(ភ្នំពេញ)៖ ​ឥទ្ធិពលនៃថ្នាំញៀនធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះផ្លូវចិត្តរបស់អ្នកប្រើប្រាប់ដូចជា វង្វេងវង្វាន់ស្មារតី ភ្លេចភ្លាំងច្រើន បណ្ដាលឲ្យការចង់ចាំថយចុះ មានអារម្មណ៍រវើរវាយ អណ្ដែតអណ្ដូង សប្បាយ ឆេវឆាវ ឬស្ងាត់ស្ងៀម មិននិយាយស្ដីខុសពីធម្មតា ស្រើបស្រាលនឹងបញ្ហាផ្លូវភេទ ងោកងុយ ឬពុំដេកទាល់តែសោះ អាកប្បកិរិយាផ្លាស់ប្ដូរខុសពីធម្មតា និយាយប៉ប៉ាច់ប៉ប៉ោចពុំប្រាកដប្រជា អាស្រ័យលើបរិមាណប្រើប្រាស់ ជាហេតុសម្គាល់ឲ្យដឹងថា មនុស្សម្នាក់នោះ កំពុងប្រើប្រាស់ អាចឈានដល់មានជំងឺវិកលចរិត ដោយសារស្រវឹង និងគ្រឿងញៀន។

ជាក់ស្ដែង នៅល្ងាចថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៨​ មានមនុស្សមួយសំបុកចំនួន៦នាក់ទៀតហើយ រួមជាមួយសម្ភារបម្រើឲ្យសកម្មភាពប្រើប្រាស់មួយចំនួនផងនោះ នៅខណៈដែលពួកគេកំពុងតែសង្ងំធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀន ស្ថិតនៅក្នុងក្រុមទី៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ និងនៅតាមបណ្ដោយផ្លូវរថភ្លើង ត្រង់ចំណុចក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ ត្រូវបានកម្លាំងលោកវរសេនីយ៍ទោ សារ៉ាយ ចេង អធិការរងប្រឆាំងបទល្មើសគ្រឿងញៀនខណ្ឌ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ បានតាមស្រាវជ្រាវ រហូតបើកប្រតិបត្តិការឡោមព័ទ្ធបង្ក្រាបតែម្ដង។

លោក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ចាក់ថា ជនសង្ស័យដែលសមត្ថកិច្ចតាមស៊ើបអង្កេតបង្ក្រាបបានទាំង៦នាក់ នៅក្នុងនោះ ទី១៖ឈ្មោះ ម៉ើ ប្រហ៊ីម អាយុ៣៤ឆ្នាំ, ទី២៖ឈ្មោះ ទេព សាផន​ អាយុ៦១ឆ្នាំ, ទី៣៖ឈោ្មះ ហ៊ីង វណ្ណា ​អាយុ៣៧ឆ្នាំ, ទី៤៖ឈោ្មះ យាន សម្បត្តិ អាយុ៣២ឆ្នាំ, ទី៥៖ឈោ្មះ ហៃ វណ្ណដេត ​អាយុ៣១ឆ្នាំ, ទី៦៖ឈោ្មះ វណ្ណា វណ្ណនី ​អាយុ២៨ឆ្នាំ​។​

លោកវរសេនីយ៍ទោ គល់ យី អំពាវនាវដល់យុវជន សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា ព្រោះក្រៅពីធ្វើឲ្យប៉ះពាល់ផ្លូវចិត្តនោះ គ្រឿងញៀនបានធ្វើឲ្យ ប៉ះពាល់ចំពោះផ្លូវកាយយ៉ាងធ្ងន់ធ្ងរផងដែរដូចជា អស់កម្លាំងល្ហិតល្ហៃរាងកាយ ស្គាំងស្គម និងសរីរាង្គនានាមាន ភ្នែក ច្រមុះ ត្រចៀក បេះដូង ថ្លើម ខួរក្បាល សាច់ដុំ ទ្រុឌទ្រោមចុះខ្សោយ និងងាយទទួលជំងឺផ្សេងៗ ដូចជាក្អករ៉ាំរ៉ៃ រលាកទងសួត រលាកខួរក្បាល មហារីកសួត ខូចមុខងារបន្តពូជជាដើម។ល។

លោកអធិការថា ទោះបីយ៉ាងណា​ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង៦នាក់ និងវត្ថុតាងពាក់ព័ន្ធទាំងឡាយ បាននិងកំពុងបន្តសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕​