(ស្ទឹងត្រែង)៖ បន្ទាប់ពីដំណើរការសាងសង់រយៈពេលប្រមាណ១១ឆ្នាំវារីអគ្គិសនីសេសានក្រោម២ ដែលវិនិយោគរួមគ្នារវាងក្រុមហ៊ុនចិន ខ្មែរ និងវៀតណាមផ្តល់ថាមពលជិត ២លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ នឹងត្រូវដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះហើយ។

ពិធីបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការវារីអគ្គិសនីផ្តល់ថាមពលធំជាងគេនៅកម្ពុជានេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

វារីអគ្គិសនីសេសានក្រោម២ មានអាងស្តុកទឹកលាតសន្ធឹងតាមដងទន្លេសេសានក្នុងឃុំភ្លុក ឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន និងមានទំនប់វារីអគ្គីសនី ប្រវែង ៦,៥គីឡូម៉ែតនេះ ជាទំនប់ដ៏វែងបំផុតក្នុងទ្វីបអាស៊ី។ វារីអគ្គិសនីសេសានក្រោម២ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដាក់ទុនវិនិយោគ ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ទាក់ទុន ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក។ ការវិនិយោគនេះតាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន ៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល ៥ឆ្នាំសម្រាប់ដំណើរការសាងសង់ និង៤០ឆ្នាំ សម្រាប់ធ្វើអាជីវកម្ម។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានលើកឡើងថា ការអភិវឌ្ឍគម្រោងវារីអគ្គិសនីសេសានក្រោម២នេះ ផ្តល់ផលប្រយោជន៍ជាច្រើនជូនជាតិមាតុភូមិ តាមរយៈការបង្កើតមុខរបរដល់ប្រជាពលរដ្ឋ បង្កើតប្រាក់ចំណូលពន្ធដារជូនរដ្ឋ បង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា កាត់បន្ថយហានិភ័យលើកផ្គត់ផ្គង់អគ្គិសនីដែលពឹងផ្អែកលើការនាំចូលឥន្ធនៈដើម្បីផលិតអគ្គិសនី និងបានចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

«ភ្លើង» សំដៅដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីសម្រាប់តម្រូវការការវិនិយោគ និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពទាំង៤របស់សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីបានដឹកនាំរាជរដ្ឋាភិបាលក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ តាមរយៈការដាក់ចេញនយោបាយនេះ បានធ្វើឲ្យការអភិវឌ្ឍប្រភពអគ្គិសនី បណ្តាញជាតិ បណ្តាញរង បណ្តាញចែកចាយ និងការតភ្ជាប់បណ្តាញអគ្គិសនីជូនអ្នកប្រើប្រាស់មានការរីកចម្រើនយ៉ាងលឿន និងមានប្រសិទ្ធភាពផ្តល់នូវផ្លែផ្កាជាបន្តបន្ទាប់ដល់ប្រទេសជាតិទាំងមូល ដែលរាជរដ្ឋាភិបាលបានបែងចែកផ្លែផ្កានេះជូនទៅអ្នកប្រើប្រាស់នីមួយៗវិញ តាមរយៈផែនការបន្ថយថ្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាល។

លោក ស៊ុយ សែម បានឲ្យដឹងថា រយៈពេល ២០ឆ្នាំមកនេះ តាមរយៈការរៀបចំផែនការ និងការអភិវឌ្ឍប្រភពអគ្គិសនីជាបន្តបន្ទាប់លើមូលដ្ឋាននៃសុខសន្តិភាពទូទាំងប្រទេសអានុភាពប្រភពអគ្គិសនីរបស់កម្ពុជាបានកើនពី ១៥០មេហ្គាវ៉ាត់នៅឆ្នាំ១៩៩៨ រហូតដល់ ២,៦៤៨មេហ្គាវ៉ាត់នៅចុងឆ្នាំ២០១៨។ បច្ចុប្បន្នកម្ពុជាមានប្រព័ន្ធបណ្តាញជាតិដែលមានខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២,១៤១គីឡូម៉ែត្រ និងអនុស្ថានីយ ៣៣កន្លែង ដែលអាចតភ្ជាប់ប្រភពអគ្គិសនីទាំងអស់ ហើយអាចបញ្ជូនប្រភពអគ្គិសនីទៅឲ្យអនុស្ថានីយនៅតាមរាជធានី ខេត្តចំនួន២០ដោយផ្ទាល់។

ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ កម្ពុជា បានអភិវឌ្ឍន៍បណ្តាញបញ្ជូនរង និងបណ្តាញចែកចាយថ្មីជាង ៦៣,៤៧៦គីឡូម៉ែត្របន្ថែម ដែលក្នុងនោះមានខ្សែចាយចាយតង់ស្យុងមធ្យមចំនួន ៣១,៣៥៧គីឡូម៉ែត្រ មានត្រង់ស្វូចែកចាយចំនួន ១៦,២៣៣ទីតាំង និងខ្សែចែកចាយតង់ស្យុងទាបចំនួន ៣២,១១៩គីឡូម៉ែត្រ ធ្វើការផ្គត់ផ្គង់អគ្គិសនីបច្ចុប្បន្នគ្របដណ្តប់លើភូមិចំនួន ១២,៣០៥ភូមិ ត្រូវជា ៨៦,៨៥ភាគរយ នៃចំនួនភូមិទាំងអស់ ឯការភ្ជាប់បណ្តាញអគ្គិសនីឲ្យអ្នកប្រើប្រាស់វិញបានកើនឡើងដល់ ២,៦៥លានទីតាំង ដែលក្នុងចំនួននោះមានលំនៅដ្ឋានចំនួន ២,៥៥លានខ្នងផ្ទះ ត្រូជា ៧២,១៦ភាគរយ នៃខ្នងផ្ទះសរុប។

ការបញ្ចុះតម្លៃអគ្គិសនីដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងទាក់ទាញការវិនិយោគក៏ជាបញ្ហាមួយដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ បានយកចិត្តទុកដាក់ និងគិតគូរខ្ពស់ផងដែរ។ នៅឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានកំណត់ផែនការបន្ថយថ្លៃអគ្គិសនីនៅតំបន់ផ្គត់ផ្គង់ដែលយកប្រភពអគ្គិសនីបណ្តាញជាតិសម្រាប់ឆ្នាំ២០១៦-២០២០ ដើម្បីបែងចែកផ្លែផ្កានេះជូនទៅអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទ។

តាមរយៈផែនការនេះ ចាប់ពីឆ្នាំ២០១៦ បានធ្វើការបន្ថយថ្លៃអគ្គិសនីនៅតំបន់ទាំងអស់ដែលបានយកប្រភពអគ្គិសនីពីបណ្តាញជាតិ។ នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលធ្វើការកែសម្រួលបន្ថយអត្រាថ្លៃបន្ថែមទៀតសម្រាប់លំនៅដ្ឋានដែលប្រើប្រាស់មិនលើស ៥០គីឡូម៉ែត្រម៉ោងក្នុងមួយខែ នៅតំបន់ជនបទ រួចនៅមុនការបោះឆ្នោតសកលឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានសន្យាទម្លាក់ថ្លៃអគ្គិសនីបន្ថែមទៀតសម្រាប់ឆ្នាំ២០១៩ និង២០២០៕