(ភ្នំពេញ)៖ អ្នកជំនាញឯកទេសផ្នែកប្រព័ន្ធប្រសាទ ​បានព្រមានថា ការកើតជំងឺដាច់សរសៃឈាមខួរក្បាល គឺភាគច្រើនបណ្ដាលមកពីអ្នកជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសខ្លាញ់ មនុស្សធាត់ និងអ្នកដែលពិសារបារី ដែលបង្កជាហានិភ័យខ្ពស់កើតជំងឺស្រ្កូក ឬដាច់សរសៃឈាមក្នុងខួរក្បាល។

ក្នុងសិក្ខាសាលាស្ដីពីការការពារ និងការព្យាបាលជំងឺស្ទះ និងដាច់សរសៃឈាមខួរក្បាលកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ លោកស្រីវេជ្ជបណ្ឌិត ហុក តុលា អ្នកជំនាញឯកទេសផ្នែកប្រព័ន្ធប្រសាទ​នៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានបញ្ជាក់ថា ​ជំងឺដាច់សរសៃឈាម ខួរក្បាល គឺជាជំងឺដែលគ្រោះថ្នាក់បំផុត និងត្រូវការសង្គ្រោះជាបន្ទាន់ ហើយប្រសិនបើមិនបានជួយសង្គ្រោះ​អ្នកជំងឺទាន់ពេលវេលាទេ ​គឺអាចបង្កទៅជាផលវិបាកដូចជា ​អ្នកជំងឺក្លាយជាពិការភាព និងឈានទៅដល់ការស្លាប់ថែមទៀត។

លោកស្រីវេជ្ជបណ្ឌិត ​បានបន្ដថា ការដាច់សរសៃឈាមក្នុងខួរក្បាល ក្នុងករណីបន្ទាន់ ត្រូវបញ្ចូនអ្នកជំងឺមកកាន់មន្ទីរពេទ្យ ដើម្បីគ្រូពេទ្យព្យាបាលដោយថ្នាំពិសេសម្យ៉ាងគឺថ្នាំរំលាយគ្រាប់ឈាម ប្រសិនបើក្នុងករណីត្រឹមរយៈពេល៤ម៉ោងកន្លះ ក្នុងការប្រើប្រាស់ថ្នាំនេះដល់អ្នកជំងឺ។

លោកស្រីបានរៀបរាប់អំពីអាការៈខ្លះៗ ​ដែលបានកើតឡើងចំពោះជំងឺស្ទះ និងដាក់សរសៃឈាមខួរក្បាល គឺបង្ហាញនូវរោគសញ្ញា ទៅតាមស្ថានភាពខុសៗគ្នា ប៉ុន្ដែសញ្ញាសម្គាល់ធំៗ​ចំនួនដែលត្រូវចាប់អារម្មណ៍ភ្លាមៗនោះ គឺអ្នកជំងឺវៀចមាត់ ធ្លាក់មុខមួយចំហៀង ឬដៃប្រែជាទន់ កាន់របស់អ្វីលែងជាប់ ឬការនិយាយស្ដីមិនច្បាស់ និងនិយាយមិនចេញជាដើម ព្រមទាំងការចងចាំមិនបានត្រឹមត្រូវខុសពីធម្មតា ដែលនេះបង្ហាញពីរោគសញ្ញារបស់មនុស្សកើតស្រ្កូក ឬដាច់សរសៃឈាមខួរក្បាល។

លោកស្រីវេជ្ជបណ្ឌិត បានពន្យល់ថា ជំងឺស្ទះ​ និងដាច់សរសៃឈាមខួរក្បាលនេះ គឺកើតឡើងបណ្ដាលមកពីមូលហេតុដោយសារ តែមានការដាច់សរសៃឈាមតូច១​ ដែលមានកំណកខ្លាញ់​នៅក្នុងសរសៃឈាមធំក្នុងខួរក្បាល ដែលរត់ទៅកកស្ទះនៅខាងលើ ឬមកពីកំណកឈាមចេញពីបេះដូង។

លោកស្រីវេជ្ជបណ្ឌិតបានណែនាំថា ដើម្បីចូលរួមការពារ និងព្យាបាលអ្នកជំងឺស្ទះ និងដាច់សរសៃឈាមខួរក្បាលនេះ បើអ្នកជំងឺដឹងជាមុនថា បានកើតឡើងហើយ ត្រូវរួសរាន់ប្រញាប់មកមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលាពីព្រោះគ្រូពេទ្យអាចជួយសង្គ្រោះអ្នកជំងឺ ដោយប្រើថ្នាំពិសេសម្យ៉ាង ខណៈពេលអ្នកជំងឺមកដល់មន្ទីរពេទ្យក្នុងរយៈពេលត្រឹមតែ៤ម៉ោងកន្លះ ដើម្បីធ្វើការរំលាយគ្រាប់ឈាម ហើយអ្នកជំងឺអាចរួចផុតពីគ្រោះថ្នាក់។

លោកវេជ្ជបណ្ឌិត អាសាវីន ចំជីត (Assawin Chomjit) អ្នកជំនាញឯកទេសផ្នែកប្រព័ន្ធ ប្រសាទនៃមន្ទីរពេទ្យបាងកក ប្រទេសថៃ បានឱ្យដឹងថា ដើម្បីការពារជំងឺស្រ្កូក ឬជំងឺដាច់ សរសៃឈាមខួរក្បាលនេះ គឺត្រូវហាត់ប្រាណឱ្យបានទៀងទាត់ ការត្រួតពិនិត្យ និងកំណត់របបអាហារ ឱ្យបានត្រឹមត្រូវ ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង ដែលមានបញ្ហាប្រឈមខ្ពស់ ដែលអាចកើតជំងឺស្រ្កូក ឬដាច់សរសៃឈាមខួរក្បាល ហើយត្រូវរួសរាន់មកជួបគ្រូពេទ្យជំនាញ ដើម្បីបង្ការ ទប់ស្កាត់កុំឱ្យកើតជំងឺនេះ៕