(ភ្នំពេញ)៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ Angkor Ultra Trail លើកទី៤ ឆ្នាំ២០១៩ ដែលត្រូវរត់ឆ្លង កាត់ ឧបសគ្គចម្ងាយ ១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និង ៣២គីឡូម៉ែត្រ ត្រូវបានប្រកាសថ្ងៃរត់ជាផ្លូវការហើយ ដោយរៀបចំរយៈពេល ២ថ្ងៃដូចលើកមុនដែរ នៅថ្ងៃទី១៩-២០ ខែមករាខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា គិតមកទល់ពេលនេះ អ្នកចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ ចម្ងាយឆ្ងាយនេះ មានចំនួនជាង ១,០០០នាក់ហើយ មកពី ៤២ប្រទេសលើពិភពលោក ក្នុងនោះភាគច្រើនគឺបរទេស មកពីតំបន់អឺរ៉ុប។ ប៉ុន្ដែបើធៀបនឹងឆ្នាំមុន ចំនួនអ្នកចូលរួមពេលនេះ គឺមានកំណើនខ្លាំង ដោយសារកាលពីឆ្នាំ២០១៧ មានអ្នកចូលរួមតែជាង ៧០០នាក់ប៉ុណ្ណោះ តែទម្រាំដល់ថ្ងៃឈប់ទទួលពាក្យ លោករំពឹងថា អ្នកចូលរួមអាចនឹងកើនឡើងកាន់តែច្រើនថែមទៀត។

 រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបន្ដថា ព្រឹត្តិការណ៍កីឡា និងទេសចរណ៍ចម្លែកដែលរត់ចម្ងាយឆ្ងាយនេះ សម្រាប់វិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ កីឡាករ-កីឡាការិនីទាំងអស់ ត្រូវចេញដំណើរពីមុខទីលានប្រជល់ដំរី ហើយរត់កាត់ព្រៃ ប្រាង្គប្រាសាទបុរាណ វាលស្រែ និងភូមិស្រុករបស់ប្រជាពលរដ្ឋ ចាប់ពីព្រលប់ថ្ងៃទី១៩ រហូតដល់រសៀលថ្ងៃទី២០ ខែមករា ពោលគឺអ្នករត់ម្នាក់ៗ ត្រូវចំណាយពេលរត់យ៉ាងតិច ២៤ម៉ោង។ តែអំឡុងពេលរត់ ពួកគេក៏អាចឈប់សម្រាកហូបអាហារសម្រន់តាមគោលដៅគណៈកម្មការរៀបចំ មុនបន្តដំណើរផងដែរ។

លោកថា «ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកជាផលិតទេសចរដ៏សំខាន់មួយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្ដរជាតិ។ គោលបំណងក្នុងការរៀបចំ ទី១-គឺយើងចង់ផ្សព្វផ្សាយ និងទាក់ទាញអ្នកទេសចរ មកកាន់តំបន់អង្គរ និងប្រទេសកម្ពុជាកាន់តែច្រើន…។ ទី២-យើងចង់ផ្សាភ្ជាប់ការសង្គម ដោយថវិកាសេសសល់ពីការចំណាយ យើងនឹងបង្វែរចូលមូលនិធិសប្បុរសធម៌ និងទី២-យើងចង់ជំរុញសេដ្ឋកិច្ចជាតិ ពិសេសប្រជាពលរដ្ឋ ប្រកបអាជីវកម្មតូច-ធំ ក្រុងសៀមរាប ទទួលបានចំណូលសមរម្យ តាមរយៈភ្ញៀវទេសចរ ដែលមកចូលរួមក្នុងព្រឹត្តិការណ៍នេះទៀតផង»

ដោយឡែកលោក Edouard George អគ្គនាយកក្រុមហ៊ុន Phoenix Voyages ដែលទទួលបន្ទុកការងារបច្ចេកទេសក្នុងការរៀបចំព្រឹត្តិការណ៍នេះបានបញ្ជាក់ថា ទិវារត់ប្រណាំង Angkor Ultra Trail របស់កម្ពុជាបច្ចុប្បន្ន បាននឹងកំពុងឈរលំដាប់ Top-20 ក្នុងចំណោមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយជាង ២៥០ប្រទេសលើពិភពលោក។ លោកសង្ឃឹមថា នៅថ្ងៃអនាគត ព្រឹត្តិការណ៍រត់លក្ខណៈផ្សងព្រេងនេះ នឹងទទួលបានជោគជ័យកាន់តែខ្លាំង ដោយសារទីតាំងរៀបចំដ៏ល្អឯករបស់កម្ពុជា គឺតំបន់អង្គរ ដែលផ្ដល់អំណោយផលក្នុងការទាក់ទាញភ្ញៀវទេសចរលើពិភពលោកមកចូលរួមកាន់តែច្រើន។

 អ្វីដែលពិសេសឆ្នាំនេះ គណៈកម្មការបច្ចេកទេស បានត្រៀមបំពាក់បន្ថែមនូវឧបករណ៍បច្ចេកទេស ក្នុងការកំណត់ពេលវេលា និងតាមដានការរត់របស់កីឡាករ-កីឡាការិនីម្នាក់ៗ ដើម្បីផ្ដល់នូវតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវដល់អ្នករត់ ស្របពេលកីឡាកររត់ចម្ងាយឆ្ងាយដ៏ល្បីលើពិភពលោកម្នាក់ ក៏បានចុះឈ្មោះរួចរាល់ ដើម្បីចូលរួមផងដែរ។ យ៉ាងណាមិញ ការចុះឈ្មោះ នៅមិនទាន់បិទបញ្ជីនោះទេ ដោយគណៈកម្មការនឹងបន្ដទទួលពាក្យរហូតដល់ថ្ងៃទី១៧ ខែមករា ដូច្នេះគណៈកម្មការបានអំពាវនាវដល់ភ្ញៀវជាតិ និងអន្ដរជាតិ ដែលមានបំណងចូលរួម កុំភ្លេចចុះឈ្មោះឲ្យបានរួសរាន់។

គួរបញ្ជាក់ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail នេះ ត្រូវបានផ្ដួចផ្ដើមរៀបចំដោយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយក្រុមហ៊ុនឯកជន និងអាជ្ញាធរពាក់ព័ន្ធ នៃខេត្តសៀមរាប ដោយបង្កើនឡើងដំបូង ក្នុងឆ្នាំ២០១៦ ដោយមានអ្នកចូលរួមត្រឹមតែជាង ១៥០នាក់ប៉ុណ្ណោះ បើធៀបជាមួយឥឡូវ គឺខុសគ្នាស្រឡះ ដោយសារបច្ចុប្បន្នមានអ្នកចុះឈ្មោះជាង ១,០០០នាក់រួចទៅហើយ។ នេះគឺជាជោគជ័យថ្មីមួយទៀត សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជានេះ៕