(ចិន)៖ ក្រុមហ៊ុនអាកាសចរចិន China Southern Airlines និងក្រុមហ៊ុនអាកាសចរអាមេរិក American Airlines បានពង្រីកភាពជាដៃគូជាមួយគ្នា ដោយការពង្រីកនេះ ដើម្បីធ្វើឲ្យអ្នកដំណើរទៅមករវាងចិន និងអាមេរិក អាចហោះហើរបាន កាន់តែងាយស្រួល។

បន្ទាប់ពីបានប្រកាសអំពីការសម្រេចរបស់ខ្លួនថា នឹងដកខ្លួនចេញពីសម្ព័ន្ធអាកាសចរ SkyTeam ដែលស្ថិតក្នុងចំណោម សម្ព័ន្ធអាកាសចរធំបំផុតទាំង៣រួចមក ក្រុមហ៊ុនអាកាសចរ China Southern Airlines បានចុះកិច្ចព្រមព្រៀងជាច្រើន ជាមួយក្រុមហ៊ុនអាកាសចរ American Airlines ដើម្បីពង្រីកលេខកូដហោះហើររួមគ្នា របស់ក្រុមហ៊ុនទាំង២ អមជាមួយនឹងសហប្រតិបត្តិការអាជីវកម្មសំខាន់ៗផ្សេងទៀតផងដែរ។

យោងតាមកិច្ចព្រមព្រៀងនេះ សហប្រតិបត្តិការលេខកូដហោះហើរ នឹងដាក់អោយប្រើប្រាស់នៅតាមជើងហោះហើរ របស់ក្រុមហ៊ុនទាំង២ទាំងទៅ និងមករវាងអាមេរិកនិងចិន។ លេខកូដហោះហើរ ដែលពង្រីកបន្ថែមនេះនឹងចាប់ផ្ដើម ដំណើរការនាដើមឆ្នាំ២០១៩។

លោក វូ គ័រស៊ែង ប្រធានគ្រប់គ្រងទូទៅ ផ្នែកសហប្រតិបត្តិការអន្តរជាតិក្រុមហ៊ុន China Southern Airlines ឲ្យដឹងថា «ក្រោយពេលដែលសហប្រតិបត្តិការ លេខកូដហោះហើររួមចាប់ផ្ដើមដំណើរការ យើងអាចជិះយន្ដហោះរបស់ក្រុមហ៊ុន American Airlines ទៅកាន់២១ទីក្រុងនៅអាមេរិក ហើយក្រុមហ៊ុន China Southern Airlines និង American Airlines នឹងផ្ដល់ជើងហោះហើរចំនួន៦៤ជើងជារៀងរាល់ថ្ងៃ សម្រាប់ទៅមករវាងចិននិងអាមេរិក»។

លោកបន្ដថា ក្រុមហ៊ុនទាំង២នឹងឧស្សាហ៍ផ្ដល់អត្ថប្រយោជន៍ និងកន្លែងសម្រាកដល់អតិថិជនផងដែរនាឆ្នាំក្រោយនេះ។ អ្នកដំណើររបស់ក្រុមហ៊ុន នឹងអាចឆែកវ៉ាលីរបស់ពួកគេបានគ្រប់ពេលវេលា រហូតទាល់តែដល់គោលដៅចុងក្រោយ ហើយពួកគេមិនចាំបាច់ check in ម្ដងទៀតនោះនៅពេលដែល ឡើងយន្តហោះទៅកាន់គោលដៅបន្ទាប់ទៀត។

លោក ចូវ ចៀនជន សាស្ត្រាចារ្យ វិទ្យាសា្ថនគ្រប់គ្រងអាកាសចរស៊ីវិលចិនឲ្យដឹងថា «សម្រាប់ប្រជាជនសាមញ្ញសហប្រតិបត្ដិការ រវាងក្រុមហ៊ុនអាកាសចរក្នុងស្រុក និងក្រុមហ៊ុនអាកាសចរបរទេស នឹងជួយសម្រួលដល់ការឆ្លងដែនដោយផ្ដល់ជម្រើស ដល់ពួកគេកាន់តែច្រើនជាងមុន»។

សូមបញ្ជាក់ថា ក្រុមហ៊ុន China Southern Airlines មានស្នាក់ការធំនៅក្រុង គ័ងចូវ និងជាក្រុមហ៊ុនអាកាសចរធំជាងគេ ក្នុងប្រទេសចិនដោយមាន យន្ដហោះដល់ទៅជាង៨០០គ្រឿង ប្រសិនបើប្រៀបនឹងអាស៊ីក្រុមហ៊ុននេះ ជាប់ចំណាត់ថ្នាក់លេខ១ ហើយបើធៀបនឹងពិភពលោកក្រុមហ៊ុននេះ ជាប់ចំណាត់ថ្នាក់លេខ៣ ហើយក្នុង១ថ្ងៃៗក្រុមហ៊ុនមានជើងហោះហើរ ជាង៣ពាន់ជើងទៅកាន់២២៤គោលដៅទូទាំងពិភពលោក។

ដោយឡែកសម្រាប់ក្រុមហ៊ុន American Airlines មានស្នាក់ការធំនៅក្រុង Fort Worth រដ្ឋ Texas គឺជាអ្នកចូលរួមបង្កើតសម្ព័ន្ធ Oneworld ដែលមានក្រុមហ៊ុនសមាជិកជាច្រើន ដែលផ្ដល់សេវាហោះហើរ ទៅជាង១ពាន់គោលដៅទូទាំងពិភពលោក តាមរយៈជើងហោះហើរប្រហែល១ម៉ឺន៤ពាន់២៥០ជើងក្នុង១ថ្ងៃ។

ចិនជាអ្នកជំរុញសំខាន់សម្រាប់ទីផ្សារ អាកាសចរស៊ីវិលក្នុងពិភពលោកគេព្យាករណ៍ថា ចិននឹងក្លាយជាទីផ្សារអាកាសចរធំជាងគេក្នុងពិភពលោក នៅពាក់កណ្ដាលឆ្នាំ២០២០ខាងមុខ។ នេះបើយោងតាមការព្យាករណ៍ទីផ្សារចុងក្រោយបង្អស់ របស់សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ៕ (សារព័ត៌មាន CCTV របស់ចិន)