(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានប្រាប់ឲ្យម្ចាស់អាជីវកម្ម ផ្ទះសំណាក់ ផ្ទះជួល និងសណ្ឋាគារ សហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន នៅទូទាំងខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងទៅកាន់ម្ចាស់អាជីវកម្មជាង២០០នាក់ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់នៃគ្រឿងញៀន ដល់អាជីវករជាម្ចាស់អាជីវកម្ម ងាយរងគ្រោះ ដោយគ្រឿងញៀន។

លោកអភិបាលខេត្ត បានថ្លែងថា ត្រូវរួមសហការគ្នា ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន ដោយហេតុថា គ្រឿងញៀនតែងតែបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍, បង្កជាអំពើហិង្សា, បង្កឲ្យខូចខាតទ្រព្យសម្បត្តិផ្សេងៗ និងបង្កឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតជាដើម។ បញ្ហានេះ ថ្នាក់ជាតិក៏បានមើលឃើញដូចគ្នា ហើយក៏បានដាក់វិធានការ ដោះស្រាយបញ្ហាទាំងឡាយនោះផងដែរ ដូចជា អប់រំ បង្ការ ទប់ស្កាត់បង្ក្រាប និងពិនិត្យព្យាបាល ដែលកិច្ចការនេះ អាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញ បានធ្វើមកជាបន្តបន្ទាប់។

លោកថា អ្វីដែលបានឆ្លងកាត់ការពិគ្រោះគ្នា អាជ្ញាធរខេត្តក៏បានរកឃើញកន្លែង ដែលងាយរងគ្រោះ គោលដៅគឺបងប្អូន អ្នកដែលប្រកបរបរ ផ្ទះជួល ផ្ទះសំណាក់ និងសណ្ឋាគារនេះឯង។ ប្រសិនបើ មានអ្នកលួចប្រើប្រាស់ ក្នុងមូលដ្ឋានបងប្អូននោះ យើងនឹងទទួលរងគ្រោះ ដោយសារតែជនល្មើសទាំងនោះដែរ។

លោក អ៉ីម ស៊ាងឌី នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្ននេះសភាពការណ៍នៃគ្រឿងញៀន ហាក់បីដូចមានការកើនឡើង គួរឲ្យចាប់អារម្មណ៍ និងមានការរីករាលដាល ចាប់ពីទីប្រជុំជន រហូតដល់ជនបទ លើការចរាចរណ៍ជួញដូរ ចែកចាយ និងប្រើប្រាស់បំពានគ្រឿងញៀន។​

លោកបានបន្តថា បើទោះបីជាសមត្ថកិច្ច មានការសហការ ជាមួយប្រជាពលរដ្ឋ ខិតខំទប់ស្កាត់យ៉ាងណាក៏ដោយ ក៏បទល្មើសគ្រឿងញៀននេះ មិនបានថយទៅកម្រិតទាបនៅឡើយទេ ហើយសកម្មភាពល្មើស នៅតែជាបញ្ហា និងមានការប្រែប្រួលយ៉ាងស្មុកស្មាញ បង្ករមហន្តរាយធ្ងន់ធ្ងរដល់មនុស្ស និងសង្គមជាតិ ពោលគឺ បទល្មើសលួច ប្លន់ រំលោភ គ្រោះថ្នាក់ចរាចរណ៍ និងប្រព្រឹត្តអំពើហិង្សាផងដែរ៕