(ភ្នំពេញ)៖ សប្តាហ៍កន្លងមក កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវី​កម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្តីពី បទល្មើសបរិហារកេរិ៍តជាសាធារណៈ មកធ្វើការចែករំលែកជូនប្រិយមិត្តដើម្បីយល់ដឹង។ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ សូមលើកយកបទល្មើសមួយទៀតដែលមាន សូរសៀងប្រហាក់ប្រហែលគ្នា នឹងបទបរិហារកេរិ៍តជាសាធារណៈដែរ ប៉ុន្តែ​មានសញ្ញាណ​ និងកម្រិតទោសខុសគ្នា មកធ្វើការបង្ហាញជូនសាធារណៈជន គឺ “ការប្តឹងបរិហារបង្កាច់កេរិ៍្ត” ។

បទល្មើសបរិហារបង្កាច់កេរិ៍្ត ជាបទល្មើសមួយប្រភេទក្នុងចំណោមបទល្មើសជាច្រើន​ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ នៃព្រះរាជាណាចក្រកម្ពុជា និងមានគោលបំណងផ្តន្ទាទោស រាល់បុគ្គលទាំងឡាយណា ដែលបានធ្វើបណ្តឹងបរិហារលើបុគ្គលផ្សេងទៀត ដែលបណ្តឹងនោះធ្វើឡើងដោយខុសពីការពិត មិនមានមូលដ្ឋានផ្លូវច្បាប់ ឬគ្មានភស្តុតាងជាក់លាក់ ​និងដោយមានចេតនាបង្ក​ឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គលដែលទទួលរងដោយសារបណ្តឹងនោះ​​ ។ យោងតាមមាត្រា៣១១ នៃក្រមព្រហ្មទណ្ឌចែងថា ការប្តឹងបរិហារបង្កាច់កេរិ៍្ត ​​គឺ ជាអំពើប្តឹងបរិហារអំពីអំពើ​ដែលគេដឹងថាមិនពិត ហើយដែលនាំឲ្យមានទណ្ឌកម្មព្រហ្មទណ្ឌ ឬ វិន័យ កាលបើការប្តឹងបរិហារនេះត្រូវបានផ្ញើទៅដល់៖

* អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការដូចជា ចៅក្រម មន្រ្តីនគរបាលយុត្តិធម៌ ឬនិយោជក ឬបុគ្គលដែលមានអំណាចប្តឹងទៅអាជ្ញាធរដែលមានសមត្ថកិច្ច។

ឧទាហរណ៍១៖ លោក «ក» និង លោក «ខ»​ មានផ្ទះនៅក្បែរគ្នា ។ លោក «ខ» មានរបររកស៊ីលក់ត្រីក្រឹមនៅនឹងផ្ទះតែម្តង ។ ​រៀងរាល់ថ្ងៃផ្ទះរបស់លោក «ខ» មានមនុស្សជាច្រើនចេញចូលទៅទិញត្រីក្រឹម ។ ដោយឡែកលោក “ក” និងលោក “ខ” មិនត្រូវគ្នានោះទេ។ លោក “ក” មានការធុញទ្រាន់នឹងផ្ទះរបស់លោក “ខ” ដែលមានមនុស្សចេញចូលច្រើន​ជារៀងរាល់ថ្ងៃ ។ លោក «ក» បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដោយចោទថា ​ផ្ទះរបស់លោក «ខ» បានបើកបនល្បែង​ដែលជាសកម្មភាពខុសច្បាប់។
ក្រោយពេលមានពាក្យបណ្តឹងសមត្ថកិច្ចបានចុះមកធ្វើការស្រាវជ្រាវនៅផ្ទះរបស់លោក «ខ» រកឃើញថា មិនមានភស្តុតាងដែលបញ្ជាក់ថា លោក «ខ» បានបើកល្បែងស៊ីសង ដូចក្នុងពាក្យបណ្តឹង​របស់លោក «ក» នោះ​ទេ។ ក្នុងករណីនេះលោក «ខ» អាចប្តឹងលោក «ក» ពី «ការប្តឹងបរិហារបង្កាច់កេរិ៍្ត» លោកបាន។

ឧទាហរណ៍២៖ ដោយមានការច្រណែននឹងការពេញចិត្តពីសំណាក់ប្រធានក្រុមហ៊ុន ចំពោះលោក “សៅ” ដែលជាបុគ្គលថ្មី ។ លោក “សុខ” ដែលជាបុគ្គលិកចាស់ បានប្រឌិតរឿងចោទប្រកាន់លោក “សៅ” ថា បានលួចកេងចំណេញពីក្រុមហ៊ុន ដោយប្តឹងលោក “សៅ” ទៅប្រធានក្រុមហ៊ុន ក្នុងគោលបំណងឲ្យក្រុមហ៊ុនដាក់វិន័យ ឬ បញ្ឈប់លោក “សៅ” ពីការងារ ។ ប៉ុន្តែតាមការស៊ើបអង្កេតផ្ទៃក្នុង បានរកឃើញថា លោក “សៅ” ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់ លោក “សុខ” នោះទេ ហើយបណ្តឹងប្រឆាំងលោក “សៅ” គឺធ្វើឡើងក្នុងគោលបំណងបង្ខូច កិតិ្តយសរ​បស់គាត់ក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ។ ករណីនេះ លោក “សៅ” មានសិទ្ធិប្តឹងលោក “សុខ” ពី “ការប្តឹងបរិហារបង្កាច់កេរិ៍ត” របស់លោកបាន ។

តាមរយៈឧទាហរណ៍ទាំងពីរខាងលើនេះ យើងអាចយល់ច្បាស់បានថា សញ្ញាណនៃបទល្មើស “ការប្តឹងបរិហារបង្កាច់កេរិ៍ត” គឺសំដៅលើសកម្មភាពបណ្តឹងដែលធ្វើឡើងដោយខុសពីការពិត ដោយមានបំណងឲ្យអ្នកណាម្នាក់ទទួលរងនូវទោសព្រហ្មទណ្ឌ ឬ ទោសវិន័យណាមួយ ហើយបណ្តឹងនោះត្រូវបានដាក់ជូន​អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការដូចជា ចៅក្រម មន្រ្តីនគរបាលយុត្តិធម៌ ឬនិយោជក ឬ បុគ្គលដែលមានអំណាចប្តឹងទៅអាជ្ញាធរដែលមានសមត្ថកិច្ច ។

យោងតាមបញ្ញត្តិមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ «ការប្តឹងបរិហារបង្កាច់កេរិ៍្ត» ​ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ​។ ម្យ៉ាងទៀតអាជ្ញាយុកាលនៃការធ្វើបណ្តឹង «ការប្តឹងបរិហារបង្កាច់កេរិ៍្ត» មានរយៈពេល ១ (មួយ) ឆ្នាំ ផ្តើមគិតពីបណ្តឹងបរិហារបង្កាច់កេរិ៍តបានមកដល់ ឬ ​ថ្ងៃដែលពាក្យបណ្តឹងបានដាក់មកអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីដែលបណ្តឹងបរិហារបង្កាច់កេរិ៍្ត ​នាំ​ឲ្យមានការចោទប្រកាន់ខាងបទព្រហ្មទណ្ឌ នីតិវិធីដែលផ្តើមអំពីបទល្មើស «ការប្តឹងបរិហារបង្កាច់កេរ្តិ៍» នោះ នាំឲ្យផ្អាកអាជ្ញាយុកាល​រហូតដល់ពេលបញ្ចប់កិច្ចចោទប្រកាន់។

មានន័យថា៖ បណ្តឹងបរិហារបង្កាច់កេរិ៍ត នឹងមិនអាចធ្វើបានទេ ប្រសិនបើរយៈពេល១ឆ្នាំ​បានកន្លងផុតទៅ ចាប់ពីថ្ងៃដែលពាក្យបណ្តឹងបានមកដល់អាជ្ញាធរមានសមត្ថកិច្ច។ ប៉ុន្តែប្រសិនបើពាក្យប្តឹងអំពីបទ​បរិហារបង្កាច់កេរិ៍ត ត្រូវបានអយ្យការធ្វើការចោទប្រកាន់ខាងព្រហ្មទណ្ឌ ដូចនេះអាជ្ញាយុកាលនឹងមិនត្រូវរាប់ទៀត​នោះទេ រហូតដល់ពេលបញ្ចប់កិច្ចចោទប្រកាន់។ ​ដោយឡែកចំពោះបទល្មើសខាងលើក៏មាននូវទោសបន្ថែម ដែលតុលាការអាចប្រកាសដូចខាងក្រោម៖
​១៖ ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល២ ខែ យ៉ាងច្រើន។
​២៖ ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន។
៣៖ ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស ​តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ ​សម្រាប់រយៈ​ពេល៨ថ្ងៃយ៉ាងច្រើន។

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក លាង ប៊ុនឡេង ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕