(ស្វាយរៀង)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ និងតក់ស្លុតបំផុត រវាងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ បើកបុកម៉ូតូដែលបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៨៖៤០នាទីយប់ នៅលើផ្លូវ316A ត្រងចំណុចភូមិបុស្ស ឃុំមេសរថ្ងក ស្រុកចន្រ្ទា។

នគរបាលស្រុកចន្ទ្រា បានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ វិន ភក្តី អាយុ២៣ឆ្នាំ មានទីលំនៅស្ថិតនៅភូមិដីក្រហម ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ខូចខាតទាំងស្រុងផ្នែកខាងមុខ។ ចំណែកអ្នកបើករថយន្ត មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ បន្សល់រថយន្តស្លាកលេខខេមរភូមិន្ទ០២ ២.២០៨២ នៅនិងកន្លែង។

សាក្សីបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកស៊ីបបើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិច លើផ្លូវ 316A ខណៈនោះស្រាប់តែមានបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ បើកបញ្ច្រាសគ្នា ពីលិចមកកើតក៏បុកគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចនគរបាលធ្វើកំណត់ហេតុ និងប្រគល់ទៅឲ្យក្រុមគ្រូសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ រីឯមធ្យោបាយរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែង និងអូសយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមផ្លូវច្បាប់៕