(ព្រះវិហារ)៖ លោក គឹម ចេត្ថាវី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ កំពុងសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៥៖១៥នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

សមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យបានឲ្យថា មិនទាន់ដឹងពីមូលហេតុពិតប្រាកដ នៃករណីគ្រោះថ្នាក់ចរាចរណ៍នេះទេ ហើយជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារហើយដែរ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ គឹម ចេត្ថាវី ជានាយផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើកបររថយន្តម៉ាក Ford RANGER តែម្នាក់ឯង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AJ: 7877។

ដោយឡែកបើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក១៦មករា បានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានដឹងខ្លួនវិញហើយ ហើយជនរងគ្រោះក៏ត្រូវបានបញ្ជូនបន្តទៅធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យនារាជធានីភ្នំពេញ បន្តទៅទៀតផងដែរ៕