(រតនគរី)៖ ក្នុងគោលបំណងធានានូវសុខុមាលភាព ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី បានសហការ ជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បន្តចុះផ្សព្វផ្សាយអំពីគុណភាពសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យទៅលើម្ហូបអាហារ នៅផ្សារបរកែវ និងផ្សារអូយ៉ាដាវ ក្នុងស្រុកបរកែវ។

មន្រ្តីកាំកុងត្រូលសាខាខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញនេះ បានរកឃើញទំនិញខូចគុណភាព ចំនួន៤មុខ រួមមាន ទឹកក្រូច ម៉ាកសារាំងហេ​ ចំណុះ៤០០ml ចំនួន១៩​២ដប, ភេសជ្ជៈ Number1 ១៨ដប, នំសាំងវិច ចំនួន៣០កញ្ចប់, ស្រាបៀរ ចំនួន៤៨កំប៉ុង ។ ក្រុមការងារបានធ្វើកំណត់ហេតុ និងដកហូតទុកដុតកម្ទេចចោលភ្លាមៗ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ នៅផ្សារបរកែវ និងផ្សារអូយ៉ាដាវ ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានណែនាំដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ ស្របទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ចៀសការឆ្លងបាត់តេរីផ្សេងៗ និងបានសំណូមពរដល់អាជីវករនៅក្នុងផ្សារ និងតាមផ្ទះ ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះកាលបរិច្ឆេទទំនិញ និងហាមដាក់តាំងលក់ទំនិញណា ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ៕