(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានបើកប្រតិបត្តិការដូចភ្លៀងរលឹម ធ្វើការស្រាវជាវ រហូតឈានដល់ការចាប់ខ្លួនក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន១ក្រុម ចំនួន៤នាក់ រួមទាំងដករហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក៨កញ្ចប់ ម៉ូតូ១គ្រឿង និងទូរស័ព្ទ៥គ្រឿងផងដែរ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ចំណុចដីវាលភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក សៅ សារិទ្ធ នាយរងប៉ុស្តិ៍ចោមចៅ២ បានឲ្យដឹងថា ជនសង្ស័យរួមមាន៖១.ឈ្មោះ ឆន ដារ៉ូ អាយុ២០ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២, ២.ឈ្មោះ រ៉េត សុវណ្ណារ៉ា អាយុ២០ឆ្នាំ មិនពិតប្រាកដមានទីលំនៅជាមួយគ្នា, ៣.ឈ្មោះ គង់ សុរិយា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រល្វា សង្កាត់ចោមចៅ៣ និងទី៤. ឈ្មោះ អែម ភារម្យ អាយុ២១ឆ្នាំ ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ មានស្រុកកំណើតភូមិបាម ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។

កម្លាំងបានដកហូតម៉ូតូដកហូតម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1FC-6052 និងទូរស័ព្ទចំនួន៥គ្រឿង។

បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍ បានកំពុងសួរនាំ និងកសាងសុំណុំរឿងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕