(ព្រះវិហារ)៖ សម្ភារកសិកម្មជាច្រើនប្រភេទ ត្រូវបានចែកជូនប្រជាកសិករចំនួន១០៥គ្រួសារ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក រស់ ហេង អភិបាលស្រុកសង្គមថ្មី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ពឹង ទ្រីដា បានថ្លែងថា ក្នុងទិសដៅលើកកម្ពស់ជីវភាព ប្រជាកសិករឲ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏ដូចជាការណែនាំរបស់លោករដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកអភិបាលខេត្តព្រះវិហារ មន្ទីរកសិកម្មខេត្ត តែងយកចិត្តទុកដាក់ជានិច្ច ចំពោះបងប្អូនប្រជាកសិករ ក្នុងនោះ យើងបានចាត់មន្ត្រី បច្ចេកទេសចុះជាប់ និងប្រជាកសិករ ក៏ដូចជាបង្កើតកម្មវិធីចែកសម្ភារកសិកម្មផ្សេងៗ លើកទឹកចិត្តប្រជាកសិករទៀតផង។

លោកបន្តថា ជាក់ស្តែងថ្ងៃនេះ មន្ទីរកសិកម្មខេត្តព្រះវិហារ បានសហការជាមួយលោកអភិបាលស្រុកសង្គមថ្មី ដោយមានការគាំទ្រកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ និងការប្រែប្រួលអាកាសធាតុ ASPIRE បានធ្វើការចែកសម្ភារកសិកម្មជាច្រើនប្រភេទ ជូនកសិករចំនួន១០៥គ្រួសារ ដោយឥតគិតថ្លៃ ក្នុងនោះមានកសិករចិញ្ចឹមមាន់ ជ្រូក និងកសិករដាំបន្លែ។

ជាមួយគ្នានោះ ក្រុមកសិករគំរូចិញ្ចឹមមាន់ក្នុងមួយគ្រួសារ ទទួលបានសំណាញ់អួនបាំងសុវត្ថិភាព ទ្រុងបំបែកផ្សាំកូនមាន់ ម្សៅប្រេមិច និងថ្នាំទំលាក់ព្រូន។ ក្រុមកសិករចិញ្ចឹមជ្រូក ទទួលបានក្នុងមួយគ្រួសារ ធុងស្ពេត្រូ ក្បាលបឺត ទុយោនិងស្នូកចំណី។ ចំណែកក្រុមកសិករដាំបន្លែគំរូ ក្នុង១គ្រួសារ ទទួលបានសំណាញ់សួនបន្លែ ធុងស្រោចទឹក និងពូជបន្លែ៤មុខ រួមមាន៖ ត្រគួន សណ្តែកគួ ម្ទេស និងត្រសក់។

លោក ពឹង ទ្រីដា បានបញ្ជាក់ទៀតថា បន្ថែមលើសពីនេះ កសិករគំរូ២១គ្រួសារ ទទួលបានថវិការលើកទឹកចិត្ត ក្នុងមួយគ្រួសារ៤០ម៉ឺនរៀលផងដែរ។ ជាមួយគ្នានេះ លោកប្រធានមន្ទីរកសិកម្មខេត្ត បានធ្វើការជំរុញឲ្យកសិករយើង ត្រូវខិតខំផលិតការដាំដំណាំ ការចិញ្ចឹមសត្វ ផ្គត់ផ្គង់ទីផ្សារឲ្យកាន់តែទ្វេរឡើង ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ៕