលរដ្ឋកម្ពុជាទៅមុខបន្ថែមទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុវត្តនូវកិច្ចការចម្បងចំនួន៤។ កិច្ចចម្បងទាំង៤នោះរួមមាន៖

ទី១. ការធានាការពារនូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ-ឃុំ សម្រាប់ការរស់នៅដោយសុខក្សេមខ្សាន្តរបស់ប្រជាជននៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស ព្រមទាំងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី មិនឲ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ។

ទី២. ការធានាបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងគ្រប់វិស័យ ដោយផ្តោតអាទិភាពលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងបង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិ និងទ្រទ្រង់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ ការបន្តផ្តោតអាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស និងការបង្កើនការវិនិយោគ ទាំងការវិនិយោគសាធារណៈ ទាំងការវិនិយោគឯកជន លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។

ទី៣. ការធានាជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ ការជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផល ការបន្តដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ព្រមទាំងការកែលម្អលក្ខខណ្ឌការងារ និងការការពារអាជីពជូនកម្មករ និយោជិត ការបន្តបង្កើនប្រាក់បៀវត្សរ៍ និងប្រាក់សោធននិវត្តជូនមន្ត្រីសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន ការពង្រីកបណ្តាញផ្គត់ផ្គង់ និងការបញ្ចុះថ្លៃអគ្គិសនី និងទឹកស្អាត។ល។

ទី៤. ការធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាទៅអនាគត តាមរយៈការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាពសម្រាប់ប្រជាជនគ្រប់រូប ពិសេសសម្រាប់អ្នកក្រីក្រ និងក្រុមជនងាយរងគ្រោះ ដោយមិនទុកឲ្យប្រជាជនណាម្នាក់ទទួលរងគ្រោះ ដោយមិនមានការយកចិត្តទុកដាក់នោះឡើយ៕