(ភ្នំពេញ)៖ តបតាមសំណើរបស់លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាយកថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) បានបញ្ជាក់ថា ADB នឹងបន្តជួយរាជរដ្ឋាភិបាលកម្ពុជារយៈពេល៥ឆ្នាំទៀត (២០១៩-២០២៤) ដោយផ្តោតលើអភិវឌ្ឍន៍ធនធានមនុស្សលើផ្នែកឌីជីថល ដើម្បីឱ្យពួកគេមានសមត្ថភាព និងជំនាញគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនចូលទៅក្នុងបច្ចេកវិទ្យាឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០។

ការអះអាងខាងលើនេះត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា រវាងលោករដ្ឋមន្ត្រី អ៉ិត សំហេង ជាមួយនាយកថ្មីរបស់ធនាគារ ADB គឺលោកស្រី Sunniya Durrani Jamal នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

លោកស្រី Sunniya Durrani Jamal មានការពេញចិត្តយ៉ាងខ្លាំងចំពោះភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសការខិតខំក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងការអនុវត្តគោលនយោបាយអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងការពង្រឹងយន្តការនានា ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) ដែលស្របទៅនឹងចក្ខុវិស័យនៃផែនការយុទ្ធសាស្រ្ត ឆ្នាំ២០៣០ របស់ ADB ដោយផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបទៅនិងការវិវត្តរីកចម្រើននៃឧស្សាហកម្ម។
លោករដ្ឋមន្រ្តី អ៉ិត សំហេង បានស្នើឱ្យ ADB ជួយអភិវឌ្ឍន៍ធនធានមនុស្សលើផ្នែកឌីជីថល និងការត្រៀមខ្លួនក្នុងការដើរឱ្យទាន់នូវបដិវត្តឧស្សាហកម្ម ៤.០ នៅកម្ពុជា។ ជាការឆ្លើយតប ADB នឹងបន្តផ្តល់គម្រោងថ្មីមួយក្នុងរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៩-២០២៤ ដោយផ្តោតលើយុវជនដែលបានបញ្ចប់ការសិក្សា ចាប់ពីថ្នាក់មធ្យមសិក្សាទុតិយភូមិឡើងទៅ ដើម្បីឱ្យពួកគេមានសមត្ថភាព និងជំនាញគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនចូលទៅក្នុងបច្ចេកវិទ្យាឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០។

យោងតាមការបញ្ជាក់ពីលោក ឡៅ ហ៉ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានឱ្យដឹងថា បន្ទាប់ពីសិក្សាយ៉ាងល្អិតល្អន់លើតម្រូវការទីផ្សារកម្លាំងពលកម្ម ដែលមានជំនាញច្បាស់លាស់នៅកម្ពុជាបច្ចុប្បន្ន និងទៅអនាគតនោះ ធនាគារ ADB គ្រោងនឹងផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសសំខាន់ៗចំនួន ៤មុខ ដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការចាំបាច់នៃបដិវត្តឧស្សាហកម្ម សាកលភាវូនីយកម្ម ដែលកំពុងតែវាយលុកយ៉ាងគំហក់មកលើបណ្តាប្រទេសដែលកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ ជាពិសេសប្រទេសកម្ពុជាតែម្តង។

លោក ឡៅ ហ៉ីម បានបញ្ជាក់ថា សម្រាប់គម្រោងប្រកួតប្រជែងជំនាញថ្មីនេះ ផ្តោតទៅលើវិស័យអគ្គិសនី អេឡិចត្រូនិក សំណង់ និងកម្មន្តសាល ហើយសាលាដែលត្រូវអនុវត្ត គឺតម្រូវទៅលើសាលាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងសាលាមួយចំនួនទៀតដែលនៅក្រោមចំណុះរបស់ក្រសួងការងារ ដែលមានសក្ដានុពល ហើយកិច្ចការនេះស្ថិតក្រោមការត្រួតពិនិត្យមើលរវាងក្រសួងការងារ និង ADB ផ្ទាល់។

ទាក់ទិននឹងហេដ្ឋារចនាសម្ព័ន្ធសម្រាប់អនុវត្តគម្រោងនេះ លោកអគ្គនាយកបានអះអាងថា នៅមានបញ្ហាខ្វះខាតនៅឡើយដូចជាអគារ គ្រឿងម៉ាស៊ីន និងសម្ភារៈមួយចំនួនទៀត ពិសេសសមត្ថភាពគ្រូបង្រៀន ដែលទាមទាឱ្យមានការបណ្តុះបណ្តាលបន្ថែម ដោយសារមានការវិវត្តយ៉ាងលឿនលើវិស័យបច្ចេកវិទ្យា នាពេលបច្ចុប្បន្ននេះ៕