(ស្វាយរៀង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង​នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញចំនួន ០៧តូប នៅផ្សារវាលយន្ត ក្រុងស្វាយរៀង។

បើតាមមន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា មន្ត្រីជំនាញបានដកហូតយកគំរូធ្វើ Test Kits បឋម ចំនួន ០៧គំរូ ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីបានដកហូតបបែលក្រៀមចំនួន ៩គីឡូក្រាម និងលតអង្ករចំនួន ៣គីឡូក្រាម ដែលមានផ្ទុកសារជាតិ Borax និងទំនិញខូចគុណភាពស្ពៃកំប៉ុងចំនួន ១២កំប៉ុង នំបាញ់ត្រាងក្រៀម គ្មានផ្លាកសញ្ញាចំនួន ៣០គីឡូក្រាម ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។

ទំនិញខូចគុណភាពទាំងនោះ ត្រូវបានមន្ត្រីធ្វើការដុតកម្ទេចចោលភ្លាមៗ ផងដែរ។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឱ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានញឹកញាប់បន្ថែមទៀត៕​