(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងបង្ហាញពីលទ្ធផលនៃផែនការធំៗ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបានក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី អណត្តិទី៦ តបតាមការសន្យារបស់ក្រសួង ទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រូមទាំងបានបង្ហាញពីផែនការនៃគម្រោងសម្រាប់អនុវត្តន៍បន្តបន្ថែមទៀតផងដែរ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចំណតកំពង់ផែកុងតឺន័រ LM១៧ ជំហានទី២ នៃគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ របស់កំពង់ផែស្វយ័តភ្នំពេញ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១៤ ខែធ្នូនេះ លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្រោយការបង្កើតរាជរដ្ឋាភិបាល អណត្តិទី៦ រួចមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុវត្តន៍សម្រេចបាននូវផែនការសំខាន់ៗ ដូចជា៖

* នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ បានតភ្ជាប់ផ្លូវដែកពីប៉ោយប៉ែត ដល់សិរីសោភ័ណ្ឌ។
* នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ បានដាក់ឱ្យដំណើរការ កាណូតពីភ្នំពេញ ទៅដល់ក្រុងតាខ្មៅ។
* នៅថ្ងៃ១២ ខែមេសា ឆ្នាំ២០១៨ បានបើកឱ្យដំណើរការស្ពានអាកាសផ្សារដីហុយ។
* នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ បានតភ្ជាប់ផ្លូវដែក ពីក្រុងសិរីសោភ័ណ្ឌ ដល់បាត់ដំបង។
* នៅថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៨ បានតភ្ជាប់ផ្លូវដែក​ពីបាត់ដំបង ទៅពោធិ៍សាត់។
* នៅថ្ងៃ៤ ខែកក្កដា ឆ្នាំ២០១៨ បានតភ្ជាប់ផ្លូវដែកពីពោធិ៍សាត់ មកដល់ភ្នំពេញ។
* នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ដាក់ឱ្យដំណើរការ សាលាបង្រៀនបើកបររថយន្តធន់ធំ។
* នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤៨ បានអនុវត្តយុទ្ធនាការជិះកង់មើលផ្លូវ ដើម្បីពិនិត្យឱ្យឃើញច្បាស់នូវស្នាមប្រេះ ឬស្រការនាគ ដើម្បីចាត់វិធានការជាបន្ទាន់ ឱ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមលើកកម្ពស់កត្តាសុវត្ថិភាព នៅតាមដងផ្លូវ។
* នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានដាក់ឱ្យដំណើរការ កម្មវិធីថែទាំងផ្លូវ ( ROAD CARE) ដើម្បីឱ្យអ្នកប្រើប្រាស់ផ្លូវបានរាយការណ៍ពីផ្លូវខូច ផ្លូវសំបុកមាន់ ដើម្បីឱ្យក្រសួងចុះដោះស្រាយ និងជួសជុល។
* នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតកំពង់ផែកុងតឺន័រ LM១៧ ជំហានទី២ របស់កំពង់ផែស្វយ័តភ្នំពេញ។
* ជួសជុល ថែទាំផ្លូវថ្នល់-ស្ពាន ដែលរងការខូចខាត ដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀង។

លោកបានបន្តទៀតថា គម្រោងដែលក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែធ្វើបន្តទៀតរួមមាន៖

* ដាក់ឱ្យដំណើរការសេវារថភ្លើងពីភ្នំពេញ ទៅព្រលានយន្តហោះដោយប្រើរថភ្លើងថ្មី មកពីប្រទេសមិចស៊ីកូ (គ្រោងនឹងដាក់ឱ្យដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ)។
* កសាងតំណភ្ជាប់ផ្លូវដែក ជាមួយតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (កំពុងពិភាក្សា)។
* ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមផ្លូវដែក រវាងកម្ពុជា និងប្រទេសថៃ (កំពុងរង់ចាំភាគីថៃដើម្បីចុះហត្ថលេខា)។
* រៀបចំ និងអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរតាមរថភ្លើង ជាមួយនាយករដ្ឋមន្ត្រីថៃឆ្លងកាត់ព្រំដែន (កំពុងរង់ចាំភាគីថៃ)។
* បញ្ចប់កិច្ចព្រមព្រៀងសម្បទានផ្លូវដែក សម្រាប់ខ្សែរថភ្លើងភាគខាងជើង (កំពុងពិភាក្សាចរចាបញ្ចប់)។
* រៀបចំ និងអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមជាអធិបតី ក្នុងពិធីតភ្ជាប់ស្ពានស្ទឹងបត់ ជាមួយនាយករដ្ឋមន្រ្តីថៃ។
* រៀបចំ និងអញ្ជើញសម្តេចតេជោ ហ៊ុន សែន សម្ពោធបើកការដ្ឋាន ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ (កំពុងរៀបចំស្នើសុំ នៅចុងឆ្នាំនេះ)។
* កោះប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកដំបូង។
* បង្កើតកម្មវិធីផ្ដល់រង្វាន់លើកទឹកចិត្តប្រចាំខែ ដល់មន្រ្តីរាជការសកម្ម ដែលមានស្នាដៃល្អ។
* ចូលរួមជាមួយគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការត្រួតពិនិត្យរថយន្ត តាមដងផ្លូវដើម្បីធានាថា អ្នកបើកបរមានប័ណ្ណបើកបរត្រឹមត្រូវ (គ្រោងនឹងបើកយុទ្ធនាការក្នុងពេលឆាប់ឆាប់នេះ)។
* បញ្ចប់សេចក្តីព្រាងអនុក្រឹត្យ ស្ដីពីផ្លាកលេខពិសេស (កំពុងពិភាក្សា និងបញ្ចប់សេចក្តីព្រាង)។
* បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល សុវត្ថិភាពចរាចរណ៍ផ្លូវគោក (កំពុងរៀបចំ)
* បើកការដ្ឋានពីសាងសង់ផ្លូវ​ពីបាត់ដំបង ទៅកោះកុង។ 
* បើកការដ្ឋានផ្លូវជាតិលេខ២ ភ្នំពេញ ទៅតាកែវ។
* ពង្រីកផ្លូវជាតិលេខ៤៨ ពី១០ម៉ែត្រ ទៅ១១ម៉ែត្រ និងចាក់បេតុងកៅស៊ូ។
* ផ្លូវលេខ៣ កំពត វាលរិញ (កំពុងស្តារ) ផ្លូវលេខ៧ (កំពុងស្តារ)៕