(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា សុខសន្ដិភាព ដែលកម្ពុជាទទួលបាននៅពេលនេះ គឺមានការចូលរួមចំណែកពីប្រជាជនកម្ពុជាទូទាំងប្រទេស ព្រោះពួកគាត់យល់ច្បាស់ពីតម្លៃនៃសន្ដិភាព និងជឿទុកចិត្ដលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយឈ្លាសវៃ​ និងរឹងមាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

លោកបានលើកឡើងថា ការជឿជាក់ និងពេញចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា មកលើសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ត្រូវបានស្ដែងឲ្យឃើញតាមរយៈការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រអាណត្ដិទី៦កន្លងទៅនេះ ដោយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់អាសនៈក្នុងរដ្ឋសភាទាំង ១២៥កៅអី គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។

ការថ្លែងបែបនេះរបស់នាយឧត្ដមសេនីយ៍ សៅ សុខា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសម្ពោធជាផ្លូវការនូវគម្រោងលំនៅឋានបែបស៊ីវិល័យទី១ដឹតិច របស់បុរី ផេន​ សៀរ រីស៊ីឌែន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ ។

នាយកឧត្ដមសេនីយ៍ សៅ សុខា បានថ្លែងថា «សន្ដិសុខកម្ពុជានៅពេលនេះ គឺមិនមែនកើតឡើងដោយសារតែកម្លាំងប្រដាប់អាវុធទេ, កម្លាំងប្រដាប់អាវុធ គ្រាន់តែជាស្នូលតែប៉ុណ្ណោះ គឺប្រជាជនកម្ពុជា ជាអ្នកចូលរួម ពីព្រោះគាត់គាំទ្រ ឲ្យប្រទេសត្រូវតែមានសន្ដិភាព ត្រូវតែមានការអភិវឌ្ឍ ដូចនេះហើយគាត់ត្រូវតែចូលរួម ថែរក្សាសន្ដិភាព និងសន្ដិសុខនេះ តាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា»

ទន្ទឹមនឹងនោះ លោកបានថ្លែងអំណរគុណ ចំពោះប្រជាជនកម្ពុជាគ្រប់រូប ដែលបានរួមចំណែក ថែរក្សាបរិយាកាស សន្ដិសុខ ស្ថេរភាពនយោបាយ ទោះបីមានការឃោសនាញុះញង់ បន្ទោសបង្អាប់លាបពណ៌ តែប្រជាជនកម្ពុជា បានស្គាល់ច្បាស់ថា សន្ដិភាព ស្ថេរភាពនយោបាយ និងសន្ដិសុខ ពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍនេះហើយ ដែលធ្វើឲ្យប្រជាជនកម្ពុជា មានជីវភាពរស់នៅបានល្អប្រសើរ។ ការអភិវឌ្ឍនេះហើយ ដែលនាំឲ្យកម្ពុជាទៅរកមុខមាត់នៅក្នុងតំបន់ និងលើពិភពលោក ក្នុងទំនាក់ទំនាក់ ស្មើមុខ ស្មើមាត់ ស្មើសិទ្ធិ ។

មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសរូបនេះ បានថ្លែងបញ្ជាក់ទៀតថា «គ្មានសន្ដិភាព សន្ដិសុខ និងគ្មានស្ថេរភាពនយោបាយ គ្មានទេការអភិវឌ្ឍ ព្រោះបើមានតែសង្គ្រាម នឹងគ្មានជនបរទេសណា ដែលហ៊ានយកលុយ មកវិនិយោគនៅប្រទេសកម្ពុជានោះឡើយ ហើយក៏គ្មានឡើយភ្ញៀវទេសចរណ៍ ជនបរទេស មកស្រុកខ្មែរនោះទេ ព្រោះបើមកត្រូវទទួលរងដោយការកាប់សម្លាប់ដោយឧក្រិដ្ឋកម្មផ្សេងៗ របួសស្លាប់ផ្សេងៗនោះ ។ដូច្នេះទន្ទឹមនឹងមានសន្ដិភាព ក៏ត្រូវតែមានស្ថេរភាពនយោបាយផងដែរ»

ជាងនេះទៅទៀត សន្ដិសុខនៅពេលនេះហើយ ទើបមាន គម្រោងបុរី ផេនសៀរ រីស៊ីឌែន មានវត្ដមានលើទឹកដីកម្ពុជាយើងនេះ និងវិស័យអចលនទ្រព្យកំពុងតែមានការរីកចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ។

ទន្ទឹមនឹងនោះ នាយិកាគ្រប់គ្រងទូទៅ នៃគម្រោងបុរី ផេនសៀរ រីស៊ីឌែន កញ្ញា សូ លីលី បានលើកឡើងផងដែរថា «ប្រទេសមានសុខសន្ដិភាពនេះ ពិតណាស់ បានផ្ដល់នូវជំនឿទុកចិត្ដ ដល់វិនិយោគគិនបរទេស មកបណ្ដាក់ទុនធ្វើវិនិយោគនៅកម្ពុជា។ ជាក់ស្ដែងសន្ដិភាពមួយនេះ បានធ្វើឲ្យក្រុមហ៊ុនរបស់យើង មានឱកាស និងសម្រេចចិត្ដដាក់ទុកវិនិយោគ លើវិស័យសំណង់លំនៅឋាន និងអចលនទ្រព្យនេះ» ។

នាយិកាគ្រប់គ្រងទូទៅរូបនេះ បញ្ជាក់ថា ក្រោយពីប្រទេសកម្ពុជា មានសុខសន្ដិភាពបរិបូរណ៍ ឯកភាពជាតិ ឯកភាពទឹកដី សុខដុមនីយកម្ម និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យអចលនទ្រព្យ ដោយយើងសង្កេតឃើញ នូវសំណង់បុរីតូច-ធំ អាគារខុនដូ អាគារពាណិជ្ជកម្មខ្ពស់ៗជាច្រើន បន្ដមានវត្ដមាននៅលើទឹកដីកម្ពុជា ។

គម្រោងបុរី ផេនសៀរ រីស៊ីឌែន មានទីតាំងស្ថិតនៅដីឡូតិ៍ លេខ ២៥៣ ផ្លូវលេខ ១៤៨R ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សាងសង់នៅលើផ្ទៃដីទំហំសរុប ២៣,៣៦២ ម៉ែត្រការ៉េ មានផ្ទះសរុប ១៣៣ផ្ទះ មានផ្សារ កន្លែងហាត់ប្រាណអាងហែលទឹក មានអាហារដ្ឋាន ស្កាយបារ មានសួនច្បារ និងសួនកំសាន្ដកុមារ - ល- ។លំនៅឋាន បានបែងចែកជា៣ប្រភេទ គឺផ្ទះវីឡាទោល (ប៊ីយ៉ូឃ្លែរ) មានចំនួន៥ផ្ទះ ផ្ទះវីឡាកូកាត់ ចំនួន៦៧ផ្ទះ ផ្ទះហ្សបហោស៍ ចំនួន៦១ផ្ទះ ដែលរចនាបទឡើងតាមបែបទាន់សម័យ៕