(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំបុណ្យសមុទ្រលើកទី៧ ខេត្តកោះកុង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញដឹកនាំសិក្ខាសាលាអបអរពិធីបុណ្យសមុទ្រលើកទី៧ ប្រធានបទ «ឆ្នេរសមុទ្រស្អាតពលរដ្ឋរមណីយ - Beautiful Bay, Happy Citizen»។

សិក្ខាសាលានេះធ្វើឡើងក្រោមពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព - Ecotourism for Green Growth and Sustainable Tourism» អមជាមួយពិធីប្រគល់បណ្ណសរសើរ លិខិតសរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍គំរូតំបន់ឆ្នេរសមុទ្រកម្ពុជាប្រចាំឆ្នាំ២០១៨ និងជ័យលាភីឆ្នេរស្អាត (Beach Eco-Label)។

សិក្ខាសាលានេះ មានការចូលរួមពី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក Bruno BODARD អគ្គនាយកនៃក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ប្រធានក្រុមការងារគ.អ.ឆ.ក.ខេត្តតំបន់ឆ្នេរទាំង០៤ មន្ត្រីជំនាញមន្ទីរអង្គភាពខេត្តកោះកុង និងប្រតិបត្តិករម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តកោះកុង ប្រមាណជា៤០០នាក់។

ឆ្លៀតក្នុងឱកាសនោះ ក្រសួងទេសចរណ៍ ក៏បានប្រគល់ជូនបណ្ណសរសើរ លិខិតសរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍នៅតាមបណ្ដាខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ (ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត) ចំនួន ៨៩អាជីវកម្មដែលរួមមាន៖

* ខេត្តកោះកុង មានចំនួន ២៥អាជីវកម្ម ក្នុងនោះ ១៣អាជីវកម្មទទួលបានបណ្ណសរសើរ
* ខេត្តកំពត មានចំនួន ១៩អាជីវកម្ម ក្នុងនោះ ០៣អាជីវកម្មទទួលបានបណ្ណសរសើរ
* ខេត្តកែប មានចំនួន ១៧អាជីវកម្ម ក្នុងនោះ ១២អាជីវកម្មទទួលបានបណ្ណសរសើរ
* ខេត្តព្រះសីហនុ មានចំនួន ២៨អាជីវកម្ម ទទួលបានបណ្ណសរសើរ។

សូមបញ្ជាកផងដែរថា ការវាយតម្លៃអាជីវកម្មគំរូសម្រាប់ការផ្ដល់បណ្ណសរសើរ លិខិតសរសើរ ផ្អែកលើគោលការណ៍ ៦ចំណុច រួមមាន៖ ១៖ គុណភាពសេវាកម្ម សម្ភារៈ បដិសណ្ឋារកិច្ច​ និងទិដ្ឋភាពទូទៅ ២៖ អនាម័យ ៣៖ ប្រព័ន្ធសន្តិសុខ សុវត្ថិភាព និងបង្ការអគ្គីភ័យ ៤៖ ផលប្រយោជន៍សង្គម ៥៖ អត្តសញ្ញាណជាតិ
៦៖ ការងារទាក់ទងទេសចរណ៍បៃតង និងបរិស្ថាន។ ជាមួយគ្នានេះ គោលបំណងនៃការផ្ដល់ប័ណ្ណសរសើរ លិខិតសរសើរ ធ្វើឡើងដើម្បីលើកទឹកចិត្តអាជីវកម្មអោយចូលរួមការអភិវឌ្ឍទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ ជាអាទិ៍ ចូលរួមដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក៕