(កោះកុង)៖ ថ្ងៃទី១នៃពិធីបុណ្យសមុទ្រនៅខេត្តកោះកុង ដែលត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់មានលក្ខណៈយ៉ាងល្អប្រសើរ ដោយមានការចូលរួមការពារពីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់យ៉ាងស្អិតរមួត ប្រកបដោយការទទួលខុសត្រូវខ្ពស់។

របាយការណ៍របស់នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ប្រធានគណៈកម្មការការពារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ដែរថា ជាមួយនឹងស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរនេះ បានបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករផងដែរ។

នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ក៏បានឲ្យដឹងថា សម្រាប់ការងារអន្ដរាគមន៍ និងជួយសង្គ្រោះវិញ សមត្ថកិច្ចបានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ចំនួន៨២នាក់ និងបានចុះអប់រំផ្សព្វផ្សាយ អំពីវិធីបង្ការ ពន្លត់អគ្គិភ័យ និងចែកខិតប័ណ្ណផងដែរ។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមខេត្តកោះកុង ហើយនៅថ្ងៃស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកផ្លូវការនៃពិធីបុណ្យសមុទ្រឆ្នាំនេះ៕