(ភ្នំពេញ)៖ លោក ច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុន Mekong Brokerage ត្រូវបានជាប់ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) អាណត្តិថ្មី ជំនួសលោកបណ្ឌិត គីម ហ៊ាង អតីតប្រធាន CVEA។ ការបោះឆ្នោតជ្រើសប្រធានថ្មីអាណត្តិទី៦នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

ពិធីបោះឆ្នោតជ្រើសរើសប្រធានថ្មីនេះ រៀបចំឡើងក្រោមអធិបតីភាព លោក នង ពិសិដ្ឋ ប្រធានយកដ្ឋានគ្រប់គ្រងអាជីវកម្ម អចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្យទាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ព្រមទាំងអ្នកចូលរួមជាច្រើនរូបទៀត។

បេក្ខភាពជនចំនួន៣រូប ដែលត្រូវបានឈរឈ្មោះ ឲ្យសមាជិកបោះឆ្នោតជាប្រធានថ្មីរួមមាន៖ ១-លោក ច្រឹក សុនីម នាយកប្រតិបត្តិក្រុមហ៊ុន Mekong Brokerage ដែលទទួលបានសន្លឹកឆ្នោតច្រើនជាងគេ គឺចំនួន៣៤សំឡេង ទី២-លោក វ៉ន ចាន់ថន នាយកប្រតិបត្តិក្រុមហ៊ុន Towncity Real Estate ទទួលបានសន្លឹកឆ្នោតចំនួន២៥សន្លឹក និងលោក សុត វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន Huttons CPL ទទួលបានសន្លឹកឆ្នោតចំនួន៧សន្លឹក។

សូមជម្រាបថា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានដំណើរការចំនួន៥ អាណត្តិមកហើយ ដោយមួយអាណត្តិមានរយៈពេល២ឆ្នាំ។

ប្រធានស្ថាបនិកសមាគមអាណត្តិទី១ និងទី២ គឺ លោក ស៉ឹង ប៉ុណ្ណា, ប្រធានសមាគមអាណត្តិទី៣ លោកឧកញ៉ា ចេង ខេង និងប្រធានសមាគមដើមអាណត្តិទី៤ លោកឧកញ៉ា សុខ ប៊ុន ប៉ុន្តែលោកត្រូវបានជាប់ទោស ដោយសារប្រើអំពើហិង្សា ហើយតួនាទីជាប្រធាន សមាគមបានធ្លាក់មកលើលោក គីម ហ៊ាង និងអណត្តិទី៥ គឺលោក គីម ហ៊ាង ដដែល៕