(ត្បូងឃ្មុំ)៖ កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើ បានបើកប្រតិបត្តិការតាមបង្ក្រាបរថយន្តចំនួន២គ្រឿង លួចដឹកជញ្ជូនឈើក្រញូង ស្ថិតនៅតាមផ្លូវជាតិលេខ៧ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅវេលាម៉ោងចុះបង្ក្រាបនោះដែរ សម្រាប់តែលេចមុខមន្រ្តីនគរបាលម្នាក់ រួមជាមួយស្នងការរងម្នាក់ ក៏បានបើករថយន្តមកដល់ ហើយបានរារាំងប្រតិបត្តិការរហូតមានការជេរប្រមាថ មកលើកម្លាំងសមត្ថកិច្ចទៀតផង និងបានយកដៃទៅវាយមន្រ្តីម្នាក់ ដែលបានយកទូរស័ព្ទថតពីសកម្មភាពទាំងនេះ។ ក្រោយមានហេតុការណ៍ខាងលើនេះ កើតឡើង ក៏មានព័ត៌មាន និងសេចក្តីរាយការណ៍មកថា មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ ត្រូវបានមន្រ្តីនគរបាលវាយដោយសារបានចាប់រថយន្តដឹកឈើរបស់គេ។

ជាមួយនឹងព័ត៌មានលម្អិត នៃប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើទាំងនេះ នៅព្រលប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានចេញមកបញ្ជាក់ថា តាមពិតមន្រ្តីនគរបាលដែលបង្កបញ្ហា និងបានរារាំង ដល់ប្រតិបត្តិការបង្ក្រាបបទល្មើសទាំងនោះ គឺមានអាការៈស្រវឹង នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មន្រ្តីនគរបាលរូបនេះមានឈ្មោះ យ៉ា សុផល តួនាទីនាយរងប៉ុស្តិ៍ស្អំ នៃវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ លោកស្នងការថា នៅយប់កើតហេតុនោះ កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងមេព្រៃ បានចុះទៅបង្ក្រាបរថយន្តដឹកឈើចំំនួន២គ្រឿង ហើយពេលចុះបង្ក្រាបក៏មានរថយន្តមួយគ្រឿងរបស់ឈ្មោះ យ៉ា សុផល។ ពេលនោះឈ្មោះ យ៉ា សុផល ដោយមានអាការៈស្រវឹងផងនោះទើបមកពីខេត្តកោះកុង បានទៅរករឿង និងឈ្លោះជាមួយក្រុមនគរបាលដែលកំពុងចុះចាប់ឈើ។

ជាមួយគ្នានេះ ចំពោះព័ត៌មានមួយចំនួនដែលថា វាយមន្រ្តីរដ្ឋបាលព្រៃឈើនោះ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ផងដែរ ក្រោយមានហេតុការណ៍នេះ លោកឲ្យស្រាវជ្រាវរកមន្រ្តីរដ្ឋបាលព្រៃឈើ ដែលត្រូវគេវាយ​ តែគឺមានមន្រ្តីកងអន្តរាគមន៍នគរបាលខេត្តម្នាក់ដែលលោកបានចាត់តាំងអោយទៅបង្រ្កាបព្រៃឈើឈ្មោះ ប្រាក់ ត្រូវលោក គ្រវាសដៃសំដៅកាមេរ៉ាដែលកំពុងថតគាត់ ត្រូវមុខបន្តិចប៉ុណ្ណោះ។ ពេលនេះអ្នកទាំង២កំពុងចូលខ្លួនមកបំភ្លឺនៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត។

ក្រោយមកស្រែកឡូឡា នឹងឈ្លោះប្រកែកជាមួយកងកម្លាំងនគរបាលនោះ មន្រ្តីនគរបាលយ៉ា សុផល បានបើករថយន្តចេញបាត់ទៅ ហើយកងកម្លាំងនគរបាល និងមន្រ្តីរដ្ឋបាលព្រៃឈើបានអូសរថយន្តដឹកឈើទាំង២គ្រឿង ទៅរក្សាទុកនៅកន្លែងរដ្ឋបាលព្រៃឈើចាត់ការបន្តទៀត។

សម្រាប់នគរបាល យ៉ា សុផល នោះ​ត្រូវបានលោកឧត្តមសេនីយ៍ស្នងការ បែន រ័ត្ន អះអាងថា នៅពេលនេះខាងជំនាញព្រហ្មទណ្ឌកំពុងសួរនាំ និងស្រាវជ្រាវបន្ថែមទៀតដើម្បីចាត់ការបន្តទៀត៕