(កំពត)៖ ដីជើងភ្នំតាមជួរដងភ្នំដង្កូវជាង៧គីឡូម៉ែត្រ ស្ថិតក្នុងភូមិដំណាក់អំពិល និងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ត្រូវឈូសឆាយបំផ្លិចបំផ្លាញ យកអាចម៌ដីលក់ និងរំលោភយកដីធ្វើជារបស់ខ្លួន ដោយខុសច្បាប់ បើគិតទៅជាង៣០ហិកតា។ ជនល្មើសត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចវែកមុខ និងតាមចាប់ខ្លួនកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

លោកអនុសេនីយ៍ឯក ភោព វឿន មេប៉ុស្តិ៍នគរបាលឃុំល្អាង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះថា ជនល្មើសខាងលើ ជាមេក្លោង ក្នុងចំណោមមនុស្សផ្សេងទៀតរួមមាន៖ ឈ្មោះ សះ វណ្ណា ភេទប្រុស អាយុ៤៥ឆ្នាំ មានតួរនាទីជាអនុប្រធានទី១ សមាគមអ្នកអភិរក្សធនធានធម្មជាតិ បរិស្ថាន និងការពារសិទ្ធិពលរដ្ឋនៅកម្ពុជា មានទីលំនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលឈើកំពត បានឲ្យដឹងថា កាលពីម្សិលមិញ ស្ថាប័នជំនាញមេព្រៃ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរដឹកនាំដោយលោក ជឹង ផល្លា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តកំពត ជាវ តាយ បានចុះប្រតិបត្តិការតាមប្រមាញ់ វែកមុខសញ្ញា រកជនល្មើសខាងលើ ដែលជាមេក្លោងប្រព្រឹត្តសកម្មភាពល្មើស ដោយយកគ្រឿងចក្រ កាយភ្នំ យកអាចម៌ដីលក់ និងយកដីភ្នំ ធ្វើជារបស់ខ្លួនផង និងលក់ឲ្យអ្នកដ៏ទៃផ្សេងទៀតផង។ ប៉ុន្តែខណៈក្រុមការងារចុះដល់គោលដៅ តាមដងភ្នំដង្កូវខាងលើនេះ ដើម្បីស្វែងរកជនល្មើស នាំមកសាកសួរតាមនីតិវិធីនោះ ស្រាប់តែជនល្មើស បានរត់គេចខ្លួនបាត់ គឺនៅតែវត្ថុតាងជាគ្រឿងចក្រ អាអ៊េចកាយដី ចំនួន១គ្រឿង នៅកន្លែងកើតហេតុ ហើយត្រូវដកហូតគ្រឿងចក្រនោះ នាំមករក្សាទុក្ខបណ្តោះអាសន្នសិន នៅប៉ុស្តិ៍នគរបាលមូលដ្ឋានឃុំល្អាង។

លោក ជួន សារ៉ា បានបន្តថា ជនល្មើសឈ្មោះ សះ វណ្ណា មានការពាក់ព័ន្ធប្រព្រឹត្តបទល្មើសតាមរូបភាព ជាទ្រង់ទ្រាយធំ បើគិតទៅ ទន្ទ្រានបំផ្លាញធនធានធម្មជាតិ ឈានទៅរំលោភយកដីរដ្ឋ ដោយខុសច្បាប់ គឺមានទោសធ្ងន់ធ្ងរណាស់ ដែលមិនអាចលើកលែងឲ្យបាន។ ការប្រព្រឹត្តល្មើសនេះមានជាយូរឆ្នាំបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ននេះ ដោយមិនខ្លាចរអែងបន្តិចសោះ។ ជនល្មើសរូបនេះ ធ្លាប់បានស្ថាប័នជំនាញរបស់ខ្លួន កសាងសំណុំរឿងកោះហៅ ឲ្យខ្លួននាំមកសាកសួរនៅស្ថាប័នអាយ្យកាអមសាលាដំបូងខេត្តកំពត ចំនួន២លើករួចមកហើយផងដែរ។

លោកអភិបាលរងខេត្ត ជឹង ផល្លា ក៏បានឲ្យដឹងដែរថា ដោយឃើញជាក់ស្តែងដំណាក់កាលចុងក្រោយនេះ មានការបំផ្លិចបំផ្លាញធនធានធម្មជាតិ ដូចជា៖ ព្រៃ ស្ទឹង សមុទ្រ ភ្នំជាច្រើន នៅបណ្តាតំបន់មួយចំនួន ក្នុងទូទាំងខេត្តកំពតមួយនេះ ដូច្នេះអភិបាលខេត្តបានដាក់បញ្ជា និងណែនាំនីតិវិធីដល់បណ្តាស្ថាប័នជំនាញ មន្ទីរវិស័យពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរូបលោកផ្ទាល់ ជាសេនាធិការក្នុងការដឹកនាំ បញ្ជាដើម្បីបង្ក្រាបឲ្យខាងតែបាន នូវរាល់បទល្មើសដូចរូបភាពខាងលើនេះ។

ជាបន្តបន្ទាប់ ការបង្ក្រាបជាលទ្ធផល ក្រុមការងារសហការបានអនុវត្តកន្លងមក ឈានទៅជោគជ័យមួយចំនួនរួចមកហើយ ដូចជា នៅក្នុងក្រុងកំពត ស្រុកទឹកឈូ ស្រុកអង្គរជ័យ និងតំបន់ដ៏ទៃទៀត។ ជាពិសេសជាក់ស្តែក នៅបទល្មើសខាងលើ ដែលមានឈ្មោះ សះ វណ្ណា នេះតែម្តង។ ទោះបី ជនល្មើសមានខ្នងបង្អែកធំប៉ុណ្ណាក្តី ក៏ស្វែងរក និងនាំខ្លួនមកអនុវត្តតាមច្បាប់ផងដែរ។ ម្យ៉ាងទៀត សម្រាប់ជាមេរៀន ឲ្យអ្នកដ៏ទៃផ្សេងទៀត ចៀសវាងយកគំរូតាម។ ក្នុងនាមរដ្ឋបាលខេត្ត លោកក៏សូមអំពាវនាវ រាល់ពលរដ្ឋទាំងអស់ សូមជៀសឲ្យឆ្ងាយរាល់គ្រប់រូបភាពបទល្មើស ហើយសូមងាកមកអនុវត្តតាមច្បាប់ទាំងអស់គ្នា ទោះបីធ្វើអាជីវកម្មអ្វីក៏ដោយ ត្រូវសុំអាជ្ញាប័ណ្ណ ពាក់ព័ន្ធនឹងថ្នាក់ខេត្ត និងក្រសួងទៅតាមសេចក្តីណែនាំ សារាចរ ឬច្បាប់បានកំណត់៕