(ភ្នំពេញ)៖ បន្ទាប់ពីមានការគាំទ្រ និងការជាវនូវម៉ូតូកង់បីជាច្រើនពីអតិថិជន ក្រុមហ៊ុន Bajaj RE នាព្រឹកថ្ងៃទី0៥ ខែមករា ឆ្នាំ២០១៩នេះ បានបង្ហាញម៉ូតូកង់បីស៊េរីថ្មីឆ្នាំ២០១៩ ដែលទើបនាំចូលមកកម្ពុជានាពេលថ្មីៗ និងប្រកាសលក់ជាផ្លូវការ នៅសប្ដាហ៍ក្រោយនេះ។

ម៉ូតូកង់បីស៊េរីឆ្នាំ២០១៩នេះ មានឈ្មោះថា MaximaZ ដែលមានលក្ខណៈពិសេសជាច្រើនយ៉ាង មានកំលាំងម៉ាស៊ីនរហូតដល់236CC, ផ្ទុកទំងន់បានច្រើន, កំលាំងខ្លាំងជាងមុន, មានកម្ពស់ខ្ពស់ជាងស៊េរីចាស់ ហើយទាំងនេះ ជាកត្តាងាយស្រួលក្នុងការបង្កើន ប្រាក់ចំណូលរបស់អតិថិជន។

លោក ម៉ៃ ម៉ាតូ តំណាងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Bajaj RE ឲ្យដឹងថា ថ្ងៃនេះក្រុមហ៊ុនបានបង្ហាញម៉ូតូកង់បីស៊េរីថ្មី ឆ្នាំ២០១៩ ដែលមានឈ្មោះថា បង Bajaj RE MaximaZ ដែលទើបនាំចូលមកកម្ពុជានាពេលថ្មីនេះ។ ការនាំចូលម៉ូតូកង់បីស៊េរីឆ្នាំ២០១៩ មកកម្ពុជាគឺ ដើម្បីបំពេញតម្រូវការអតិថិជនព្រោះ បច្ចុប្បន្នអតិថិជនជឿជាក់ ក្នុងការប្រើប្រាស់ ម៉ូតូកង់បីរបស់ក្រុមហ៊ុន Bajaj RE។

លោកបន្ដថា សម្រាប់ម៉ូតូកង់បីស៊េរីឆ្នាំ២០១៩នេះ នឹងប្រកាសលក់ ព្រមទាំងបញ្ចេញតម្លៃលើទីផ្សារជាផ្លូវការនៅសប្ដាហ៍ក្រោយនេះ។

លោកបន្ថែមថា «សម្រាប់ម៉ូតូកង់បីស៊េរីឆ្នាំ២០១៩នេះ មានលក្ខណៈពិសេសជាច្រើនលើសម៉ូតូកង់បី ស៊េរីចាស់រួមមាន៖ ទំហំនៃកង់បីធំជាងមុន, កំលាំងម៉ាស៊ីនខ្លាំងដែលមានកំលាំងដល់ 236CC, ក្នុងកង់បីមានភាពធំទូលាយ និងមានលក្ខណៈពិសេសផ្សេងៗទៀតផងដែរ»។

លោកបន្ដថា កត្តាដែលធ្វើឲ្យក្រុមហ៊ុន Bajaj RE នាំយកម៉ូតូកង់បីមកបន្ដលក់នៅកម្ពុជានេះ ដោយសារតែមើលឃើញពីតម្រូវការរបស់អតិថិជន បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជានិយមប្រើប្រាស់ ម៉ូតូកង់បីរបស់ក្រុមហ៊ុនព្រោះ វាមានភាពងាយស្រួល ចំណាយតិចចំណេញច្រើន។ គិតត្រឹមប្រមាណ៣ឆ្នាំចុងក្រោយនេះ សន្ទុះនៃការលក់របស់ក្រុមហ៊ុន Bajaj RE មានការកើនឡើងខ្លាំង នៅក្នុងប្រទេសកម្ពុជា។

លោកឲ្យដឹងទៀតថា សម្រាប់ស៊េរីថ្មីឆ្នាំ២០១៩នេះ ក្រុមហ៊ុនរំពឹងថា នឹងមានការគាំទ្របន្ថែមទៀតពី សំណាក់អតិថិជន ខណៈម៉ូតូកង់បីស៊េរីចាស់មានការគាំទ្រ និងប្រើប្រាស់រហូតដល់២ម៉ឺនគ្រឿងនៅកម្ពុជា ត្រឹមរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ម៉ូតូកង់បី Bajaj RE មិនមែនមានការគាំទ្រតែនៅកម្ពុជាទេ ប៉ុន្ដែមានការទទួលស្គាល់ទូទាំងពិភពលោក ទាំងមូលតែម្ដង។

លោកបញ្ជាក់ថា អ្វីដែលពិសេសជាងនេះ សម្រាប់អតិថិជនដែលបានជាវម៉ូតូកង់បីពីក្រុមហ៊ុន Bajaj RE នឹងទទួបានការធានាជូននូវការជួសជុល, ពិនិត្យជូនដោយឥតគិតថ្លៃនូវបញ្ហាផ្សេងៗ និងមានផ្លាស់ប្ដូរនូវគ្រឿងបន្លាស់ទៀតផង ដោយគ្រឿងបន្លាស់នីមួយៗ សុទ្ធសឹងតែនាំចូល ដោយផ្ទាល់ពីក្រុមហ៊ុន។ មួយវិញទៀតសម្រាប់គ្រឿងបន្លាស់ និងសេវាកម្មម៉ូតូកង់បី Bajaj Re មានសេវាបម្រើជូនទូទាំង២៥ខេត្តក្រុងនៅកម្ពុជា ដោយអតិថិជនមិនចាំបាច់ ចំណាយពេលវេលាមកជួសជុល ឬផ្លាស់ប្ដូរគ្រឿងបន្លាស់នៅក្នុងទីក្រុងភ្នំពេញឡើយ។

សូមជម្រាបថា ក្រុមហ៊ុន Bajaj RE បានប្រតិបត្តិការនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយពោលគឺ បានមកដល់កម្ពុជានៅ​ក្នុង​ឆ្នាំ​២០១៥ ហើយ​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ខ្មែរ​ចំនួន​១​ម៉ឺន​កន្លែង ​បើ​គិត​ត្រឹម​​ឆ្នាំ​២០១៨​៕