(ភ្នំពេញ)៖ ​កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧ ២០១៨ និងទិសដៅបន្តឆ្នាំ២០១៩ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃកងទ័ពប្រជាជនវៀតណាម ត្រូវបានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឧត្តមសេនីយ៍ទោ ហ្វាង សួនជៀង មេបញ្ជាការ​បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

កិច្ចប្រជុំរវាងភាគីនៃប្រទេសទាំងពីរ ត្រូវបានធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងពង្រីកការទំនាក់ទំនងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីថែរក្សាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

លទ្ធផលកិច្ចសហការដ៏មានអត្ថន័យនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងគុណភាព និងសមត្ថភាពដល់កងទ័ពការពារព្រំដែន នៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបានកិច្ចការពារសន្តិភាព ស្ថេរភាព និងភាពសម្បូររុងរឿង ជាពិសេសចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណី រវាងប្រជាជនទាំងពីរ និងកងទ័ពទាំងពីរ​កម្ពុជា-វៀតណាម។

ចុងបញ្ចប់នៃកិច្ចប្រជុំនេះភាគីទាំងពីរ បានចុះហត្ថលេខារួមគ្នាដើម្បីបន្តកិច្ចសហប្រតិបត្តិការទិសដៅឆ្នាំ២០១៩។ កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ​នៃប្រទេសទាំងពីរ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក៏មានកិច្ចប្រជុំមួយផ្សេងទៀត គឺកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការងា ឆ្នាំ២០១៧-២០១៨ និងទិសដៅបន្តឆ្នាំ២០១៩ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានប្រព្រឹត្តទៅក្រោមវត្តមានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឧត្តមសេនីយ៍ទោ វ៉ មិញលឿង មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងមានការចូលរួមពីសមាជិកសមាជិកានៃភាគីកម្ពុជា វៀតណាមផងដែរ៕