(ចិន)៖ ប្រទេសចិនបានក្លាយជាគោលដៅទេសចរ ដ៏ពេញនិយមបំផុតក្នុងពិភពលោក ហើយនៅឆ្នាំ២០៣០រំពឹងថា ប្រទេសចិននឹងដណ្ដើមតំណែង ជាគោលដៅទេសចរលេខ១ ក្នុងពិភពលោកពីប្រទេសបារាំង។ នេះបើយោងតាមរបាយការណ៍ ចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Euromonitor International។

អ្នកទេសចរនៅក្នុងប្រទេសចិន បានកើនឡើងយ៉ាងខ្លាំងនាអំឡុង៤០ឆ្នាំកន្លងទៅ ដោយសារចិនបានចូលរួមក្នុងកិច្ចការ និងពាណិជ្ជកម្មរបស់ពិភពលោកកាន់តែច្រើន។ បុគ្គលិកក្រុមហ៊ុនទេសចរ Ctrip ធំបំផុតនៅប្រទេសចិនឲ្យដឹងថា ក្នុងចំណោមអ្នកទេសចរចំនួន១៣៩លាននាក់ ដែលបានដើរកំសាន្តនៅប្រទេសចិន នាឆ្នាំ២០១៧ មានជាង២៩លាននាក់ជាអ្នកទេសចរបរទេស។

អ្នកនាង អេមីលី មុជ អ្នកទេសចរមកពីកាណាដាឲ្យដឹងថា ប្រវត្តិសាស្ត្ររបស់ទីនេះ គួរឲ្យចាប់អារម្មណ៍ណាស់។ ប្រទេសចិនជាប្រទេសចំណាស់ ដូច្នេះបានជាគេនាំគ្នាទៅមើលតំបន់ដែលគេនិយមទៅច្រើនណាស់។

អ្នកនាង អេមីលី មុជ ប​ន្ដថា «សូមកុំភ្លេចស្រាវជ្រាវព័ត៌មានឲ្យបានច្រើន មុនពេលមកទីនេះពីព្រោះប្រទេសចិនធំណាស់ ហើយមុនពេលមកដល់ទីនេះអ្នកត្រូវ កំណត់ឲ្យច្បាស់ជាមុនសិន ថាចង់ទៅលេងនៅកន្លែងណាខ្លះ»

អ្នកនាង អាល់ម៉ា ទេចរមកពីប្រទេសមិចស៊ីកូឲ្យដឹងថា ភាគច្រើនគេមកមើលមហាកំផែងដ៏ល្បីល្បាញរបស់ចិន និងស្ថិតក្នុងចំណោមតំបន់អច្ឆរិយៈទាំង២លើលោក។

អ្នកនាង អាល់ម៉ា ថា «មហាកំផែងក្នុងប្រទេសចិនពិតជាអស្ចារ្យមែន វាមានលក្ខណៈធំ និងមានលក្ខណៈជាអាស៊ី នេះជារបស់សំខាន់ណាស់សម្រាប់វប្បធម៌របស់ចិន»

លោក ប្រាវៀរ សិទ្ធី អ្នកទេសចរមកពីឥណ្ឌាឲ្យដឹងថា «ប៉េកាំង តុងឆឹង និង ហ៊ូថុង សុទ្ធតែជាកន្លែងដែលស្អាត និងទាក់ភ្នែកបំផុត សម្រាប់ខ្ញុំវាគួរឲ្យទាក់ទាញ ជាងកន្លែងដែលគេបង្កើតថ្មីៗទៅទៀត»

ក្រុមហ៊ុន Ctrip ឲ្យដឹងថា ហ្គេមប៉េកាំងឆ្នាំ២០២២នេះ នឹងជំរុញបន្ថែមទៀតដល់កំណើនទេសចររបស់ចិន ដោយហេតុថា អ្នកទេសចរបរទេសដែលមកកំសាន្តនៅចិន មានចំនួនកាន់តែច្រើនអ្នកទេសចរ ដែលបានមកលេងរួចចែករំលែកយោបល់ខ្លះៗ ដល់អ្នកដែលចង់មកទីនេះ៕ (សារព័ត៌មាន CCTV របស់ចិន)