(ចិន)៖ ភាពយន្តចិនដែលផលិតដោយក្រុមហ៊ុនតូចៗ ជាលក្ខណៈឯករាជ្យ កំពុងឈរជើងកាន់តែមាំ នៅក្នុងទីផ្សារផលិតភាពយន្ដចិន ជាវិស័យមួយដែលពឹងផ្អែកសំខាន់ ទៅលើថវិកាច្រើនៗសម្រាប់ថតកុន។ ហើយនាប៉ុន្មានឆ្នាំចុងក្រោយនេះ រោងភាពយន្ដជាលក្ខណៈសាលសិល្បៈខ្នាតតូច ក៏កំពុងរីកដុះដាលកាន់តែច្រើនដែរ។

ភាពយន្ដដែលផលិតដោយក្រុមហ៊ុនតូចៗឯករាជ្យ ឬ ហៅថាភាពយន្ដឯករាជ្យ តែងជួបបញ្ហាខ្វះថវិកា ឬ ប្រជាប្រិយភាពនៅក្នុងប្រទេសចិន ជាច្រើនទសវត្សមកហើយ។ តាមពិតទៅ ភាពយន្ដឯករាជ្យចិនភាគច្រើន គឺមានគេយកទៅចាក់ផ្សាយ តែនៅតាមទិវាអន្តរជាតិប៉ុណ្ណោះ និងមិនមានចាក់ផ្សាយនៅក្នុងប្រទេសចិនទេ។ ប៉ុន្តែ ស្ថានភាពនេះ កំពុងផ្លាស់ប្ដូរហើយ។

ភាពយន្ដថ្មីដែលមានចំណងជើងថា «Long Day's Journey into Night» របស់ផលិតករភាពយន្ដឯករាជ្យចិន ពី កាន (Bi Gan) មិនមែនជាភាពយន្ដដែលសម្រាប់ចាក់ក្នុងរោងភាពយន្ដធំៗនោះទេ។ ប៉ុន្តែ រឿងនេះ មានគ្រប់ធាតុផ្សំទាំងអស់ ដែលភាពយន្ដខ្នាតធំមាន ពោលគឺថវិកាផលិត ការសហការថតជាលក្ខណៈអន្តរជាតិ តារាសម្ដែងលំដាប់កំពូល និងក្រាហ្វិក3D។

រលកថ្មីនៃផលិតករភាពយន្ដឯករាជ្យនៅប្រទេសចិន កំពុងស្វែងរកវិធីក្ដាប់ឱកាសដែលមាននៅក្នុងទីផ្សារភាពយន្ដចិនដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនាពេលសព្វថ្ងៃនេះ។ ផលិតករទាំងនោះ មានសិទ្ធដាក់ពាក្យកុនរបស់ពួកគេជូនទៅគណៈកម្មការត្រួតពិនិត្យ និង កែសម្រួលសាច់រឿង ដើម្បីអោយពួកគេអាចប្រមូលប្រាក់ពីអ្នកវិនិយោគបានសម្រាប់យកទៅថតកុន ក្នុងគោលដៅចុងក្រោយ គឺទាក់ទាញអ្នកទស្សនាអោយបានកាន់តែច្រើននាក់។

អ្នកនាង លីលីន វី ផលិតករភាពយន្ដ ប្រទេសសឹង្ហបុរី និយាយថា «ខ្ញុំមានអារម្មណ៍ថា ផលិតករភាពយន្ដចិនជំនាន់ក្រោយនេះ គឺបានទទួលកម្លាំងចិត្តពីផលិតករដែលបានផ្ដួចផ្ដើមគំនិតថ្មីៗអស់ទាំងនេះ ហើយពួកគេកាន់តែមានកម្លាំងចិត្ត ដើម្បីរៀបរាប់សាច់រឿងប្រកបដោយមនោសញ្ចេតនាតែម្ដង។ ខ្ញុំយល់ថាវាជារឿងត្រឹមត្រួវហើយដែលគេត្រូវថ្លឹងថ្លែងអោយស្មើគ្នា រវាងការផលិតរឿងមួយអោយលេចចេញជារូបរាងឡើង និង ការបង្ហាញអំពីសមត្ថភាពរបស់ពួកគេ តាមវិធីដ៏គួរអោយចាប់អារម្មណ៍មួយ។ ពួកគេពិតជាធ្វើបានល្អមែន»។

កុនខ្នាតតូចមួយចំនួន បានទទួលជោគជ័យយ៉ាងធំធេង ដោយសារតែមានអ្នកចូលទស្សនាកាន់តែច្រើន។

លោក ដេវីដ លី អនុប្រធាន សមាគមភាពយន្ដសឹង្ហបុរី និយាយថា «ប្រទេសចិន កំពុងបើកចំហរទីផ្សារ និងបើកទ្វាស្វាគមន៍សាច់រឿងដែលមានខ្លឹមសារថ្មីប្លែក។ ដោយហេតុថាទីផ្សារភាពយន្ដរបស់ចិនមានទំហំធំ អ្នកទស្សនាតែងតែចង់បានរបស់ថ្មី របស់ប្លែក និង ចំរុះ»។

ទិវាភាពយន្ដអន្តរជាតិ គឺជាឆាកដ៏សំខាន់សម្រាប់អោយផលិតករភាពយន្ដឯករាជ្យ អាចទទួលបានការទទួលស្គាល់ពីមហាជន។ អ្នកដឹកនាំរឿងសឹង្ហបុរី លោក អាន់តូនី ជិន បានទទួលជោគជ័យលើភាពយន្ដ «អាយឡូ អាយឡូ» របស់លោក ដែលបានឈ្នះពានរង្វាន់ជាច្រើន ពីទិវាភាពយន្ដអន្តរជាតិ កាលពីបីបួនឆ្នាំមុន។

លោក អាន់តូនី ជិន ផលិតករភាពយន្ដ សឹង្ហបុរី និយាយថា «ទិវាទាំងឡាយ ទាំងនៅក្នុងតំបន់ និង ទូទាំងពិភពលោក គឺមានបំណងចង់ស្វែងរកផលិតករវ័យក្មេងដែលមានទេពកោសល្យ។ ផលិតករទាំងនោះ ចូលមកបង្ហាញកុនរបស់គេ។ ហើយបើមិនមានទិវាទាំងនេះទេ ប្រហែលជាគ្មានអ្នកណាបានឃើញទឹកដៃរបស់ពួកគេទេ»។

ដោយវិស័យភាពយន្ដរបស់ចិនកំពុងរឹងមាំកាន់តែឆាប់រហ័ស ចំនូលចិត្តរបស់អ្នកទស្សនា ក៏កំពុងប្ដូរដែរ។ ដោយមានអ្នកទស្សនាចង់មើលកុនដែលល្អមើលកាន់តែច្រើននាក់ ផលិតករភាពយន្ដឯករាជ្យ អាចនឹងមានឱកាសទទួលជោគជ័យកាន់តែខ្ពស់ ទាំងផ្នែកកេរ្តិ៍ឈ្មោះនិងប្រាក់ចំនូល នៅប្រទេសចិន៕ (សារព័ត៌មាន CCTV របស់ចិន)