(ស្ទឹងត្រែង)៖ បន្ទាប់ពីដំណើរការសាងសង់រយៈពេលប្រមាណ១១ឆ្នាំ វារីអគ្គិសនីសេសានក្រោម២ ដែលវិនិយោគរួមគ្នារវាងក្រុមហ៊ុនចិន ខ្មែរ និងវៀតណាម ផ្តល់ថាមពលជិត ២លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ត្រូវដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះហើយ។

ពិធីបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការវារីអគ្គិសនីផ្តល់ថាមពលធំជាងគេនៅកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

វារីអគ្គិសនីសេសានក្រោម២ មានអាងស្តុកទឹកលាតសន្ធឹងតាមដងទន្លេសេសានក្នុងឃុំភ្លុក ឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន និងមានទំនប់វារីអគ្គីសនី ប្រវែង ៦,៥គីឡូម៉ែតនេះជាទំនប់ដ៏វែងបំផុតក្នុងទ្វីបអាស៊ី។ វារីអគ្គិសនីសេសានក្រោម២ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដាក់ទុនវិនិយោគ ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ទាក់ទុន ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក។ ការវិនិយោគនេះតាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន៤៥ឆ្នាំ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីសេសានក្រោម២ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ,

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយបានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ ដែលផលិតថាមពលធំជាងគេនៅកម្ពុជា និងជាវារីអគ្គិសនីទី៧ ដែលសម្តេចបានអញ្ជើញសម្ពោធ។

* សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចពិតជាមានមោទនភាពចំពោះសមិទ្ធផលវារីអគ្គិសនីសេសានក្រោម២នេះ ដែលមានការវិនិយោគរួមគ្នារវាងចិន កម្ពុជា និងវៀតណាម ហើយជាវារីអគ្គិសនីដំបូងគេវិនិយោគដោយអ្នកវិនិយោគខ្មែរ គឺអ្នកឧកញ៉ា គិត ម៉េង។

* សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបង្កើតវារីអគ្គិសនីសេសានក្រោម២ មិនមែនជាការវិនិយោគដោយប្រថុយប្រថានគ្មានការគិតគូរជាមុននោះទេ។

* សម្តេចតេជោ បានថ្លែងថា វារីអគ្គិសនីនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តន៍គោលនយោបាយរបស់សម្តេចដែលបានដាក់ចេញតាំងពីឆ្នាំ ១៩៨៧ គឺទឹក ផ្លូវ ភ្លើង និងមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វារីអគ្គិសនីសេសានក្រោម២ មិនមែនប្រើសម្រាប់ផ្គត់ផ្គង់ថាមពលនៅក្នុងខេត្តស្ទឹងត្រែងទេ គឺបានផ្គត់ផ្គង់ទៅបណ្តាខេត្តផ្សេងៗទៀតផងដែរ។

* សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការបង្កើតវារីអគ្គិសនីនៅទីនេះ មានប្រជាពលរដ្ឋភាគច្រើនគាំទ្រ ប៉ុន្តែមានប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះ ដែលបានប្រឆាំងតាមរយៈការញុះញង់ពីជនបរទេស។

* សម្តេចតេជោ បានបញ្ជាក់ថា ត្រីនៅកម្ពុជាប្រមូលផ្តុំគ្នាតែនៅក្នុងទន្លេសាប និងទន្លេមេគង្គអត់មានរត់មកលើនេះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនសាងសង់វារីអគ្គិសនីសេសានក្រោម២ ដែលជាវារីអគ្គិសនីសាងសង់ទំនប់កាត់ទន្លេនេះ សម្តេចបានធ្លាប់ស្គាល់វារីអគ្គិសនីចំនួនពីរ គឺវារីអគ្គិសនីនៅអតីតសហភាពសូវៀត គឺវារីអគ្គិសនីទប់ទំនប់កាត់ទន្លេវ៉ុលហ្កាក្រា និងវារីអគ្គិសនីណាំងឹមនៅក្នុងប្រទេសឡាវ ដែលជាវារីអគ្គិសនី សាងសង់ទំនប់ កាត់ទន្លេផងដែរ។ សម្តេចតេជោបានលើកឡើងថា វារីអគ្គិសនីនៅអតីតសហភាពសូវៀត នៅផ្នែកខាងលើទំនប់បានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញ និងជាកន្លែងស្ទួចត្រី។ សម្តេចថា បទពិសោធន៍នៃវារីអគ្គិសនីនៅប្រទេសទាំងពីរនេះហើយ ដែលសម្តេចយកមកសម្រាប់ជាមូលដ្ឋានសម្រេចចិត្ត សាងសង់វារីអគ្គិសនីសេសានក្រោម២។

* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីអតីតកាលរបស់កម្ពុជាក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដោយអត់មានអគ្គិសនីប្រើប្រាស់ដូចពេលបច្ចុប្បន្ននោះទេ ប្រជាពលរដ្ឋត្រូវប្រើភ្លើងចន្លុះ និងចង្កៀងប្រេងកាត់ជាដើម។

* សម្តេចតេជោ បានថ្លែងថា វារីអគ្គិសនីសេសានក្រោម២ ដែលផលិតថាមពលបានរហូតដល់ ៤០០មេហ្គាវ៉ាត់នេះ បានដោះស្រាយបញ្ហាច្រើនណាស់ ដល់ការអភិវឌ្ឍប្រទេស មិនគ្រាន់តែជាបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋទេ តែត្រូវផ្គត់ផ្គង់ទៅវិស័យកសិកម្ម និងក្នុងវិស័យឧស្សាហកម្ម ព្រមទាំងវិស័យសេវាផងដែរ។

* សម្តេចតេជោ បានថ្លែងថា ការបង្កើតវារីអគ្គិសនីត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីទាញយកថាមពលមកប្រើប្រាស់ មិនមែនបញ្ចប់ត្រឹមវារីអគ្គិសនីសេសាន២នោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា បើមិនមានការប្រឹងប្រែងអភិវឌ្ឍន៍វារីអគ្គិសនីទេ កម្ពុជាអាចនឹងប្រឈមការខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់នៅឆ្នាំ២០២០។

* សម្តេចនាយករដ្ឋមន្ត្រី បានជំរុញអាជ្ញាធរអគ្គិសនីត្រូវបន្តប្រឹងប្រែងតបណ្តាញអគ្គិសនីបន្ថែមទៀត ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិននាពេលខាងមុខ នឹងមានការចរចាផ្តោតជាសំខាន់ទៅលើការកម្ចីថវិកា សម្រាប់តបណ្តាញអគ្គិសនីនៅកម្ពុជាផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រើប្រាស់ថាមពលអគ្គិសនីក្នុងវិស័យឧស្សាហកម្ម ដែលបច្ចុប្បន្នកំពុងអនុវត្តន៍ ០១៦សេន៥០ ក្នុងមួយគីឡូនៅភ្នំពេញ និង ០១៦សេន៤០ នៅតាមខេត្ត នឹងចុះទៅដល់ ០១៤សេន ៧០នៅឆ្នាំ២០១៩ និងទៅដល់ ០១៤សេន៦០នៅឆ្នាំ២០២០។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាពតម្លៃអគ្គិសនី នឹងចុះទៅដល់ ៦១០រៀល នៅឆ្នាំ២០១៩ និង២០២០។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នារហូតដល់សម្រេចបានសមិទ្ធផលវារីអគ្គិសនីសេសានក្រោម២។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនាន់មុនមន្ត្រីតាមខេត្តយកលេសផ្សេងៗដូចជាសាឡាងមិនឆ្លង បញ្ហាសន្តិសុខដែលអាចបង្កដោយខ្មែរក្រហមជាដើម ដើម្បីគេចពីការចូលរួមប្រជុំនានា។ តែបច្ចុប្បន្នផ្លូវ ស្ពានត្រូវបានតភ្ជាប់ បញ្ហាខ្មែរក្រហមក៏លែងមានដូច្នេះគ្មានលេសនេះទៀតទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោក គ្រប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជាដែលគាំទ្រដោយរដ្ឋាភិបាលចិន មិនមានគម្រោងណាមួយត្រូវបានផ្អាកនោះទេ។ តាមរយៈជំហនេះបង្ហាញថា រដ្ឋាភិបាលចិន បានគាំទ្រយ៉ាងក្លៀវក្លាសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

* សម្តេចតេជោ បានបញ្ជាអាជ្ញាធរខេត្តស្ទឹងត្រែងយកចិត្តទុកដាក់ និងតាមដានមើលប្រជាពលរដ្ឋដែលត្រូវផ្លាស់ប្តូរទីលំនៅពីកន្លែងសាងសង់វារីអគ្គិសនីទៅកន្លែងទីលំនៅថ្មី។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណពលរដ្ឋស្ទឹងត្រែង និងទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺបង្ហាញគាំទ្រដំណើរប្រជាធិបតេយ្យនៅកម្ពុជា និងជាការបរាជ័យនយោបាយដេកផ្ទះឈ្នះឯងរបស់ ហើយការចេញទៅបោះឆ្នោតនោះ ក៏ជាការចូលរួមការពារនុវសុខសន្តិភាព។

* មុនបញ្ចប់សុន្ទរកថា សម្តេចតេជោ បានថ្លែងថា នៅថ្ងៃស្អែកគណបក្សប្រជាជនកម្ពុជា នឹងបើកមហាសន្និបាតរបស់ខ្លួនរយៈពេល៣ថ្ងៃ។ មហាសន្និបាតនេះ នឹងពិភាក្សាលើកិច្ចការទាំងឡាយដែលត្រូវធ្វើចំពោះមុខនៃការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងនាំប្រទេសពីស្ថានភាពមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា សម្តេចនឹងធ្វើជានាយករដ្ឋមន្ត្រី១០ឆ្នាំបន្តទៀត រហូតដល់ក្រុមប្រឆាំងវិនាសសន្តិ។

* សម្តេចតេជោ បញ្ចប់សុន្ទរកថានៅវេលាម៉ោង ១០៖១៨នាទី, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈ Fresh News៕