(កណ្ដាល)៖ ស្រ្តីវ័យក្មេងម្នាក់ ឈ្មោះ ស្រី សុគ័ន អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានសំណាងបានឈ្នះរង្វាន់១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់ដល់លំនៅឋាន ស្ត្រីរូបនេះ បានប្រាប់ឲ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅនេះ បន្ទាប់ត្រឡប់មកពីធ្វើការ នៅរោងចក្រ សេវេន អែន ជី កញ្ញាបានចូលលុយគ្នា ជាមួយក្មួយប្រុស ឈ្មោះ ចំរើន ចំរុង អាយុ១៣ឆ្នាំ ម្នាក់១,០០០រៀល ទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំ មកទទួលទានលុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅក្នុងគម្របដបតែម្ដង។

ភ្លាមនោះ កញ្ញាពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ហើយក៏បានយកទៅបង្ហាញ ដល់អ្នកលក់ដែលកំពុងស្ថិតនៅជិតគ្នាស្រាប់ ព្រមគ្នាជាមួយនឹងការជូនដំណឹង ដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមាននៅនឹងគម្របដបតែម្ដង។ កញ្ញាបានបញ្ជាក់ថា បច្ចុប្បន្នជីវភាពគ្រួសារ របស់កញ្ញាគឺមានភាពលំបាកជាខ្លាំង ព្រោះគ្មានមុខរបរអ្វី ក្រៅពីបម្រើការងារជាកម្មការិនីរោងចក្រតែប៉ុណ្ណោះ។

កញ្ញា ស្រី សុគ័ន បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់នេះ កញ្ញានឹងយកទៅដោះស្រាយជីវភាពខ្លះ ហើយយកមួយចំណែក ទៅបង្កើតមុខរបរសម្រាប់ទ្រទ្រង់គ្រួសារ ឲ្យល្អប្រសើរទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ដែលតែងគាំទ្រផលិតផលតែបៃតង អ៊ីឈីតាន់ ក្រុមហ៊ុនបានបង្កើនរង្វាន់ធំ នូវទឹកប្រាក់១០០លានរៀល រហូតដល់៥០រង្វាន់, រង្វាន់ម៉ូតូ HONDA SCOOPY I ចំនួន៥០គ្រឿង, រង្វាន់ i-phone ចំនួន៥០គ្រឿង, រួមជាមួយរង្វាន់ តែបៃតង អ៊ីឈីតាន់ ហ្វ្រី (Free) ចំនួន៥,០០០,០០០រង្វាន់៕