(ស្វាយរៀង)៖ នៅក្នុងពិធីបិទការប្រកួតពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់ លើកទី៤ ឆ្នាំ២០១៨ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ក្នុងពហុកីឡដ្ឋានខេត្តស្វាយរៀង មានទស្សនិជនចូលរួមទស្សនា នឹងគាំទ្រក្រុមបាល់ទាត់សរុប៥,១៥០នាក់ រវាងក្រុមអធិការនគរបាលក្រុងបាវិត ជាមួយក្រុមបាល់ទាត់ សសយក ក្រុងស្វាយរៀង។

ក្នុងពិធីនេះ ក៏មានវត្តមាន លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។

ក្នុងនោះផងដែរ ក៏មានការសម្តែង និងច្រៀងចំរៀងពីម្ចាស់បទមាន់ស្រែ គឺកញ្ញា រ៉ាបី និងDJ Rose ធ្វើអោយកម្មវិធីមានភាពអូរអរ និងអធិកអធម្មក្រៃលែង។

ក្រោយបញ្ចប់ការប្រកួត ក្រុមបាល់ទាត់សសយក ក្រុងស្វាយរៀង បានយកឈ្នះដោយលទ្ធផលបច្ចេកទេស២-១ ក្រុមអធិការនគរបាលក្រុងបាវិត។ ហេតុដូច្នេះក្រុម សសយក ក្រុងស្វាយរៀង បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ ស្វាយរៀង ខាប់ លើកទី៤ ឆ្នាំ២០១៨។ ជ័យលាភីផ្សេងៗទៀតមានដូចជា ជ័យលាភីម្ចាស់ស្បែកជើងមាសបានទៅលើ កីឡាករ ជៀស ភក្ត្រា មកពីក្រុមអធិការនគបាលក្រុងបាវិត ដែលទាត់បាល់បញ្ចូលទីបានចំនួន២៥គ្រាប់។

ជ័យលាភីស្រោមដៃមាស បានទៅលើកីឡាករ សុខមីនា មកពីក្រុមបាល់ទាត់ សសយក ក្រុងស្វាយរៀង។ ជ័យលាភីគ្រូបង្វឹកល្អជាងគេបានទៅលើ លោក សុខ វន្ថា គ្រូបង្វឹកក្រុមបាល់ទាត់ សសយក ក្រុងស្វាយរៀង។ ជ័យលាភី ក្រុមគោរពវិន័យបានល្អជាងគេ បានទៅលើក្រុម Chong PrekFT។ ជ័យលាភីលេខ៤ បានទៅលើក្រុមបាល់ទាត់ សុភ័ក្រម៉ូទ័រ FC ជីភូ, ជ័យលាភីលេខ៣ បានទៅលើក្រុមសសយក ស្រុករមាសហែក, ជ័យលាភីលេខ២ បានទៅលើក្រុមអធិការនគរបាលក្រុងបាវិត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៤ ឆ្នាំ២០១៨នេះ ផ្តួចផ្តើមឡើងដោយលោក ឌី វិជ្ជា បានចាប់ផ្ដើមផ្តើមប្រកួតនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ និងបញ្ចប់នៅល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ដែលមាន៥២ក្រុមចូលរួមប្រកួតនាពេលកន្លងមក។

ចំពោះក្រុមបាល់ទាត់ជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស២៨គ្រឿង ពានរង្វាន់១ និងថវិកា ៨លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់២៨គ្រឿង និងថវិកា៤លានរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធិ២៨គ្រឿង និងថវិកា ២លាន៥សែនរៀល និងចំណាត់ថ្នាក់លេខ៤ ទទួលបានថវិកាលើកទឹកចិត្តចំនួន១លាន ៥សែនរៀល។

ចំណែកជ័យលាភីគ្រូបង្វិកល្អទទួលបានថវិកា ៦សែនរៀល, ជ័យលាភីអ្នកចាំទីទទួលបានថវិកា៦សែនរៀល, ក្រុមគោរពវិន័យល្អទទួលបានថវិកា ៨សែនរៀល និងក្រុមអាជ្ញាកណ្តាលទទួលបានថវិកា១លានរៀលផងដែរ៕