(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានរៀបចំសម្អាតអនាម័យបរិស្ថាន ចាប់ពីមុខសាលាខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៧ និងជុំវិញផ្សារខ្នារ ក្នុងន័យបំផុសប្រជាពលរដ្ឋ រួមគ្នារក្សាអនាម័យ និងស្រលាញ់បរិស្ថានជុំវិញខេត្ត។

យុទ្ធនាការបំផុសពលរដ្ឋ សម្អាតអនាម័យបរិស្ថានខាងលើនេះ​ ធ្វើឡើងនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ដែលដឹកនាំដោយលោក គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ និងមានការចូលរួមពី ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត និងសិស្សនិសិ្សតមកពីសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ, វិទ្យាល័យហ៊ុនសែនខ្នារ អាជីវករ និងប្រជាពលរដ្ឋ សរុបជាង៥០០នាក់។

លោក គន់ សុភា បានថ្លែងថា ដើម្បីឲ្យទីរួមខេត្តយើងស្អាត ប្រកបទៅដោយបរិស្ថានល្អ ទាល់តែមានការចូលរួម ដោយផ្តើមចេញពីយើងទាំងអស់គ្នា ក្រោមទិសស្លោក «ទីក្រុងស្អាត គ្មានសម្រាម គ្មានក្លិនមិនល្អ ចោលសម្រាមក្នុងធុងសម្រាម» ក្នុងន័យដើម្បីសោភ័ណភាព បរិស្ថានទីក្រុងខ្លួន សុខភាពខ្លួន និងបងប្អូនកូនចៅរបស់ខ្លួន ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកលេងកំសាន្ត។

ជាមួយគ្នានោះ លោក គន់ សុភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាសំអាតអនាម័យ នៅតាមទីសាធារណៈជាប់ជាប្រចាំ និងគ្រប់ពេលវេលា ដើម្បីជាការចូលរួមលើកកម្ពស់ សោភ័ណភាពអនាម័យបរិស្ថានខេត្ត ដោយផ្តល់ខ្យល់អាកាសបរិសុទ្ធ សម្រាប់សុខភាពពលរដ្ឋ ពិសេសជាទីទាក់ទាញក្នុងខេត្តត្បូងឃ្មុំ៕