(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជាមកដល់កម្ពុជាវិញហើយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីបានចំណាយពេល៥ថ្ងៃចូលរួមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន ( Veconac) លើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

ដំណើរនិវត្តន៍របស់លោកទេសរដ្ឋមន្ត្រី និងគណៈប្រតិភូ បាននាំមកនូវជាមួយលទ្ធផលគាប់ប្រសើរមួយចំនួន ដែលជាប្រយោជន៍សម្រាប់អតីតយុទ្ធជនកម្ពុជា ជាពិសេសទទួលបាននូវកិត្តិយសដែលនឹងត្រូវធ្វើជាប្រធានរៀបចំមហាសន្និបាតសហព័ន្ធអតីតយុត្ធជនអាស៊ាននៅឆ្នាំ២០១៩ខាងមុខនេះ។

មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៨ ដែលធ្វើឡើងនៅប្រទេសឡាវ ត្រូវបានប្រកាសបិតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ បន្ទាប់ពីដំណើរការអស់រយៈពេល ២ថ្ងៃកន្លះ នៅរដ្ឋធានីវៀងច័ន្ទ។

ឧត្តមសេនីយ ស៊ុមផន កែវមីសៃ ប្រធានសហព័ន្ធអតីតយុទ្ធជនឡាវ ដែលជាប្រធានរៀបចំមហាស្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន ក្នុងអាណត្តិឆ្នាំ២០១៨ បានវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងរបស់មហាសន្និបាត និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រធានសមាគមអតីតយុទ្ធជនបណ្តាប្រទេសទាំង១០ ដែលបានអញ្ជើញចូលរួម និងបំពេញការងារយ៉ាងសកម្ម ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាភាតរៈ ក្នុងគោលដៅរួមគ្នា ដើម្បីបន្តនិរន្តរភាពសហព័ន្ធលើកកំពស់ផលប្រយោជន៍របស់អតីតយុទ្ធជន និងសមាហរណកម្មសហព័ន្ធ ទៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។

ក្នុងឱកាសនោះឧត្តមសេនីយ៍ ស៊ុមឆាយ កែវមីសៃ ក៏បានប្រកាសប្រគល់ភាពជាប្រធានប្តូរវេនដឹកនាំសហព័ន្ធអតីតយុទ្ធជនអាស៊ាន ជូនសមាគមអតីតយុទ្ធជនកម្ពុជា អនុលោមតាមធម្មនុញ្ញរបស់សហព័ន្ធ ដើម្បីកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី១៩ នៅឆ្នាំ២០១៩។

នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហព័ន្ធអតីតយុទ្ធជនឡាវ ដែលបានយោគយល់ និងសម្របសម្រួលជួយរៀបចំមហាសន្និបាតលើកទី១៨ ជំនួសកម្ពុជា ដែលជាប់មមាញឹកក្នុងការបោះឆ្នោតជាតិនាឆ្នាំ២០១៨នេះ។ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានសម្តែងនូវមោទនភាពក្នុងការត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះ បន្តពីសហព័ន្ធអតីតយុទ្ធជនឡាវ នាឆ្នាំ២០១៩។

នាយឧត្តមសេនីយ៍ គន់ គីម បានចាត់ទុកការទទួលបានឱកាសធ្វើជាប្រធានរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន គឺជាកិត្តិយស និងជោគជ័យមួយទៀតរបស់សមាគមអតីតយុទ្ធជនកម្ពុជា។ លោកបានថ្លែងបញ្ជាក់ទៀតថា នឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីធ្វើឲ្យមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនលើកទី១៩ ដែលធ្វើឡើងនៅកម្ពុជាឲ្យទទួលបានជោគជ័យ និងនាំមកនូវផលប្រយោជន៍សម្រាប់អតីតយុទ្ធជនកម្ពុជា ក៏ដូចជាអតីតយុទ្ធជនរបស់ប្រទេសសមាជិកអាស៊ានដទៃទៀតផងដែរ។

សូមបញ្ជាក់ថា សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្នមានសមាជិកចំនួន១០ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម។

សហព័ន្ធនេះបង្កើតឡើង ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះពាល់នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅ ដល់បណ្ដាប្រជាជន ដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព។

សហព័ន្ធនេះក៏មានបេសកកម្មផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅជាសកលនូវ ទស្សនៈស្មារតី ការលើកសរសើរ និងអត្ថប្រយោជន៍នៃបណ្ដាប្រទេសក្នុងតំបន់ និងជំរុញការពារភាពស្របច្បាប់ នៃអត្ថប្រយោជន៍អតីតយុទ្ធជនដោយសារសង្គ្រាម និងជនរគ្រោះដោយសារសង្គ្រាម ជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់ នៃសមាគមអតីតយុទ្ធជនបណ្ដាប្រទេសជាសមាជិកសហព័ន្ធ។

លើសពីនេះ ក៏ជំរុញការផ្លាស់ប្ដូរអតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមក្នុងតំបន់ ដោយរៀបចំជាកម្មវិធីអភិវឌ្ឍន៍ សិក្ខាសាលា ការចែកចាយព័ត៌មានវិទ្យា និងសកម្មភាពដ៏ទៃទៀតដែលជាគុណប្រយោជន៍សម្រាប់សមាជិក ហើយសហព័ន្ធនឹងពង្រឹងវិសាលភាពនៃការលើកទឹកចិត្ត និងការចូលរួមពីថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិកនីមួយៗ ដើម្បីការពារសិទ្ធិរស់រានមានជីវិត សាមគ្គីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន៕​