(សៀមរាប)៖ ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ​បានសហការជាមួយដៃគូ រៀបចំសិក្ខាសាលា ស្ដីពី ការផ្សព្វផ្សាយលទ្ធផល នៃកម្មវិធីអន្តរជាតិរង្វាយតម្លៃ ការសិក្សារបស់សិស្ស សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (PISA-D/ Programme for International Student Assessment for Development) ក្រោមអធិបតីភាពលោក ហង់ ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសណ្ឋាគារខេមរាអង្គរ ក្រុងសៀមរាប។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត Ki-Sun Sung នាយកវិទ្យាស្ថាន KICE, លោកបណ្ឌិត Michael Ward តំណាងអង្គការ OECD, និងប្រតិភូអន្តរជាតិ និងជាតិ ដែលជាតំណាងអញ្ជើញមកពីអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) វិទ្យាស្ថានកូរ៉េ សម្រាប់កម្មវិធីសិក្សា និងរង្វាយតម្លៃ (KICE) អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបផងដែរ។

សិក្ខាសាលានេះ បានពិភាក្សាផ្ដោតសំខាន់លើលទ្ធផលនៃកម្មវិធី PISA-D ដែលបានមកពីការវាយតម្លៃ ក្នុងក្របខណ្ឌអន្តរជាតិ លើសមត្ថភាពអំណាន គណិវិទ្យា និងវិទ្យាសាស្ត្រ របស់សិស្សកម្ពុជា អាយុ១៥ឆ្នាំ ហើយលទ្ធផលនេះ នឹងយកទៅប្រើប្រាស់ជាមូលដ្ឋាន ដើម្បីកែលម្អគោលនយោបាយអប់រំ យុទ្ធសាស្ត្រអប់រំ កម្មវិធីសិក្សា ព្រមទាំងគុណភាពបង្រៀន និងរៀន។ ប្រទេសកម្ពុជាបានចូលរួម PISA-D ក្នុងឆ្នាំ២០១៦ និងបានផ្សព្វផ្សាយលទ្ធផលជាផ្លូវការ នាថ្ងៃនេះ។

PISA-D បានផ្ដល់បទពិសោធន៍ និងភស្ដុតាងសំខាន់ៗមួយចំនួនដល់ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការស្វែងយល់ពីសមត្ថភាពសិក្សអាយុ ១៥ឆ្នាំ នៅកម្ពុជា ធៀបនឹងបរិបទអប់រំសកល និងបញ្ហាប្រឈមមួយចំនួន ក្នុងប្រព័ន្ធអប់រំកម្ពុជា។ តាមរយៈកម្មវិធី PISA-D នាយកដ្ឋានធានាគុណភាពអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលជាអង្គភាពអនុវត្តផ្ទាល់ ក៏បានពង្រឹងសមត្ថភាព និងបច្ចេកទេសគ្រប់គ្រងតេស្ដ រង្វាយតម្លៃលទ្ធផលទ្រង់ទ្រាយធំ (Large-scale student assessment) និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកម្មវិធីអន្តរជាតិ ស្ដីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស PISA ជាផ្លូវការក្នុងឆ្នាំ២០២១។

ចំពោះអត្ថប្រយោជន៍ នៃការចូលរួមក្នុងកម្មវិធី PISA-D ឆ្នាំ២០២១ អាចផ្ដល់ផលប្រយោជន៍ ដល់ប្រទេសកម្ពុជា ដូចតទៅ៖

១៖​ ធ្វើឲ្យប្រទេសកម្ពុជា មានប្រព័ន្ធរង្វាយតម្លែការសិក្សារបស់សិស្ស កម្រិតអន្តរជាតិ និងមានវត្តមានក្នុងក្របខណ្ឌអប់រំសកល។

២៖ ជួយបង្ហាញគន្លឹះសំខាន់ៗ ក្នុងការអភិវឌ្ឍធនធានមនុស្ស ឲ្យស្របតាមចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ និងយុទ្ធសាស្ត្រចតុកោណជំហានទី៤ របស់រាជរដ្ឋាភិបាល។

៣៖ ពង្រឹងប្រព័ន្ធរង្វាយតម្លៃសិក្សារបស់សិស្សថ្នាក់ជាតិ តាមរយៈការដកស្រង់បច្ចេកទេស និងបទពិសោធន៍ពី PISA ឆ្នាំ២០២១ ។

៤៖ បំពេញភាពខ្វះខាតនៃកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន និងការសិក្សារបស់សិស្ស នៅកម្ពុជា ជាពិសេសការសិក្សារបស់សិស្ស កម្រិតមធ្យមសិក្សា។

៥៖ យល់ដឹងពីបទពិសោធន៍ផ្សេងៗ ក្នុងការគ្រប់គ្រងសាលារៀន ឲ្យបានជោគជ័យ ដើម្បីឲ្យសិស្សទទួលបានលទ្ធផលសិក្សាល្អ និងឆ្លើយតបនឹងការវិវត្ត នៃតម្រូវការពុទ្ធិ និងសេដ្ឋកិច្ចទីផ្សារ ក្នុងតំបន់ និងសកលលោក៕