(ភ្នំពេញ​)៖​ ជនជាតិ​ចិន​ប្រុស​ស្រី​ពីរ​នាក់ ​ស្រវឹង​ស្រា​បើក​រថយន្ត​ស៊េរី​ទំនើប ​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​បុក​ទ្រូង​ផ្លូវ​រលំ៤​ផ្ទាំង​ រួច​ក៏​ជ្រុល​ទៅ​បុក​រទេះ​​លក់​សាច់​អាំង ​បណ្ដាល​ឲ្យ​ក្រឡាប់​រទេះ​ផ្ងារ​ជើង​ តែ​សំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​ឡើយ​។

ហេតុការណ៍នេះ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅម៉ោង​២៖៥០នាទី​ទៀប​ភ្លឺ ​ថ្ងៃ​​​ទី០​១ ខែ​មករា ​ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ មហាវិថី​ព្រះ​មុនីវង្ស ​នៅ​ចំណុច​មុខ​ភោជនីយដ្ឋានបង្កង​នាគ ​ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​​ស៊េរី​ទំនើប​មួយ​គ្រឿង​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AZ-3333 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថីព្រះ​មុនីវង្ស ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​ខាង​លើ​បាន​បើក​លឿន​ក៏​រេ​ចង្កូត​ទៅ​ឆ្វេង​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ​បណ្ដាល​ឲ្យ​រលំ​ចំនួន​៤ផ្ទាំង​ រួច​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​រទេះ​លក់​​សាច់​អាំង ​បណ្ដាល​ឲ្យ​ក្រឡាប់​រទេះ​ផ្ងារ​ជើង​តែ​ម្ដង​។ ភ្លាម​ៗ​នោះ​អ្នក​បើកបរ​ និង​អ្នក​រួម​ដំណើរ​បាន​នាំគ្នា​រត់​ឡើងជិះ​​រថយន្ត​មួយ​គ្រឿង​ទៀត​ គេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​តែ​ម្ដង​។

ក្រោយពេលកើតហេតុរថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕