(ភ្នំពេញ)៖ បន្ទាប់ពីបោះលក់សញ្ញាបណ្ណសារជីវកម្ម (មូលបត្របំណុល) ដោយជោគជ័យ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានចែករំលែកបទពិសោធន៍ និងផ្តល់យោបល់ដល់បណ្ដាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេងៗទៀត គួរតែហក់ចូលទីផ្សារមូលបត្រ ដើម្បីពង្រីកដើមទុន ក្នុងការធ្វើអាជីវកម្ម។

ថ្លែងក្នុងកិច្ចសម្ភាស «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News លោកឧកញ៉ា ហួត អៀងតុង បានលើកឡើងថា «គំនិតរបស់ខ្ញុំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដទៃទៀតគួរតែ បោះផ្សាយមូលបត្របំណុល ព្រោះ ការបោះផ្សាយនេះ បានផ្ដល់នូវដើមទុនផ្សេងៗ សម្រាប់ពួកគេ ងាយស្រួលក្នុងការប្រកបអាជីវកម្ម ឬពង្រីកមុខជំនួញ»

លោកឧកញ៉ាបន្ដថា ក្នុងករណីដែលពួកគេមិនត្រូវការដើមទុនក្នុងការពង្រីកមុខរបរអាជីវកម្មទេនោះ មិនចាំបាច់បោះក៏បាន ប៉ុន្ដែសម្រាប់ការត្រូវការដើមទុន ឬថវិកាគួរតែបោះផ្សាយមូលបត្របំណុលនេះ ព្រោះបានផ្ដល់អត្ថប្រយោជន៍ និងដើមទុនសម្រាប់អ្នកវិនិយោគ។

សូមជម្រាបថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (ហត្ថាកសិករ) បានចាប់ផ្តើមការជួញដូរសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួន ដែលមានឈ្មោះថា «សញ្ញាបណ្ណសាជីវកម្ម ដំបូងបំផុតនៅកម្ពុជា លេខ១» នៅផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។

ហត្ថាកសិករ បានបង្កើតនូវប្រវត្តិសាស្រ្ត ដោយបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម ដំបូងបំផុតនៅកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ ទំហំសរុប នៃការបោះផ្សាយ គឺ១២០ពាន់លានរៀល (ប្រហែល ៣០ លានដុល្លារអាមេរិក) ដោយមានការចូលរួម ធ្វើបរិវិសកម្មពីសំណាក់វិនិយោគិនស្ថាប័នក្នុងស្រុក និងក្រៅស្រុក៕