(ត្បូងឃ្មុំ)៖ លោក គឹម ឈុនលី ខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បានចេញរបាយការណ៍ស្ដីពី ករណីចាប់ឃាត់រថយន្ដចំនួន២គ្រឿង ដឹកជញ្ជូនឈើប្រភេទប្រណីត (គ្រាក់គ្រញូង) ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងបានអះអាងបញ្ជាក់ថា គ្មានមន្ដ្រីរដ្ឋបាលព្រៃឈើណាម្នាក់ បានរងរបួសក្នុងហេតុការណ៍នេះនោះទេ។

យោងរបាយការណ៍ របស់នាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ ដែលផ្ញើជូនប្រធានមន្ទីរកសិកម្ម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាក់ថា នៅយប់កើតហេតុនោះ ខណ្ឌរដ្ឋបាលព្រៃឈើ ដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើតំបែរ សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការ៧០១ កម្លាំងនគរបាលខេត្ត និងផ្នែកសឹករងខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបរថយន្តដឹកឈើចំនួន២គ្រឿង ស្មើនឹងជាង៥០០គីឡូ នៅភូមិសាស្រ្តភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

នាយខណ្ឌរដ្ឋបាលព្រៃឈើ បានបន្តទៀតថា នៅពេលចុះបង្ក្រាបនោះ ស្រាប់តែមានឈ្មោះ យ៉ា សុផល (ទៀង) ជាមន្រ្តីនគរបាលខេត្តត្បូងឃ្មុំ មកគំរាមកំហែង និងវាយតប់កញ្ចប់មាត់បង្ក ឲ្យមានរបួសស្នាមទៅលើលោក ឆេន សុផាត មន្រ្តីនគរបាលខេត្ត ជាកម្លាំងសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ហើយឈ្មោះ យ៉ា​ សុផល ក៏បានប្រទោះសារាយជាមួយលោក ឃឹម ប៊ុនធឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើតំបែរផងដែរ ដោយមានការចង្អុលមុខ ហើយប្រមាថ ក្នុងន័យរារាំង និងកាងបទល្មើសព្រៃឈើ តែជននោះពុំបានប៉ះពាល់ និងបង្ករបួសស្នាមមកលើ មន្រ្តីរដ្ឋបាលព្រៃឈើទេ។

ជាមួយគ្នានេះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ក៏បានចេញមកបញ្ជាក់ថា តាមពិតមន្រ្តីនគរបាលដែលបង្កបញ្ហា និងបានរារាំង ដល់ប្រតិបត្តិការបង្ក្រាបបទល្មើសទាំងនោះ គឺមានអាការៈស្រវឹង នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មន្រ្តីនគរបាលរូបនេះមានឈ្មោះ យ៉ា សុផល តួនាទីនាយរងប៉ុស្តិ៍ស្អំ នៃវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ៕